ខេត្តត្បូងឃ្មុំ ៖ ជនពុំស្គាល់អត្តសញ្ញាណមានគ្នា២នាក់ធ្វើសកម្មភាពលួចបាញ់ថ្នាំពុលពីក្រោមផ្ទះឡើងទៅលើផ្ទះឈើ១ខ្នងដែលមានសិស្សជាខ្មែរអ៊ិស្លាមស្នាក់នៅរៀនសូត្រ បណ្តាលឱ្យពុលក្អួតចង្អោរដួចសន្លប់៦នាក់ ក្នុងចំណោមចំនួន២៤នាក់ កាលពីវេលាម៉ោង៩និង៣៦នាទីយប់ថ្ងៃទី១៤ វិច្ឆិកា ស្ថិតនៅភូមិ២ ឃុំទ្រា ស្រុកក្រូចឆ្មា ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលសិស្សទាំង២៤នាក់ស្នាក់នៅផ្ទះរបស់ឈ្មោះ លី អ៊ឹមរ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវបានជនពុំស្គាល់មុខយកថ្នាំពុលមកបាញ់ពីក្រោមផ្ទះឡើងទៅលើបណ្តាលឱ្យសិស្សដែលកំពុងសិក្សាសាសនាអ៊ិស្លាមពុលតែម្តង ។ ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ ត្រូវបានគេបញ្ជូនយុវសិស្សរងគ្រោះទាំងនោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗផងដែរ ។ យុវសិស្សដែលរងគ្រោះដួលសន្លប់ខាងលើ មានអាយុចាប់ពី១២ឆ្នាំដល់២២ឆ្នាំ រហូតមកដល់រសៀលថ្ងៃទី១៥ វិច្ឆិកា នេះ បានធូរស្រាលបន្តិចហើយ ។
ប្រភពដដែលបន្តថា ករណីបាញ់ថ្នាំពុលខាងលើនេះ សមត្ថកិច្ចបាននិងកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យកមកផ្តន្ទាទោសតាមច្បាប់ ៕




ចែករំលែកព័តមាននេះ