ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ចាស់​ទំនើង​៥​នាក់​ផឹកស៊ី​ឡូឡា​រំខាន​ដល់​អ្នក​ដទៃ និង​ជេរ​ប្រមាថ​សមត្ថកិច្ច

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ចាស់​ទំនើង​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដោយសារ​ផឹកស៊ី​ស្រវឹង​ឡូឡា​រំខាន​ដល់​អ្នក​ជិតខាង​ស្ទើរតែ​រាល់ថ្ងៃ ព្រមទាំង​ជេរ​ប្រមាថ​ដល់​សមត្ថកិច្ច​ទៀត​ផង ។ ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៥

ខេត្តពោធិ៍សាត់ ៖ ចាស់​ទំនើង​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដោយសារ​ផឹកស៊ី​ស្រវឹង​ឡូឡា​រំខាន​ដល់​អ្នក​ជិតខាង​ស្ទើរតែ​រាល់ថ្ងៃ ព្រមទាំង​ជេរ​ប្រមាថ​ដល់​សមត្ថកិច្ច​ទៀត​ផង ។ ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង​៣​រសៀល នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

លោក​វរសេនីយ៍ត្រី ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹង​ថ្មី​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​យើង​ថា លោក ញឹ​ម សា​វុ​ធ និង​គូកន​របស់​គាត់​ចំនួន​៤​នាក់​ទៀត​បាន​ផឹកស៊ី​ស្រវឹង​ស្រែក​ឡូឡា​រំខាន​ដល់​ការ​ដេក​ពួន​របស់​អ្នក​ជិតខាង​ទាំង​យប់​ទាំង​ថ្ងៃ ។ ទទួល​បាន​ព័ត៌មាន​នេះ លោក​ក៏​បាន​បញ្ជា​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទៅ​ហាម​ប្រាម និង​អប់រំ​ដោយ​ផ្ទាល់មាត់ ប៉ុន្តែ​លោក ញឹ​ម សា​វុ​ធ ដែល​ជា​ម្ចាស់ផ្ទះ​បាន​សម្ដែង​ភាព​ច្រ​ង៉េ​ង​ច្រ​ង៉ាង​រករឿង​តបត​មក​សមត្ថកិច្ច​វិញ ឃើញ​ដូច្នេះ​លោក​ក៏​ឲ្យ​មន្ត្រី​របស់​លោក​ត្រឡប់​មក​វិញ ។ នៅ​ពេល​ដែល​សមត្ថកិច្ច​ចេញ​ផុត ពួក​គេ​បាន​ផឹក​បន្ត​ទៀត ព្រមទាំង​និយាយ​ផ្លែផ្កា​ថា ប្រហែល​សមត្ថកិច្ច​នៅ​ខ្លាច​អញ បើ​រកមុខ​អ្នករាយការណ៍​ឃើញ​ នឹង​សម្លាប់​ចោល​តែ​ម្ដង ។

មក​ដល់​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៥ ពួក​គេ​ទាំង​៥​នាក់​បាន​នាំ​គ្នា​ផឹកស្រា ហើយ​ស្រែក​ឡូឡា​ដូច​មុន​ទៀត ដោយ​មិន​ខ្លាចក្រែង​អ្នក​ជិតខាង និង​សមត្ថកិច្ច​ឡើយ ។ នៅ​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់ទី​នោះ​ផ្ទាល់ ក្នុង​គោលបំណង​ហាមប្រាម អប់រំ ណែនាំ​ ប៉ុន្តែ​ពេល​នោះ​ឈ្មោះ ញឹ​ម សា​វុ​ធ និង​គូកន​នៅ​តែ​រឹងទទឹង និង​ប្រើ​ពាក្យ​សម្ដី​ខែងរ៉ែង ខ្វះ​សីលធម៌ ព្រមទាំង​ទះ​តុ​បម្រុង​វាយ​សមត្ថកិច្ច​ផង​នោះ លោក​ក៏​នាំ​ខ្លួន​ទាំង​៥​នាក់​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សួរនាំ​តែ​ម្ដង ។ លោក​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ឃាត់ខ្លួន​ហើយ​យើង​បាន​ឆែកឆេរ​ក្នុងផ្ទះ​រក​ឃើញ​អាវុធ​កែ​ច្នៃ​ចំនួន​៣​ដើម​ទៀត​ផង ។

លោក​វរសេនីយ៍ទោ ម៉ូ លី​ដា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ប្រាប់​«​កោះសន្តិភាព​»​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​បន្ទាប់​ពី​កសាង​សំណុំ​រឿង​រួច យើង​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​នា​រសៀល​ថ្ងៃ​ទី​៤​នេះ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ។

ជនសង្ស័យ​ទាំង​៥​នាក់​នេះ​សុទ្ធតែ​ជា​ចាស់​ទំនើង ដែល​មាន​១-​ឈ្មោះ ញឹ​ម សា​វុ​ធ ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាល​វែង​, ២-​ឈ្មោះ ឈិ​ន ស្មា​ក់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ព្រះ​ស្រុត ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​, ៣-​ឈ្មោះ សេង ឡុ​ង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​, ៤-​ឈ្មោះ ចៅ ខាន់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​៥-​ឈ្មោះ អ៊ិ​ន សំអាត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ទាំង​០៣​នាក់​នេះ​មាន​ទីលំនៅ​ឃុំ​តា​លោ ស្រុក​បាកាន ៕