ខេត្តបន្ទាយមានជ័យ ៖ យុវជន២នាក់បានរងរបួសធ្ងន់ និងស្រាល ដោយសារតែទំនាស់គ្នាក្នុងពិធីរាំធុងបាស់នៃពិធីមង្គលការមួយកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៩ សីហា ២០១៥ នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ ទួន ទូច ភេទប្រុស អាយុ២១ឆ្នាំ រងរបួសធ្ងន់ បែកត្រង់ត្របកភ្នែកខាងឆ្វេងមួយកន្លែង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី និងម្នាក់ទៀតឈ្មោះ ទួន ទឿប ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសស្រាល ។ ទាំង២នាក់បងប្អូនរស់នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ទៀតថា នៅក្នុងកម្មវិធីមង្គលការនេះ ខាងកូនកម្លោះគឺមកពីភូមិទ្រាស ឃុំគោកកឋិន មករៀបការជាមួយកូនក្រមុំនៅភូមិគំរូ ឃុំគំរូ នៅពេលយប់មានចាក់ធុងបាស់រាំលេងកម្សាន្ត ។ មុនពេលកើតជនរងគ្រោះទាំង២នាក់បងប្អូនរាំលេងនៅក្រោមផ្ទះ រួចក៏បានចូលទៅរាំលេងក្នុងវង់រាំដែលមានមនុស្សច្រើន បន្ទាប់មកមិនដឹងជាយ៉ាងមិចក៏បានកើតមានការវាយតប់គ្នារវាងក្រុមស្ទាវនៅភូមិគំរូ និងខាងសាច់ញាតិកូនកម្លោះ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ចំណែកក្រុមជនដៃដល់បន្ទាប់ពីទំនាស់រួចបាននាំគ្នារត់គេចខ្លួនអស់ ។ ចំពោះជនរងគ្រោះទាំង២នាក់បងប្អូនត្រូវបានសាច់ញាតិនាំមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែម្នាក់ឈ្មោះ ទួន ទូច រងរបួសធ្ងន់ បានបន្តយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី ។ នៅកន្លែងកើតហេតុគេបានរកឃើញស្នាប់ដៃ១ ដែលក្រុមជនដៃដល់បន្សល់ទុក ។
បើតាមការសន្និដ្ឋានរបស់គ្រូពេទ្យស្រុកថ្មពួកនិយាយថា ស្នាមបែកត្របកភ្នែកនេះគឺជនដៃដល់បានវាយនឹងដបស្រា ដេរអស់៥ថ្នេរ ។
បច្ចុប្បន្នក្រុមជនដៃដល់ត្រូវបានសមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្វែងរកចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសដោយមិនទុកឱ្យពួកគេបង្កព្យុះភ្លៀងបានឡើយ ៕
ចែករំលែកព័តមាននេះ