រាជធានីភ្នំពេញ ៖ តារាបង្ហាញម៉ូដ និងសម្តែងនាងគីម ឡាង ហៅមួយមួយ បាត់មុខមួយរយៈពីការពិភពសិល្បៈ ងាកទៅក្តាប់មុខជំនួញរបស់នាងវិញ ។ នៅពេលប្រកាសចូលពិភពសិល្បៈវិញ តារាស្រីរាងខ្ពស់ សាច់សរូបនេះសារភាពថា សម្រស់ដើមទ្រូងនាងមិនមែនធម្មជាតិផ្តល់ឱ្យទាំងស្រុងទេ គឺបានកែច្នៃបន្ថែម ។
បើទោះជាមួយមួយ បាត់មុខពីពិភពសិល្បៈយ៉ាងណាក៏ដោយ ក៏នាងតែងតែចូលរួមក្នុងកម្មវិធីមិត្តភក្តិអ្នកសិល្បៈ ដូចជាពិធីជប់លៀង ខួបកំណើតជាដើម ហើយគេសង្កេតឃើញថា នាងនិយមលេងខ្លួនឆើតឆាយជាមួយឈុតសម្លៀកបំពាក់បែបសិចស៊ីរំលេចសម្រស់ដើមទ្រូងទ្រលុកទ្រលន់ទាក់ភ្នែក បុរសៗសម្លឹងគយគន់ ។ មួយមួយធ្លាប់ធ្វើជាពិធីការិនីប្រចាំទូរទស្សន៍ស៊ីធីអិនក្នុងកម្មវិធី «គំនិតស្ត្រី» ។
ក្នុងជំនួបកាលពីពេល ថ្មីៗកន្លងមកមួយមួយឱ្យដឹងថា ដោយសាររវល់លើមុខជំនួញ ដូច្នេះការងារសិល្បៈមួយចំនួនត្រូវផ្អាកសិន ។ មួយមួយផ្អាកអាជីពសិល្បៈ ដ្បិតការសម្តែងត្រូវចំណាយពេលច្រើន និងហត់នឿយខ្លាំង ម្យ៉ាងនៅក្រោមកម្តៅថ្ងៃ ជាមូលហេតុធ្វើឱ្យរូបសម្រស់ធ្លាក់ចុះទៀតផង ។ ដូច្នេះហើយទើបមួយមួយមិនសម្រេចចិត្តយកការងារណា លំបាកៗដែលបង្កឱ្យប៉ះពាល់ដល់ស្បែកនាងនោះទេ ។
តារាស្រីដែលអ្នកសិល្បៈសម្គាល់ថាជាអ្នកនិយមស្លៀកពាក់បែបសិចស៊ីទាន់សម័យរូបនេះសារភាពថា «ក្នុងសម័យទំនើបបែបស៊ីវិល័យនេះ នាងខ្ញុំមិនកុហកមហាជនឡើយ គេឃើញដើមទ្រូងនាងខ្ញុំល្អ ការណ៍ពិតខ្ញុំបានកែកុនខ្លះនៅពេលដែលដឹងថាខ្វះចំណុចទាក់ទាញណាមួយ ។ នេះជាចំណូលចិត្តដែលខ្ញុំចង់បាន ។ ជាមួយនឹងជំនឿជឿជាក់ខាងលោកគ្រូពេទ្យ ចំណានៗទើបនាងខ្ញុំសុខចិត្តឈឺខ្លួនឱ្យពេទ្យវះកាត់ដើមទ្រូងមិនខ្លាចម្ជុលទេ នៅពេលមើលឃើញ និងយល់ពីក្បួនថែរក្សាយ៉ាងច្បាស់លាស់ទៅហើយនោះ។ ម្យ៉ាងក្រុមគ្រូពេទ្យសុទ្ធតែជាអ្នកមានជំនាញអាចឱ្យជឿជាក់ និងទុកចិត្តបាន បើមិនមានជំនាញច្បាស់លាស់ខ្ញុំក៏មិនហ៊ានដែរ ។ ជាធម្មតាធម្មជាតិបង្កើតមនុស្សមិនបានធ្វើឱ្យពេញចិត្តគ្រប់ផ្នែកនៃរាងកាយឡើយ ដូចនេះការកែច្នៃសម្រស់ធម្មជាតិ នាងខ្ញុំគិតថាជារឿងចាំបាច់របស់ស្ត្រី ម្នាក់ៗ » ។
ដើមទ្រូងរបស់កញ្ញាមួយមួយ បានកែជិត២ឆ្នាំមកហើយ នៅប្រទេសជិតខាង តែនាងមិនបញ្ជាក់ខ្ទង់ចំណាយទេ ។ មួយមួយមានទំនុកចិត្តថាឆ្លងកាត់ការវះកាត់នេះមិនប៉ះពាល់សុខភាព ដ្បិតរយៈពេលយូរមកហើយអត់មានបញ្ហាអ្វីគួរឱ្យបារម្ភទេ ។ ការកែសម្រស់ដើមទ្រូង ធ្វើឱ្យមួយមួយស្លៀកពាក់កាន់តែស្រស់ស្អាត ។
គឹម ឡាង ហៅមួយមួយបានចូលប្រឡូកក្នុងពិភពសិល្បៈនៅឆ្នាំ២០០៨ ដោយពីដំបូងសម្តែងខារ៉ាអូខេ និងធ្លាប់ចូលហាត់រៀននៅក្រុមបង្ហាញម៉ូដសាពណ៌ ។ ក្រៅពីនេះមួយមួយធ្លាប់ធ្វើជាពិធីការិនីនៅស្ថានីយទូរទស្សន៍ស៊ីធីអិន និងប៉ុស្តិ៍លេខ៣ ព្រមទាំងធ្លាប់ចូលរួមបង្ហាញម៉ូដប្រចាំក្រុមកញ្ញាឌួង ហ្សូរីដា ៕
ចែករំលែកព័តមាននេះ