រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដែលមើលទៅគួរឱ្យរន្ធត់បំផុត គឺលោតទម្លាក់ខ្លួនពីលើផ្ទះជួលជាន់ទី៣ កាលពីវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៥ ស្ថិតក្នុងសង្កាត់អូឫស្សីទី១ ខណ្ឌ៧មករា ។
យុវជនដែលលោតសម្លាប់ខ្លួនខាងលើនេះ ត្រូវបានគេស្គាល់ថា ឈ្មោះ ហេង សាវុន អាយុ១៩ ឆ្នាំ មុខរបរជាអ្នកអូសរទះនៅក្នុងផ្សារអូរឫស្សី ស្នាក់នៅផ្ទះជួលលេខ៣៥E3 ជាន់ទី៣ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា ។
ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឮសូរសំឡេងឌឹបដូចផ្លែដូង ឬខ្នុរធ្លាក់ពីលើដើម ក៏នាំគ្នាចោលភ្នែកទៅមើលកន្លែងកើតហេតុ ស្រាប់តែឃើញយុវជនម្នាក់ដេកស្តូកស្តឹងក្នុងថ្លុកឈាមស្លាប់បាត់ទៅហើយ ។ ទោះជាយ៉ាងណាចំពោះករណីនេះត្រូវបានប្រភពផ្សេងគ្នាបាននិយាយថា យុវជនខាងលើសង្ស័យខឹងឪពុកស្តីឱ្យទើបលោតសម្លាប់ខ្លួនឯងបែបនេះ ហើយចំណែកឯប្រភពមួយផ្សេងទៀតបានប្រាប់ថា យុវជនរងគ្រោះទើបតែចេញពីធ្វើការនៅម្តុំផ្សារអូរឫស្សី បានមកអង្គុយលេងលើធ្នឹមជាន់ទី៣ ដែលមានកំពស់១៥ម៉ែត្រ ស្រាប់តែកំពុងតែអង្គុយបានរបេះដៃធ្លាក់មកក្រោមបណ្តោលឲ្យស្លាប់ភ្លាមៗតែម្តង ។
ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបាននិមន្តព្រះសង្ឃមកសូត្រធម៌ចម្លងព្រលឹង និងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យសព និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាលោត ឬធ្លាក់ពីលើទីខ្ពស់បណ្តាលឲ្យបាក់កស្លាប់ពិតប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ