ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​​ផ្អើលនាំ​​គ្នា​ទៅ​មើលពស់​ថ្លាន់​​​​ អ្នកខ្លះ​សុំ​សេចក្តីសុខ ​​​​អ្នក​ខ្លះ​សុំ​​​​លេខ​ឆ្នោត

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ ​ពស់ថ្លាន់​មួយ​ក្បាល​​ប្រវែង​ជាង​២​ម៉ែត្រ ​ទម្ងន់​ជិត​២០​គីឡូក្រាម ​លូន​ចេញ​ពី​ព្រៃ​មក​​​​ពួនសម្ងំ​​ក្នុង​ស្រែ​​អ្នក​​ភូមិ​​​​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលនាំ​​គ្នា​ទៅ​មើល​​​យ៉ាង​ច្រើន​កុះ​ករ

ខេត្តកំពង់ចាម ​៖ ​ពស់ថ្លាន់​មួយ​ក្បាល​​ប្រវែង​ជាង​២​ម៉ែត្រ ​ទម្ងន់​ជិត​២០​គីឡូក្រាម ​លូន​ចេញ​ពី​ព្រៃ​មក​​​​ពួនសម្ងំ​​ក្នុង​ស្រែ​​អ្នក​​ភូមិ​​​​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលនាំ​​គ្នា​ទៅ​មើល​​​យ៉ាង​ច្រើន​កុះ​ករ​​ ​មាន​អ្នក​​ខ្លះ​​​​​​​សុំ​​សេចក្តីសុខ អ្នក​ខ្លះ​សុំ​លេខ​ឆ្នោត​ កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​១៨​ កញ្ញា ២០១៥​ នៅ​ភូមិ​អ្នកតា​ស្នឹង ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ​​​ ។

លោក ​ង៉ា​ន ជឿន ​មេឃុំ​បឹង​ណាយ ​បាន​ឲ្យ​ដឹង​ថា​ រូប​លោក​មិនដឹង​ច្បាស់​ថា​ ពស់ថ្លាន់​១ក្បាល​ធំ​នេះ​​លូន​​ចេញពី​​ព្រៃ​​​កន្លែង​ណាមួយ​ច្បាស់លាស់​នោះ​ទេ ដោយ​​​​​មក​​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ស្រែ​របស់​អ្នក​ភូមិ​បែប​នេះ ​ពួក​គាត់​​ក៏​នាំ​គ្នា​សែង​លើក​មក​ដាក់​នៅ​ជាប់នឹង​ផ្លូវលំ​​​តែ​ម្តង ។

លោក​មេឃុំ​បឹង​ណាយ ​បាន​​បន្ត​ថា ​ដំបូង​អ្នកស្រុក​បាន​ទៅ​មើល​មាន​គ្នា​តិច​​តួច​ទេ​ តែ​ការ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ឮតៗគ្នា​​​ ​​ក៏​ផ្អើល​នាំ​គ្នា​ជិះ​កង់​ ​ម៉ូតូ​មក​ចោម​រោម​​មើលជា​បន្ត​បន្ទាប់ តែ​មិន​មាន​អ្នក​ណា​ម្នាក់​មានគំនិត​អាក្រក់​ចង់​ចាប់​ពស់ថ្លាន់​១​ក្បាល​នេះយក​ទៅ​លក់​​នោះ​ទេ​ ។ ក្រោយ​ពី​ដំណឹង​នេះ​បាន​លេចឮ​ដល់​រូប​លោកនោះ​ ក៏​​​ប្រញាប់​ទៅ​​​មើល​និង​ជួយការពារ​មិន​ឲ្យ​បុគ្គល​​ម្នាក់​​ប៉ះពាល់​ឡើយ ​ថែម​ទាំង​បាន​ចាត់​ឲ្យ​លោក​មេ​ភូមិ​អ្នកតា​ស្នឹង​នៅ​ចាំទី​នេះ មាន​អ្នកខ្លះ​បួងសួង​សុំ​សេចក្តីសុខ​​ និង​មួយ​ចំនួន​ទៀត​ដែល​ញៀន​នឹង​ល្បែងស៊ីសង​ ក៏​បាន​សុំលេខ​ឆ្នោត​​ ​មិន​​ទាន់​ដឹង​ថា​ត្រូវ​ឬ​ខុស​ទេ ព្រោះ​ឆ្នោត​ចេញ​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ​កញ្ញា​ នេះ ។​

ពស់ថ្លាន់​មិន​ទាន់​ដឹង​ថា ​ញី ​ឫ​ឈ្មោល​​ទេ​​ ព្រោះ​​មិន​ហ៊ាន​ទៅ​ឈ្ងោក​មើល​ក្បែរ​ ​ក្មេង​ចាស់​ ប្រុស​ស្រី ដែល​​នាំ​គ្នា​មក​មើល​​ ក៏​បាន​​និយាយ​ថា​ កាលពី​រដូវប្រាំង​ឆ្នាំទៅក៏​​ធ្លាប់​​លូន​​ចេញ​មក​ឲ្យ​អ្នកស្រុក​បានឃើញ​ដែរ ។ ក្រោយមក ​​ក៏​បាន​​លូន​ចូល​ទៅ​ក្នុង​ព្រៃ​វិញ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨​ កញ្ញា​ នេះ ​ក៏​បាន​​លូន​​ចេញ​មក​បង្ហាញខ្លួន​​​ឃើញ​​គ្រប់​ៗ​គ្នា​ម្តងទៀត ​​។

លោក ​ង៉ា​ន ជឿន មេឃុំ​បឹង​ណាយ  ​បាន​បញ្ជាក់​​​ថា តាម​ការ​សន្និដ្ឋាន​ពស់ថ្លាន់​១​ក្បាល​នេះ ​​សង្ស័យ​លូន​​ចេញពី​ព្រៃ ​ស្ថិត​នៅ​ខាងលិច​មាន​ដំបូក ​និង​ព្រៃ​ដុះ​ទ្រុប​ទ្រុល    ចម្ងាយ​ប្រហែល​ជាង​២០០​ម៉ែត្រពី​កន្លែង​ដែល​ប្រជាពលរដ្ឋនាំ​គ្នា​ភ្ញាក់ផ្អើល​មើល​នេះ ។

​​លោក​បន្ត​ថា ថ្លាន់​មួយ​ក្បាល​នេះ​នឹង​ឲ្យ​​លូន​​ទៅ​រស់នៅ​​​កន្លែងដើម​វិញ​ក្នុង​ព្រៃ​ធម្មជាតិ ហើយ​​បាន​ហាមឃាត់​​មិន​ឲ្យ​ពលរដ្ឋ​ណា​ប៉ះពាល់​​​ ឫ​មាន​​បំណង​អាក្រក់​​ឡើយ បើ​ពុំនោះ​ទេ​​ អាច​ប្រឈម​នឹង​ផ្លូវច្បាប់ ៕