ខេត្តកំពត ៖ បុរស3នាក់ត្រូវបានកម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទ័ណ្ឌស្នងការដ្ឋានខេត្តសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រៃថ្នង ស្រុកទឹកឈូ ចាប់ឃាត់ខ្លួន ព្រមទាំងដកហូតអាវុធខ្លីម៉ាក K59១ដើម និងគ្រាប់មួយចំនួននៅក្នុងបង់ កាលវេលាម៉ោង១២យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ។
ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន១-ឈ្មោះ ទន់ គឹមហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកអេស្កាវ៉ាទ័រ(អ្នកកាន់អាវុធ), ២-ឈ្មោះ ប៊ុន សុខយី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ និង៣-ឈ្មោះសួង សុខភី ភេទប្រុស អាយុ២១ឆ្នាំមុខរបរកម្មករ ។ ទាំង៣នាក់ស្នាក់នៅការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិគោចិនលែង ឃុំថ្មី ស្រុកទឹកឈូ ។
ករណីឃាត់ខ្លួនជនសង្សយ័ទាំង៣នាក់ខាងលើត្រូវបានលោកឧត្តមសេនីយ៍ត្រី ម៉ៅ ចន្ទ័មៈធុរឹទ្ឋ ស្នងការរង និងជានាយការិយាល័យកណ្តាលនគរបាលព្រហ្មទ័ណ្ឌស្នងការដ្ឋានខេត្តឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យកណ្តាលព្រហ្មទ័ណ្ឌខេត្តកំពុងដុតដៃដុតជើងស៊ើបអង្កេតស្រាវជ្រាវ និងតាមប្រម៉ាញ់ករណីចោរប្លន់ប្រដាប់អាវុធកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥នេះផង ក៏ស្រាប់តែនៅវេលាម៉ោង១២យប់ថ្ងៃទី១៨ ខែសីហា មានពលរដ្ឋមករាយការណ៍ប្រាប់ថា មានឃើញបុរស៣នាក់ចូលច្រៀងខារ៉ាអូខេនៅផ្ទះម្ចាស់ឈ្មោះ ចែ រ៉ែន ហើយក្នុងចំណោមបុរសទាំងបីនាក់នោះ គេឃើញបុរសម្នាក់មានសៀតកាំភ្លើងខ្លីនៅចង្កេះ១ដើមផង ។ ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីពលរដ្ឋភ្លាម លោកក៏បានសុំការឯកភាពពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ដើម្បីដឹកនាំកម្លាំងចុះទៅពិនិត្យកន្លែងដែលពលរដ្ឋបានផ្តល់ពត៌មាន ។
លោកបន្តទៀតថា នៅពេលកម្លាំងរបស់លោក រួមនិងកម្លាំងនគរបាលប៉ុស្តិ៍ទៅដល់ បានធ្វើការឆែកឆេរមុខសញ្ញាដែលពលរដ្ឋបានផ្តល់នោះ ។ ក្រោយពីហៅជនទាំង៣នាក់ចេញមកក្រៅធ្វើការឆែកឆេរ ក៏ប្រទះឃើញមានអាវុធខ្លីមួយដើមដូចពលរដ្ឋបានរាយការណ៍មែន ពេលនោះកម្លាំងសមត្ថកិច្ចក៏បានដកហូតអាវុធ ព្រមទាំងឃាត់ខ្លួនអ្នកកាន់អាវុធ និងគូកន២នាក់ទៀតដែលចូលច្រៀងខារ៉ាអូខេជាមួយគ្នាមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ ។
លោកបានបន្តទៀតថា ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យទាំង៣នាក់ មានម្នាក់ឈ្មោះ ទន់ គឹមហេង បានសារភាពប្រាប់សមត្ថកិច្ចថា កាំភ្លើងខ្លីដែលខ្លួនបានយកមកសៀតចង្កេះចូលច្រៀងខារ៉ាអូខេនេះ ជាកាំភ្លើងរបស់ឈ្មោះ តិច ជាថៅកែការដ្ឋានខ្សាច់ ដែលគាត់លាក់នៅលើគ្រែក្រោមពូកដេក ហើយថ្ងៃនោះឈ្មោះ តិច ម្ចាស់កាំភ្លើងមិននៅកន្លែង ទើបខ្លួនផឹកស្រានៅក្បែរកន្លែងការដ្ឋានស្រវឹងគិតបបួលគ្នាទៅច្រៀងខារ៉ាអូខេ ក៏ទៅយកកាំភ្លើងដាក់ក្រោមកែបម៉ូតូរួចឌុបគ្នាទៅចូលច្រៀងខារ៉ាអូខេតែម្តងទៅ ។
ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចទៀតថា ពេលខ្លួនចូលច្រៀងដំបូងខ្លួនមិនទាន់យកអាវុធទៅតាមខ្លួនទេ គឺដាក់ក្នុងកែបម៉ូតូ លុះច្រៀងបានមួយសន្ទុះទើបខ្លួនចេញទៅយកកាំភ្លើងពីកែបម៉ូតូហើយមកអង្គុយច្រៀងវិញបាន២-៣បទក៏ត្រូវសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង។
ក្រោយពីការសាកសួរនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ សមត្ថកិច្ចបានកសាងសំណុំរឿងពីបទប្រើប្រាស់អាវុធខុសច្បាប់ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ