ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រិះគន់​លោក​សម រង្ស៊ី ឱ្យ​តម្លៃ​ផែនទី​ទិញ​តាម​ផ្សារ មន្ត្រី​គណបក្សប្រឆាំង​ច្រាន​ចោលការ​ចោទប្រកាន់​នេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រតិកម្ម​ចំពោះ​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច​ក្នុង​សភា ដែល​បាន​ប្រាប់​ពី​តម្លៃ​ផែនទី​ដែល​លោក​បាន​ទិញ​ពី​ផ្សារ​នៅ​ប្រទេស​បារាំង

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រតិកម្ម​ចំពោះ​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច​ក្នុង​សភា ដែល​បាន​ប្រាប់​ពី​តម្លៃ​ផែនទី​ដែល​លោក​បាន​ទិញ​ពី​ផ្សារ​នៅ​ប្រទេស​បារាំង គឺ​តម្លៃ​១៦៨​ដុល្លារ​អា​មេ​រិ​ក ។

ប្រតិកម្ម​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​នៅ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ថា ផែនទី​បារាំង មុន​ឆ្នាំ​១៩៥៣ ខ្នាត​១/១០០.០០០ បង្ហាញ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម ទាំង​២៦​ផ្ទាំង​ដែល​ទាំងអស់​គ្នា​ចង់បាន​ពេល​នេះ មាន​ដាក់​លក់​នៅ​ប្រទេស​បារាំង​ក្នុង​តម្លៃ​១៥៣,៩១​អឺ​រ៉ូ ស្មើនឹង​១៦៨​ដុល្លារ​អា​មេ​រិ​ក ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ទិញ​ផែនទី​ទាំង ២៦​ផ្ទាំង ដោយ​មាន​វិក្កយបត្រ​ភ្ជាប់​មក​ជាមួយ យក​មក​បង្ហាញ​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​ឲ្យ​បានដឹង ។ ច្បាប់​ដើម​នៃ​ផែនទី​នេះ មាន​តែ​មួយ​គត់​ដែល​តម្កល់​ទុក​នៅ​ប្រទេស​បារាំង ហើយ​ផែនទី​ដែល​គេ​ដាក់​លក់​នោះ​គឺជា​ច្បាប់​ចម្លង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដែល​ដាក់​បញ្ចូល​ក្នុង​DVD (​រូបថត​ភ្ជាប់​មក​ជាមួយ​នេះ​) ។ សម័យនេះ គេ​ឈប់​ផ្តល់​ច្បាប់​ចម្លង​លើ​ក្រដាស​ទៀត​ហើយ​។ មាន​តែ​ច្បាប់​ចម្លង​ក្នុង​DVD ទេ ដែល​គេ​ធានា​ជា​ផ្លូវការ​ថា ដូច​ច្បាប់​ដើម​បេះ​បិត គ្មាន​ខុស​អ្វី បន្តិច​ពី​ច្បាប់​ដើម​ឡើយ «​ទោះ​ចម្លង​មួយ​លាន​ដង ក៏​នៅ​តែ​រក្សា​លក្ខណៈ​ដើម​ពេញលេញ​ដដែល​» ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា បាន​ភ្ញាក់ផ្អើល និង​ខកចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​បានឃើញ​ការ​បង្ហោះ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦ កក្កដា អំពី​ផែនទី​បោ​ន ខ្នាត​១/១០០.០០០ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទិញ​ពី​ផ្សារ​នៅ​ប្រទេស​បារាំង ក្នុង​តម្លៃ​១៥៣,៩១​អឺ​រ៉ូ ស្មើនឹង​១៦៨​ដុល្លារ​អា​មេ​រិ​ក ។

សេចក្តីថ្លែងការណ៍ បាន​ហៅ​ទ​ង្វើ​របស់​លោក សម រ​ង្ស៊ី ថា បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ចេតនា​ដ៏​អាក្រក់​ក្នុង​ការ​បន្ទាបបន្ថោក និង​បន្តុះបង្អាប់​តម្លៃ​ការងារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត ហើយ​បាន​ផ្ញើ​លិខិត​ទៅ​អង្គការសហប្រជាជាតិ និង​ប្រទេស​មហាអំណាច​ទាំង​បី ជា​ពិសេស​សាធារណរដ្ឋ​បារាំង ក្នុង​ការ​សុំ​ខ្ចី​ផែនទី​ផ្លូវការ ដើម្បី​យក​មក​ផ្ទៀងផ្ទាត់ ជាមួយនឹង​ភាព​ត្រឹមត្រូវ​ពិតប្រាកដ​របស់​ផែនទី​ខ្នាត​១/១០០.០០០ ដែល​រាជរដ្ឋាភិបាល បាន​និង​កំពុង​ប្រើប្រាស់​ក្នុង​ការ​កំណត់ និង​បោះបង្គោល​ព្រំដែន ជាមួយ​ប្រទេស​ជិតខាង​នា​ពេល​នេះ ។

ទ​ង្វើ​របស់​លោក សម រ​ង្ស៊ី ក៏​ជា​ការ​បន្ទាបបន្ថោក​តម្លៃ​នៃ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​មាន​ចេតនា​បង្ហាញ​ឲ្យ​ឃើញ​ថា «​ផែនទី​ដែល​ទិញ​នៅ​តាម​ផ្សារ​នេះ មាន​តម្លៃ​ជាង​ផែនទី​ផ្លូវការ​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ប្រើ និង​មាន​តម្លៃ​ជាង​ផែនទី ដែល​រក្សា​ទុក​នៅ​ប្រទេស​មហាអំណាច​ទាំង​បី​ទៅ​ទៀត​»​។ តើ​តម្លៃ​អធិបតេយ្យភាព​កម្ពុជា ក្នុង​ទស្សនៈ​របស់​លោក សម រ​ង្ស៊ី  និង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ត្រឹមតែ​១៦៨​ដុល្លារ​មែនឬ ?

សេចក្តីថ្លែងការណ៍​ដដែល បាន​លើក​ឡើង​ទៀត​ថា តាម​ព័ត៌មាន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​មានការ​ស្នើ​សុំ​ពី​បណ្តា​អ្នក​ស្រាវជ្រាវ​បញ្ហា​ប្រវត្តិសាស្ត្រ​នូវ​ផែនទី​ដែល លោក សម រ​ង្ស៊ី បាន​ទិញ​ពី​ផ្សារ​នោះ ដើម្បី​យក​ទៅ​សិក្សា​ស្វែង​យល់​ពី​ការ​ពិត តែ​លោក សម រ​ង្ស៊ី ហាក់ដូចជា​លាក់លៀម​មិន​ព្រម​ផ្តល់​ឱ្យ ដែល​នេះ​មិន​ស្រប​ទាល់តែ​សោះ​ទៅ​នឹង​អ្វី​ដែល​លោក សម រ​ង្ស៊ី ធ្លាប់​អះអាង​នា​ពេល​កន្លង​មក អំពី​គោលការណ៍ តម្លាភាព ហើយ​ប្រការ​នេះ វា​ផ្ទុយ​ទាំងស្រុង​ពី​ការងារ​របស់​រាជរដ្ឋាភិបាល ដែល​បាន​និង​កំពុង​ធ្វើ ។

ឆ្លើយ​តប​ចំពោះ​ការ​ចោទប្រកាន់​ខាងលើ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រាន ចោល​សេចក្ដីថ្លែងការណ៍​នេះ និង​លើក​ឡើង​ថា លោក សម រ​ង្ស៊ី មិនមែន​ទើបតែ​បង្ហោះ​ផែនទី​នៅ​ថ្ងៃ​ទី​១៦ កក្កដា នោះ​ទេ គឺ​លោក​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) របស់​លោក​ចាប់តាំងពី​ចុងខែ​មិថុនា ឆ្នាំ​២០១៥ មក​ម្លេ​៉ះ គ្រាន់តែ​ការ​បង្ហោះ​នោះ ទៅ​តាម​អ្វី​ដែល​លោក​មាន ។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែ​ម បុញ្ញឫទ្ធិ ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្រង់​សម្តី ដោយ​បាន​ច្រានចោល​សេចក្ដីថ្លែងការណ៍​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ។ លោក​ថា អ្វី​ដែល​លោក សម រ​ង្ស៊ី ធ្វើ គឺ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ហើយ​មូលហេតុ​ដែល​លោក សម រ​ង្ស៊ី បង្ហោះ​ផែនទី​នេះ គឺ​គ្រាន់តែ​ចង់​ឲ្យ​សាធារណជន​បានដឹង បានឃើញ​ផែនទី​នេះ​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​ថា «​ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែល​មាន​បំណង​បន្ទាបបន្ថោក​អ្នក​នេះ អ្នក​នោះ ឬអ្វី​នោះ​ទេ ។ យើង​មិន​អាច​ទទួលយក​សេចក្តីថ្លែងការណ៍​បែប​នេះ​ទេ​» ។

ដោយឡែក លោក សម រ​ង្សុ​ី ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ RFI បាន​ថ្លែង​ថា ការ​ទិញ​ផែនទី​តម្លៃ​១៦៨​ដុល្លារ គឺជា​ការ​បង្ហាញ​ព័ត៌មាន មិនមែន​ជា​ការ​ប្រមាថ​ទេ ។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ពី​ជំហរ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ជុំវិញ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ដែរ ។ លោក សម រ​ង្សុ​ី បញ្ជាក់​ថា បើ​គណបក្ស​លោក​ឈ្នះ​ឆ្នោត គឺ​នឹង​សើរើ​ពិនិត្យ​លើ​ខ្សែ​ព្រំដែន​ឡើង​វិញ​ទាំងអស់ ៕