រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣បានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ពីលួចខ្សែ.កមាស១ខ្សែ ទម្ងន់៣ជី ពីតូបលក់មាសលេខ៥០អា ផ្សារសាមគ្គី ស្ថិតក្នុងភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោកកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ ។
សមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូទី៣បានឱ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ ទ្រី សុខា អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះឈ្មោះ ឡេង សុធា ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាស តូបលេខ៥០អា ក្នុងផ្សារសាមគ្គី ស្នាក់នៅផ្ទះលេខ៦៨៤ ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយពេលចាប់ខ្លួនស្ត្រីសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ខ្សែ.កមាស១ខ្សែ ទម្ងន់៣ជី ជារបស់ជនរងគ្រោះ, លុយខ្មែរ៤០៥.០០០រៀល និងលុយដុល្លារ២៧០ដុល្លារ ។
ប្រភពបានឱ្យទៀតថា មុនពេលកើតហេតុ ស្ត្រីសង្ស័យបាននាំកូនប្រុស និងកូនប្រសារស្រី មកសួររកទិញខ្សែ.កមាស១ខ្សែទម្ងន់៣ជី ស្ត្រីសង្ស័យបានខ្សែកនោះមើល ឆ្លៀតពេលដែលជនរងគ្រោះកំពុងរវល់ ជនសង្ស័យបានយកខ្សែកដាក់ក្នុងហោប៉ៅខោ ហើយដើរចេញបាត់ ប្រហែល២០នាទីទើបត្រឡប់មកវិញ ពេលនោះជនរងគ្រោះបានសួររកខ្សែ.កវិញ តែស្ត្រីសង្ស័យបានប្រកែកដាច់អហង្កាថា ខ្លួនពុំបានយកទេ ទោះបីជនរងគ្រោះឱ្យមើលរូបភាពតាមកាមេរ៉ាសុវត្ថិភាពក៏ដោយ ព្រមទាំងហៅកូនប្រុសជាអ្នករត់រ៉ឺម៉កកង់បីបាននាំគ្នាមករករឿងថា ជនរងគ្រោះចោទប្រកាន់ដោយគ្មានភស្តុតាង ខណៈពេលកំពុងទំនាស់គ្នា អាជីវករឈ្មោះ ហែម សុនី ភេទស្រី អាយុ៤៧ឆ្នាំ ដែលជាអ្នកលក់មាសនៅតូបលេខ៦៨៦ ក្នុងផ្សារសាមគ្គី បានយកខ្សែមកសួរបញ្ជាក់ជនរងគ្រោះ ព្រមទាំងចង្អុលទៅលើស្ត្រីសង្ស័យឈ្មោះ ទ្រី សុខា ដែលទើបមកយកលក់ឱ្យគាត់តម្លៃ៣៧០ដុល្លារ ។ ពេលនោះជនរងគ្រោះស្គាល់ច្បាស់ជាខ្សែករបស់ខ្លួន ក៏ប្តឹងគណៈកម្មការផ្សារ និងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនជនសង្ស័យតែម្តង ដោយឡែកក្រុមអ្នករត់រ៉ឺម៉កម៉ូតូកង់បីបន្ទាប់ពីដឹងរឿងនេះ ច្បាស់ក៏នាំគ្នារំសាយទៅវិញយ៉ាងប្រញាប់ប្រញាល់ ។
បច្ចុប្បន្ន ស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។ ចំណែកវត្ថុតាងទាំងខ្សែ.ក លុយខ្មែរ និងលុយដុល្លារ បានប្រគល់ឱ្យជនរងគ្រោះទាំង២នាក់វិញ ៕
ចែករំលែកព័តមាននេះ