ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​លើកគ្នា​សម្រុកចូល​រំដោះ​យក​គោ​យន្ត​និង​រ៉ឺ​ម៉ក​ពី​ក្នុង​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រយា

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​២៩ សីហា ២០១៥ នៅ​ចំណុច​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​២៩ សីហា ២០១៥ នៅ​ចំណុច​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ដោយសារ​តែ​ប្រជាពលរដ្ឋ​ចំនួន​៣០​នាក់​មក​ពី​ឃុំ​បាក់​ស្នា ស្រុក​បារាយណ៍ ប្រដាប់​ដោយ​កាំបិត ដំបង បាន​នាំ​គ្នា​សម្រុកចូល​កាត់​សោ​ស្នាក់​ការ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ក្រយា ដើម្បី​រំដោះ​យក​គោ​យន្ត និង​រ៉ឺ​ម៉ក ដែល​មេព្រៃ​ចាប់​បាន​កាលពី​ថ្ងៃ ។

ទាក់ទិន​ករណី​ខាងលើ​នេះ សមត្ថកិច្ច​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​កបាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​គឺ​ដោយសារ​តែ​កាលពី​រសៀល​ថ្ងៃ​ទី​២៩ សីហា ២០១៥ ខាង​រដ្ឋបាល​ព្រៃឈើ​បាន​ចាប់​ឃាត់​គោ​យន្ត​៣​គ្រឿង និង​រ៉ឺ​ម៉ក​៣​គ្រឿង នៅ​ចំណុច​អូរ​កំពប់​អំបិល ខណៈ​ដែល​ប្រជា​ពល​រដ្ឋ​ធ្វើ​សកម្មភាព​ចូល​កាប់​អុស និង​កូន​ឈើ​ក្នុង​ព្រៃ​អង់​តែ​ន ដែល​ជា​ព្រៃ​បម្រុង​ទុក ហើយ​បាន​យក​វត្ថុ​តាង​ទាំង​អស់នោះ​រក្សា​ទុក​ក្នុង​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ក្រយា រហូត​ដល់​ពេល​ល្ងាច​ស្រាប់តែ​ក្រុម​ប្រជា​ពលរដ្ឋ​ប្រដាប់​ដោយ​កាំបិត ដំបង សម្រុកចូល​ទៅ​កាត់​សោ​របង​ស្នាក់​ការ និង​វាយ​កម្ទេច​សម្ភារ​ក្នុង​ស្នាក់​ការ​ជា​ច្រើន រួច​ក៏​បាន​រំដោះ​យក​គោ​យន្ត​៣​គ្រឿង និង​រ៉ឺ​ម៉ក​៣​គ្រឿង​វិញ ។ ភ្លាម​ៗ​នោះ​ដោយ​មាន​អន្តរាគមន៍​ពី​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​២​នាក់ និង​ដកហូត​វត្ថុ​តាង​យក​មក​វិញ ។

ពាក់ព័ន្ធ​ហេតុការណ៍​ខាងលើ មន្ត្រីសង្កាត់ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹង​ថា កន្លង​មក​ប្រជាពលរដ្ឋ​មិន​ថា​មក​ពី​ស្រុក​បារាយណ៍ ឬ​ស​ន្ទុ​ក​ទេ ពួក​គាត់​តែងតែ​ចូល​កាប់​អុស និង​កូន​ឈើ​ក្នុង​ព្រៃ​អង់​តែ​ន ដែល​ជា​ព្រៃ​ហាមឃាត់​ជា​រៀងរាល់ថ្ងៃ ជាក់ស្ដែង​ក្នុង​ថ្ងៃ​កើតហេតុ​ប្រជាពលរដ្ឋ​៤-៥​នាក់​បាន​ចូល​កាប់​អុស និង​កូន​ឈើ​ក្នុង​ព្រៃ និង​បាន​ដឹក​ចេញ​មក​ភូមិ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ចាប់​បាន​គោ​យន្ត​៣​គ្រឿង និង​រ៉ឺ​ម៉ក​៣​គ្រឿង ។

ជា​រឿយ​ៗ​មន្ត្រី​ជំនាញ​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ព្រៃឈើ និង​ហាមឃាត់ មិន​អនុញ្ញាត​ឲ្យ​មានការ​កាប់​ព្រៃ​រាន​ដី​នៅ​ម្ដុំ​ព្រៃ​អង់​តែ​ន​យក​ធ្វើ​កម្មសិទ្ធិ​ឡើយ ប៉ុន្តែ​ពួក​គាត់​អាច​អាស្រ័យ​ផល​ក្នុង​ព្រៃ​សហគមន៍​បាន ដល់​មានការ​ឃាត់​ចាប់​តែងតែ​ប្រើ​រូបភាព​លើក​គ្នីគ្នា​មក​គំរាម​សមត្ថកិច្ច​រំដោះ​យក​វត្ថុ​តាង​វិញ ។ នេះ​មិនមែន​លើក​ទី​១​នោះ​ទេ គឺ​ឲ្យ​តែ​មាន​ករណី​ឃាត់​ចាប់​គោ​យន្ត គឺ​ប្រជាពលរដ្ឋ​កែន​គ្នា​មានកាំបិត​ ពូថៅ ដំបង មក​យក​វិញ ហើយ​ពួក​គាត់​មិន​ហ៊ាន​នៅ​យូរ​ទេ ។

ដោយឡែក ជាមួយ​សកម្មភាព​នេះ​ដែរ ប្រជាពលរដ្ឋ​ដែល​ធ្វើ​សកម្មភាព​ដឹកអុស និង​កូន​ឈើ​បាន​និយាយ​ថា ពួក​គាត់​គ្មាន​មុខរបរ ទើប​នាំ​គ្នា​កាប់​អុស ដឹកអុស​លក់ ប៉ុន្តែ​ត្រូវ​បាន​មេព្រៃ​ឃាត់​ចាប់​ជា​ញឹកញាប់ ។ ចំណែក​ព្រៃ​សហគមន៍​វិញ​ប្រជាពលរដ្ឋ​ខ្លះ​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​រៀង​ៗ​ខ្លួន​អស់ហើយ ។

ទោះ​យ៉ាងណា​សកម្មភាព​នៃ​ការ​លើកគ្នា​សម្រុកចូល​កាត់​សោ​របង​ស្នាក់​ការ​រំដោះ​យក​គោ​យន្ត និង​រ៉ឺ​ម៉ក​នេះ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ឡើយ គឺ​គ្រាន់តែ​មានការ​ឃាត់ខ្លួន​មនុស្ស​២​នាក់​យក​មក​សាកសួរ​តែ​ប៉ុណ្ណោះ ៕