រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមកពីខេត្តកំពង់ចាមរកផ្ទះបងប្អូននៅរាជធានីភ្នំពេញ បានឈប់ម៉ូតូបត់ជើងតូចនៅចំណុចខណ្ឌដូនពេញ ស្រាប់តែលេចមុខនារីៗរកស៊ីផ្លូវភេទ៤-៥នាក់ដើរមកចាប់រាវរកទូរស័ព្ទ ហើយមានបុរសសង្ស័យ៣នាក់ទៀតមានអាវុធនៅក្នុងដៃគំរាមប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ សីហា ២០១៥ ត្រង់ចំណុចផ្លូវលេខ៧០កែងផ្លូវលេខអា៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះឈ្មោះ ឈឿន នឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្វាយព ឃុំស្វាយព ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-0324 ត្រូវក្រុមចោរប្លន់យកម៉ូតូបានដោយសុវត្ថិភាព។
បើតាមសម្ដីបុរសរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូតាំងពីខេត្តកំពង់ចាម ឆ្ពោះមករាជធានីភ្នំពេញរកផ្ទះបងប្អូនដើម្បីរកការងារធ្វើ តែរកមិនទាន់ឃើញក៏ជិះពីម្ដុំអង់តែនទួលគោក តាមបណ្ដោយផ្លូវលេខ៧០ ខណៈមកដល់ចំណុចកែងផ្លូវលេខអា៦ ដែលជាតំបន់អសន្តិសុខនោះជនរងគ្រោះបានឈប់ម៉ូតូចុះទៅបត់ជើងតូច ស្រាប់តែលេចមុខនារីៗរកស៊ីផ្លូវភេទ៤-៥នាក់បានដើរមករករូបគេ
និងចាប់រាវខ្លួនគេរកទូរស័ព្ទកាបូបលុយ ហើយរូបគេក៏ខំប្រឹងគេចចេញ ស្រាប់តែលេចមុខជនរងសង្ស័យ៣នាក់ដៃកាន់អាវុធប្រភេទដូចដែកឆាប ឬកាំបិតមកភ្ជង់គំរាមរូបគេឱ្យប្រគល់ម៉ូតូ បើមិនដូច្នោះពួកគេនឹងចាក់សម្លាប់ ដោយមានការភិតភ័យជនរងគ្រោះក៏ព្រមប្រគល់ម៉ូតូឱ្យក្រុមជនសង្ស័យជិះគេចខ្លួនបាត់ស្រមោល ចំណែកនារីរកស៊ីផ្លូវភេទទាំងនោះក៏ដើរចេញធម្មតាដូចជាគ្មានរឿងអ្វីកើតឡើង។
បន្ទាប់ពីកើតហេតុជនរងគ្រោះក៏បានហៅម៉ូតូឌុបជិះរកសមត្ថកិច្ចដើម្បីសុំការអន្តរាគមន៍ ក៏ប្រទះសមត្ថកិច្ចខណ្ឌ៧មករាបានប្រាប់ឱ្យជនរងគ្រោះទៅប៉ុស្ដិ៍ស្រះចកដាក់ពាក្យបណ្ដឹង៕
ចែករំលែកព័តមាននេះ