ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​ប្តី​ប្រពន្ធ​ប្រមូល​លុយ​ពី​អ្នក​ភូមិ​រាប់​ម៉ឺន​ដុល្លារ​ថា​បានការ​ប្រាក់​ខ្ពស់ ឥឡូវ​គេចខ្លួន​បាត់

9 ឆ្នាំ មុន

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ភូមិ​អង្គ​សុ​ភី ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ចោទប្រកាន់​…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ភូមិ​អង្គ​សុ​ភី ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ចោទប្រកាន់​ឈ្មោះ ដាំ រ៉ា​ដេ​ត ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ តុ​ប ផល ហៅ​ ស្រី​មុំ ថា​បាន​ប្រមូល​លុយ​ពី​ពួក​គាត់​សន្យា​ថា​បានការ​ប្រាក់ខ្ពស់ តែ​បែរជា​រត់គេច​ខ្លួន​បាត់ ។

បុរស​ម្នាក់​ឈ្មោះ សួន វី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​សង្កែ​ដួច ឃុំ​ស្តេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស បាន​ឲ្យ​ដឹង​ថា រូប​គាត់​បាន​យក​ប្រាក់​ចំនួន​៤​ពាន់​ដុល្លារ ទៅ​ឲ្យ​ឈ្មោះ ដាំ រ៉ា​ដេ​ត និង​ប្រពន្ធ​ឈ្មោះ តុ​ប ផល ប៉ុន្តែ​ទទួល​បានការ​ប្រាក់​តែ​១​ខែ​គត់​គឺ​៤០០​ដុល្លារ រហូត​មក​ដល់​ពេល​នេះ ដើម​ក៏​មិន​បាន ការ​ក៏​មិន​បាន ព្រោះ​ប្តី​ប្រពន្ធ​នេះ​បាន​នាំ​គ្នា​រត់​គេចខ្លួន​បាត់​ទៅ​ហើយ ។

ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ភូមិ​អង្គ​សុ​ភី​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​ទៅ​ចងការ​ប្រាក់​ពី​អង្គការ​មួយ​នៅ​ស្រុក​កំពង់ត្រាច​បាន​ប្រាក់​៦​ពាន់​ដុល្លារ​យក​ទៅ​ឲ្យ​ឈ្មោះ ដាំ រ៉ា​ដេ​ត ក្រែង​បានការ​ប្រាក់​ខ្លះ​គ្រាន់​ដោះស្រាយ​ជីវភាព តែ​ឥឡូវ​ប្រាក់​ការ​ក៏​មិន​បាន ដើម​ក៏​មិន​បាន​ទៀត ។ ពលរដ្ឋ​រូប​នោះ​បាន​និយាយ​ទៀត​ថា គាត់​ចង់​ជួប​មុខជា​មួយ​ឈ្មោះ ដាំ រ៉ា​ដេ​ត និង​ប្រពន្ធ​ឈ្មោះ តុ​ប ផល នេះ​ណាស់ ដែល​ប្តី​ប្រពន្ធ​២​នាក់​នេះ​បន្ទាប់​ពី​ប្រមូល​លុយ​ពី​អ្នក​ភូមិ​បាន ជាក់ស្តែង​គឺ​ទិញ​ឡាន ទិញ​ដី ទិញ​តូប​លក់ដូរ ធ្វើ​ផ្ទះ គឺ​មិន​បាន​យក​លុយ​ប្រមូល​បាន​ពី​អ្នក​ភូមិ​ទៅ​ដាក់​​នៅ​ឯ​ណា​តាម​ដែល​ខ្លួន​អួតអាង​នោះ​ទេ ។

លោក ជួប សេ​ឡី ប្រធាន​ភូមិ​អង្គ​សុ​ភី បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​ត្រាច ដោយ​ចោទប្រកាន់​ឈ្មោះ ដាំ រ៉ា​ដេ​ត និង​ប្រពន្ធ​ឈ្មោះ តុ​ប ផល ហៅ ស្រី​មុំ ថា​បាន​យក​លុយ​ពី​ពួក​គាត់ ដោយ​សន្យា​ថា​នឹង​បានការ​ប្រាក់ខ្ពស់ អ្នកខ្លះ​ក៏​បាន​១​ខែ អ្នកខ្លះ​២​ខែ អ្នកខ្លះ​ទៀត​ក៏​អត់​បាន ដូច្នេះ​អ្នក​ភូមិ​ទាំងអស់​ទាមទារ​យក​លុយ​មក​សង​គេ​វិញ ។

លោក​ប្រធាន​ភូមិ​អង្គ​សុ​ភីថា ២​នាក់​ប្តី​ប្រពន្ធ​នោះ​កុំ​បាច់ឆ្លើយ​ដោះសា​រថា ប្រមូល​លុយ​យក​ទៅ​ឲ្យ​អ្នក​ណា​អ្នក​ណី​ផ្សេង ក៏​អ្នក​ភូមិ​មិនដឹង​ដែរ ព្រោះ ឈ្មោះ ដាំ រ៉ា​ដេ​ត ជា​អ្នក​ទទួល​លុយ​ពី​អ្នក​ភូមិ ។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាងលើ​នេះ ឈ្មោះ ដាំ រ៉ា​ដេ​ត និង​ប្រពន្ធ​ឈ្មោះ តុ​ប ផល បាន​ប្រាប់​អ្នក​យក​ព័ត៌មាន «​កោះសន្តិភាព​» តាម​ទូរស័ព្ទ​ថា ការ​ប្រមូល​លុយ​នេះ​មិនមែន​បោកប្រាស់​ទេ អ្នកខ្លះ​បាន​ទាំង​ការ​ទាំង​ដើម​អស់ហើយ ហេតុ​អ្វី​ក៏​នាំ​គ្នា​ប្តឹង​គាត់​ទៀត ៕