ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​កណ្តាលរាត្រី​នៅ​រាជធានី​ភ្នំពេញ​អស់​11​ខ្នង

8 ឆ្នាំ មុន

មហន្តរាយ​ធំ​មួយ​កាលពី​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៥ វិច្ឆិកា ដោយ​អគ្គិភ័យ​បង្កើត​បាន​នូវ​អណ្តាតភ្លើង​ឆេះ​ឡើង​សន្ធោសន្ធៅ ក្រហមច្រាល លាយឡំ​នឹង​ផ្សែង​ឃ្មួ​ល​ខ្មាញ់​ងងឹត​ពេញ​ផ្ទៃមេឃ គ្រប​ស្បៃ​រាត្រី​ទាំង​កណ្តាលអធ្រាត្រ

រាជធានី​ភ្នំពេញ ៖ មហន្តរាយ​ធំ​មួយ​កាលពី​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៥ វិច្ឆិកា ដោយ​អគ្គិភ័យ​បង្កើត​បាន​នូវ​អណ្តាតភ្លើង​ឆេះ​ឡើង​សន្ធោសន្ធៅ ក្រហមច្រាល លាយឡំ​នឹង​ផ្សែង​ឃ្មួ​ល​ខ្មាញ់​ងងឹត​ពេញ​ផ្ទៃមេឃ គ្រប​ស្បៃ​រាត្រី​ទាំង​កណ្តាលអធ្រាត្រ ដោយ​បាន​ឆេះ​បំផ្លាញ​អស់​ផ្ទះ​១១​ខ្នង ដែល​សាងសង់​ថ្ម​ខាងក្រោម ឈើ​លើ និង​សង់​ជាប់​ៗ​គ្នា នៅ​ជាប់​សាលាសង្កាត់​បឹង​កេងកង​ទី​២ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស កែង​និង​ផ្លូវ​លេខ​២៨៨ ក្នុង​ខណ្ឌចំការមន ។

ស្ត្រី​ជា​ម្ចាស់ផ្ទះ​រង​គ្រោះ​ម្នាក់ ឈ្មោះ ឌឹ​ម ថា​វី អាយុ​៥៦​ឆ្នាំ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ភ្ញាក់​ពី​ដំណេក ដើម្បី​រក​ទឹក​លេបថ្នាំ ក៏​បានឮ​សំឡេង​គេ​ស្រែ​កថា «​ភ្លើង​ឆេះ​ផ្ទះ​ៗ !» ពេល​នោះ រូប​គាត់​ក៏​បាន​រត់​ចេញ​មក​ក្រៅ​ផ្ទះ ក៏​បានឃើញ​អណ្តាតភ្លើង​កំពុង​ឆេះ​ចេញពី​រោង​បាយ​ផ្ទះ​លេខ​៨ ដែល​មាន​ម្ចាស់​ឈ្មោះ ហ៊ុន ហេង អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ វុ​ធ ជា​អ្នកលក់​ទឹកក្រឡុក ។ ផ្ទះ​នេះ​ម្ចាស់​មិន​នៅទេ ចេញ​ទៅ​រកស៊ី​បាត់​ហើយ ដោយ​ចាក់សោ​ទុក​ចោល​នៅ​ជាប់​នឹង​ផ្ទះ​គាត់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយសារ​តែ​អណ្តាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​ខ្លាំង​នោះ រូប​គាត់​និង​ក្រុម​គ្រួសារ បាន​នាំ​គ្នា​រត់​ចេញ​មក​ក្រៅ​ផ្ទះ ស្រែក​ឆោឡោ​ឡើង ដើម្បី​ឱ្យ​គេឯង​ជួយ ។ បើ​ទោះជា​ពួក​គាត់ និង​អ្នក​ជិតខាង​ទាំងអស់​គ្នា ប្រឹង​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ទឹក​មក​បាញ់​ពន្លត់​យ៉ាងណា​ក្តី ក៏​ភ្លើង​នោះ​មិន​រលត់​ដែរ ដោយ​ឆាបឆេះ និង​រាលដាល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​យ៉ាង​រហ័ស​ជាទី​បំផុត ។ ទាំង​ផ្ទះ​គាត់ និង​ផ្ទះ​ជិតខាង​ដទៃ​ៗ​ទៀត ឆេះ​ខ្ទេច​គ្មាន​សល់ រួម​ទាំង​ទ្រព្យសម្បត្តិ​ផង​ដែរ ពុំ​មាន​អ្នក​ណា​យក​ចេញ​ទាន់​ឡើយ ។

ក្នុង​ករណី​អគ្គិភ័យ​នេះ​ដែរ អាជ្ញាធរ​សង្កាត់​ម្នាក់ បានឱ្យ​ដឹង​ថា ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល​ឡើង កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​នាក់ បាន​ចុះ​មក​អន្តរាគមន៍ ជួយ​បាញ់​ទឹក​ពន្លត់​ផង​ដែរ តែ​ការ​ជួយ​អន្តរាគមន៍​របស់​អាជ្ញាធរ​មូលដ្ឋាន មិន​អាច​ពន្លត់​បាន​ឡើយ ពេល​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី ក៏​បាន​មក​ដល់​ចំនួន​១៥​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​១​គ្រឿង​ទៀត មក​ជួយ​បាញ់​ពន្លត់ ។ ប្រមាណ​ជាង​មួយ​ម៉ោង ទើប​ភ្លើង​នោះ​រលត់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា អគ្គិភ័យ​នេះ​បាន​បំផ្លាញ​ផ្ទះ​អស់​១១​ខ្នង ។ នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ប្រាកដ​ថា​ឆេះ​ចេញពីផ្ទះ​ណាមួយ​ច្បាស់​ដែរ ព្រោះ​ផ្ទះ​រង​គ្រោះ​ទាំងនោះ ជា​ប្រភេទ​ផ្ទះ​ធ្វើ​ពី​ថ្ម​ខាងក្រោម និង​ខាងលើ​ធ្វើ​ពី​ឈើ ហើយ​បង្កប់​ទៅ​ដោយ​បន្ទប់​ជួល​រាប់រយ នៅ​ក្នុង​នោះ​ផង ។ ចំណែក​ទំហំ​ទ្រព្យសម្បត្តិ​ដែល​រង​ការ​ខូចខាត ក៏​មិន​ទាន់​ដឹង​ច្បាស់​ដែរ ដោយ​រង់ចាំ​ការ​ស្រាវជ្រាវ តាម​រយៈ​ការ​រាយការណ៍​ពី​ម្ចាស់ផ្ទះ និង​ម្ចាស់​បន្ទប់ ដែល​រង​គ្រោះ ។

សរុប​គឺ​ផ្ទះ​ចំនួន​១១​ខ្នង​ត្រូវ​បាន​បំផ្លាញ​ក្នុង​អគ្គិភ័យ​នេះ ។ រថយន្ត​អគ្គិភ័យ​ដែល​បាន​ចូល​អន្តរាគមន៍​មាន​ចំនួន​សរុប​១៦​គ្រឿង បាញ់​ទឹក​ពន្លត់​អស់​២០​រថយន្ត ។ គេ​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​បាន​នៅឡើយ​ទេ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចំការមន កំពុង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ស្រាវជ្រាវ​ឱ្យ​បាន​ជាក់លាក់​សិន ៕