រាជធានីភ្នំពេញ ៖ ជនសង្ស័យឆក់ខ្សែ.ក២នាក់ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខណ្ឌ៧មករាធ្វើការចាប់ខ្លួនភ្លាមៗខណៈធ្វើសកម្មភាពឆក់ខ្សែ.កជនបរទេសដែលកំពុងជិះម៉ូតូកង់បីមិនបានសម្រេចកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ សីហា ២០១៥ នៅចំណុចមុខផ្ទះលក់គ្រឿងសង្ហារឹមលេខ៦១៩ កែងផ្លូវលេខ៩៣និងផ្លូវលេខ៣១០ ស្ថិតក្នុងភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់មាន ១-ឈ្មោះ ចាន់ ផលពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាអ្នកបើកម៉ូតូធ្វើសកម្មភាព និង២-ឈ្មោះ អាង ស្ទីវម៉ង់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១២៥បេអឺសូន្យ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកធ្វើសកម្មភាពឆក់ ។
ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ម៉ូតូម៉ាកយ៉ាម៉ាហា XT ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AT-1615 មួយគ្រឿង, ទូរស័ព្ទដៃម៉ាកណូគា ពណ៌ទឹកប្រាក់១គ្រឿង ដែលមានលេខ ០៨៧ ២៦០ ១៧៩ និងខ្សែ.កលោហៈធាតុពណ៌លឿងប្រវែង១,៥តឹក១ខ្សែ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខណ្ឌ៧មករាកំពុងធ្វើការដើរល្បាត ក៏ប្រទះឃើញជនទាំង២នាក់គួរឱ្យសង្ស័យ ក៏ធ្វើការតាមដាន រហូតដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពឆក់ខ្សែ.កជនបរទេសក៏ធ្វើការចាប់ខ្លួនភ្លាមៗតែម្តង ។
ជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
ចែករំលែកព័តមាននេះ