ខេត្តរតនគិរី ៖ មជ្ឈមណ្ឌលគ្រូយើងដែលជាសាលាឯកជនមួយបានបើកបង្រៀនអស់រយៈពេល១៥ឆ្នាំមកហើយ ដោយទទួលបង្រៀនចំណេះដឹងទូទៅជាភាសាខ្មែរ និងភាសាបរទេសចាប់ពីថ្នាក់មត្តេយ្យឡើងទៅមិនដែលកើតមានឧប្បត្តិហេតុអ្វីទេ ទើបតែរយៈពេល២ថ្ងៃ គឺថ្ងៃទី១៨-១៩ វិច្ឆិកា ២០១៥នេះ សិស្សចំនួនជាង១១នាក់បានសន្លប់ក្នុងថ្នាក់ពេលកំពុងអង្គុយរៀន។
ហេតុការណ៍នេះបានបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ជាង ព្រឹកថ្ងៃទី១៩ វិច្ឆិកា ២០១៥ នៅបន្ទប់លេខ១៣ អគារជាន់ក្រោមក្នុងមជ្ឈមណ្ឌលគ្រូយើង ដែលមានទីតាំងជាប់មាត់ជ្រោះជ្រៅ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ។
ក្មេងដែលសន្លប់ទាំងនោះសាលាបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដើម្បីសង្គ្រោះបន្ទាន់។ អ្នកគ្រូ វន ផារី ទទួលបន្ទុកផ្នែករដ្ឋបាលបានឱ្យដឹងថា សាលាបើកបង្រៀនមកយូរហើយមិនដែលមានរឿងកើតហេតុដូចអ៊ីចឹងទេ ទើបរយៈ២ថ្ងៃនេះក្មេងសន្លប់ជាបន្តបន្ទាប់ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែសន្លប់មួយភ្លែតប៉ុណ្ណោះ ថ្ងៃទី១៨សន្លប់៣នាក់ និងថ្ងៃទី១៩ សន្លប់៨នាក់ ពេលយកមកដល់មន្ទីរពេទ្យព្យួរសេរ៉ូមរួចក៏ជាសះស្បើយធម្មតាវិញ នៅសល់តែ៣នាក់ដែលមានសភាពធ្ងន់ធ្ងរជាងគេ។
លោកហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរីបានបញ្ជាក់ថា ទាក់ទិនទៅនឹងករណីសិស្សសន្លប់នេះ គឺបណ្តាលមកពីអគារបរិយាកាសមិនល្អ ខ្វះអុកស៊ីសែនធ្វើឱ្យក្មេងថប់ខ្យល់ ពិបាកដកដង្ហើមមិនទាក់ទិនទៅនឹងជាតិពុលចំណីអាហារនោះទេ។
អនុប្រធានបរិស្ថាន លោក កង សៀងថេង បានបញ្ជាក់ថា កន្លងមកមន្ទីរមិនដែលបានត្រួតពិនិត្យចំពោះសាលានេះទេ ព្រោះសាលានេះសាងសង់ជាយូរមកហើយ ដោយកាលនោះមន្ទីរបរិស្ថានមិនទាន់មានភាពទូលំទូលាយដូចបច្ចុប្បន្ននេះទេ៕
ចែករំលែកព័តមាននេះ