រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេសង្ស័យថាបែកថ្នាំ បានរត់តាមផ្លូវហើយស្រែកថា ជួយផង ! ជួយផង ! ហើយរត់ឡើងស្ពានអាកាសស្ទឹងមានជ័យលោតប៉ងសម្លាប់ខ្លួន តែសំណាងល្អគ្រាន់តែសន្លប់ និងបែកមុខបែកមាត់ប៉ុណ្ណោះ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២២ កញ្ញា ២០១៥ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពពីអ្នកដែលបានឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបុរសម្នាក់នេះរត់ផងស្រែកផងថា ជួយផង ! ជួយផង ៗៗៗ ! បន្ទាប់មករត់បម្រុងចូលរថយន្តកុងតឺន័រតែត្រូវរថយន្តកុងតឺន័រចាប់ហ្វ្រាំងទាន់ ហើយក៏រត់ឡើងលើស្ពានអាកាសស្ទឹងមានជ័យផ្នែកខាងជើងលោតទម្លាក់ខ្លួនចុះមកក្រោយសន្លប់ស្តូកស្តឹង និងបែកមុខបែកមាត់ ។
បន្ទាប់ពីរថយន្តសង្គ្រោះមកដល់បម្រុងដឹកយកទៅសង្គ្រោះ ស្រាប់តែបុរសរូបនេះដឹងខ្លួនវិញ ហើយមិនព្រមឡើងរថយន្តសង្គ្រោះឡើយ ដោយនៅតែស្រែក និងរត់ពេញទីនោះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាដេញចាប់មួយសន្ទុះធំទម្រាំចាប់បាន ព្រោះខ្លាចមានគ្រោះថ្នាក់ និងខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ៕
ចែករំលែកព័តមាននេះ