ខេត្តបន្ទាយមានជ័យ ៖ សាកសពស្ត្រីម្នាក់ត្រូវគេប្រទះឃើញស្លាប់ស្អុយ និងក្រៀមទៅវិញនៅក្នុងព្រៃដីទំនេរមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២៣ ធ្នូ ២០១៥ ។
ប្រភពបានឱ្យដឹងថា សពរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ប៉ុន្តែក្រុមគ្រូពេទ្យនិយាយថា ជាមនុស្សស្រីវ័យចាប់ពី៣៥ឆ្នាំចុះ ។
បើតាមនគរបាលជំនាញនៃអធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា សពស្ត្រីខាងលើត្រូវបានក្មេងប្រុសម្នាក់ប្រទះឃើញកាលពីម៉ោងជាង១រសៀលថ្ងៃទី២៣ ធ្នូ ខណៈទៅបត់ជើងធំ ហើយក៏រាយការណ៍ជូនសមត្ថកិច្ច ។ សពត្រូវបានយកមកតម្កល់ក្នុងបរិវេណវត្តបាលិលេយ្យ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ។ ហើយនគរបាលជំនាញ និងក្រុមគ្រូពេទ្យបានធ្វើការត្រួតពិនិត្យ ធ្វើកោសល្យវិច័យរួមគ្នានៅព្រឹកថ្ងៃទី២៤ ធ្នូ នេះ ។
តាមក្រុមគ្រូពេទ្យនិយាយថា សពជនរងគ្រោះជាមនុស្សស្រី មានអាយុចាប់ពី៣៥ឆ្នាំចុះ សក់ពណ៌ទង់ដែងប្រវែង១៥សង់ទីម៉ែត្រ អាចស្លាប់ប្រហែល០៥ខែមកហើយ ដោយជនរងគ្រោះគ្មានសំលៀកបំពាក់ទេ ។ នគរបាលបញ្ជាក់ថា ក្រោយត្រួតពិនិត្យ និងធ្វើកោសល្យវិច័យយរួច សពនេះនឹងកប់ទុកជាបណ្តោះអាសន្ននៅវត្តខាងលើ ដើម្បីរង់ចាំសាច់ញាតិ ។
ចែករំលែកព័តមាននេះ