ខេត្តសៀមរាប ៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពីករណីរំលោភលើសេចក្តីទុកចិត្ដនៅក្នុងអំឡុងខែឧសភាឆ្នាំ២០១៥ ដោយបានយកលុយរបស់ក្រុមហ៊ុនស្កាយកូរ៉េ (SKY KOREA) ចំនួន១២៦២៥ដុល្លារឱ្យមកទូទាត់វិញ នៅក្នុងការងារក្រុមហ៊ុន បែរជាមិនមកទូទាត់ឱ្យ ត្រូវបានសមត្ថកិច្ចខេត្តធ្វើការឃាត់ខ្លួននារីម្នាក់ជាបុគ្គលិករបស់ក្រុមហ៊ុន ។
ហេតុការណ៍ឃាត់ខ្លួននារីខាងលើ ធ្វើឡើងកាលពីថ្ងៃទី៣១ ធ្នូ ២០១៥ ស្ថិតនៅក្នុងផ្ទះភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ។
សមត្ថកិច្ចឱ្យដឹងថា នារីសង្ស័យឈ្មោះលឹម លីសុថារី អាយុ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនស្កាយកូរ៉េ ( SKY KOREA) មានទីលំនៅបច្ចុប្បន្នក្នុងភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ។ សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការនេះ គឺយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះគឹម ហាក់ស៊ូ (KIM HAKSOO) ប្រធានក្រុមហ៊ុនស្កាយ កូរ៉េ ( SKY KOREA ) ។
ករណីអំពើរំលោភលើសេចក្តីទុកចិត្ត គឺក្នុងកំឡុងខែឧសភា ឆ្នាំ២០១៥ យកលុយរបស់ក្រុមហ៊ុនអស់ចំនួន១២.៦២៥ដុល្លារ (មួយម៉ឺនពីរពាន់ប្រាំមួយរយម្ភៃប្រាំដុល្លារ) ដែលក្រុមហ៊ុនទុកយកទៅទូទាត់ឱ្យខាងសណ្ឋាគារ (ជាដៃគូរកស៊ីរបស់ក្រុមហ៊ុន) នៅក្នុងក្រុងសៀមរាប តែពេលនាងបានលុយហើយ ត្រូវនារីនោះ បែរជាយកលុយរបស់ក្រុមហ៊ុនទៅបង្វិលសងបំណុល ដែលនាងបានជំពាក់ផ្ទាល់ខ្លួនទៅវិញ។
បច្ចុប្បន្ន នារីសង្ស័យត្រូវកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដើម្បីបញ្ជូនបន្តទៅតុលាការ ។
ចែករំលែកព័តមាននេះ