រាជធានីភ្នំពេញ ៖ និស្សិតម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដែលតាមសាក្សីនិយាយថា សង្ឃឹមរស់តិចណាស់ ឥឡូវកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ អំពើមនុស្សឃាតនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី៦ មិថុនា ២០១១ នៅមុខផ្ទះលេខ១៦Eo ផ្លូវលេខ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ក្រោយពីនិស្សិតនោះជិះរថយន្តជាមួយស្រីស្នេហ៍ឈប់តាមផ្លូវនិយាយគ្នាជាមួយខ្មាន់កាំភ្លើងម្នាក់ទៀត ហើយបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្នុងករណីបែងចែកស្រីស្នេហ៍ឱ្យដាច់ស្រេច គឺដណ្តើមស្រីគ្នា ។
សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះក្នុងអំពើបាញ់ប្រហារដូចបាញ់ចាបនេះត្រូវគេស្គាល់ឈ្មោះឃួន ម៉ាឌីណា ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតសិក្សានៅអាមេរិក ស្នាក់នៅបុរីចោមចៅ ខណ្ឌដង្កោ ចំណែកស្រីស្នេហ៍ដែលមិនរងរបួសឈ្មោះដារី ។ ប្រភពព័ត៌មានក្រៅផ្លូវការបានឱ្យដឹងថា និស្សិតរងគ្រោះ និងស្រីស្នេហ៍បានបើករថយន្តម៉ាកកាមរី ស៊េរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-8891 ចេញពីខារ៉ាអូខេមួយនៅម្តុំសាលាដូនពេញ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ គោលបំណងទៅក្រុមហ៊ុន ខណៈពេលបើករថយន្តដល់មុខផ្ទះលេខ១៦Eo ផ្លូវលេខ២៧៦ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ជនរងគ្រោះក៏ឈប់រថយន្ត ពេលនោះមានបុរសម្នាក់ទៀតត្រូវគេអះអាងថា ជាមិត្តភក្តិគ្នា ដើរមកក្បែររថយន្ត ហើយឈ្លោះប្រកែកគ្នារឿងដណ្តើមស្រីស្នេហ៍ឈ្មោះដារី រហូតដល់ជននោះដកកាំភ្លើងខ្លីបាញ់សំដៅក្បាលនិស្សិតរងគ្រោះជាច្រើនគ្រាប់ បណ្តាលឱ្យដួលស្រិបក្នុងរថយន្តតែម្តង។
ក្រោយពីបាញ់និស្សិត មកពីអាមេរិកហើយនោះ ខ្មាន់កាំភ្លើងបានឡើងជិះម៉ូតូម៉ាកហ្វ៊ីណូ បើកគេចខ្លួនដោយសុវត្ថិភាព ហើយជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យរាជធានី តែដោយសាររបួសធ្ងន់ពេក ក៏បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់។ មកដល់ព្រឹកថ្ងៃដដែល និស្សិតរងគ្រោះត្រូវបានសាក្សីនិយាយថា សង្ឃឹមរស់តិចណាស់ បន្ទាប់ពីគ្រូពេទ្យព្យាយាមជួយសង្គ្រោះយ៉ាងអស់ពីសមត្ថភាព ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារជនរងគ្រោះខាងលើនោះ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញា និងកំពុងតាមប្រមាញ់យ៉ាងប្រកិតមិនអាចគេចផុតពីសំណាញ់សមត្ថកិច្ចបានទេ ៕
ចែករំលែកព័តមាននេះ