ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ជ្រោយចង្វារ​ថ្មីគ្រោង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​ដើមខែ​តុលា ​២០១៥​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញបាននិង​កំពុង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ព​ន្លឿ​ន​ការ​ស្ថាបនា​សួន​រង្វង់​មូល​ជ្រោយចង្វារទាំង​នៅ​ត្រើយ​ខាងលិច និង​ខាងកើត ដើម្បី​ឲ្យ​ទាន់​ការ​ដាក់​សម្ពោធ​ស្ពាន​ជ្រោយចង្វារ​

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញបាននិង​កំពុង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ព​ន្លឿ​ន​ការ​ស្ថាបនា​សួន​រង្វង់​មូល​ជ្រោយចង្វារទាំង​នៅ​ត្រើយ​ខាងលិច និង​ខាងកើត ដើម្បី​ឲ្យ​ទាន់​ការ​ដាក់​សម្ពោធ​ស្ពាន​ជ្រោយចង្វារ​ទី​ពីរ​នៅដើមខែ​តុលា​ ២០១៥​ឆាប់​ៗ​ខាង​មុខ​នេះ​។

មន្ត្រី​ជំនាញ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សួនច្បារ​រង្វង់​មូល​គល់​ស្ពានជ្រោយចង្វារត្រើយ​ខាងលិច​ស្ថាបនា​បាន​៩៨%​ហើយ​ គ្រោង​ប​ព្ចា​ប់​នៅ​ពាក់កណ្តាល​ខែកក្កដា ចំណែកឯ​រង្វង់​មូល​ជ្រោយចង្វារ​ត្រើយ​ខាងកើតទើបតែ​ស្ថាបនា​រួច​បាន​ត្រឹមតែ​55% ហើយគ្រោង​បញ្ចប់​នៅ​មុន​ខែតុលា ដើម្បី​ឈាន​ទៅ​ដល់​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យដំណើរការ​តែ​ម្តង ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សារ​ធា​រណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​ថា ការ​ស្ថាបនា​រង្វង់​មូល​សួនច្បារ​ត្រើយ​ខាងកើត​នេះ​ត្រូវ​ប្រើ​រយៈពេល​យូរ ក្នុង​នោះ​មាន​ស្ថាបនា​រូបសំណាកព្រហ្ម​បាយ័ន ឬ​ព្រហ្ម​មុខ​បួន ដែល​មានកំ​ពស់ ៩.១៨ម៉ែត្រ​ ទទឹង៥.៤០ម៉ែត្រ​ និង​ក្បាល​នាគ​ចំនួន​៦ ហើយ​មក​ដល់​ពេល​នេះ​ក្រុម​អ្នកជំនាញ​កំពុង​ធ្វើ​សកម្មភាព​ដាប់ថ្ម​ភ្នំ​ឆ្លាក់​រូប និង​ការ​ស្ទូចដំឡើង បន្តុបលើ​គ្នា រួម​ជាមួយនឹង​ការ​ត្រៀមលក្ខណៈ ការ​រចនា​សួនច្បារ​ និង​ការ​ដាំ​កូន​ផ្កា និងកូន​ឈើ​តូច​ៗឲ្យ​មាន​លក្ខណៈ​ស្រស់​ស្អាត​។

ដោយឡែក​សម្រាប់​សួន​រង្វង់​មូល​ត្រើយខាងលិច​វិញ​កម្មករ​ជំនាញ​កំពុងដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ការ​រៀបចំ​ក្រាល​ថ្ម​ម៉ា​ប​ទៀត​ផង​។ លោក​សាំ​ ពិសិដ្ឋ​ បាន​បញ្ជាក់​ថា ការ​កែ​លម្អ​ និង​ការ​ស្ថាបនា​សួនច្បារ​ទាំង២​នេះ មាន​សារសំខាន់​ ដោយមិន​ត្រឹមតែ​ជួយ​សម្រួលការ​កកស្ទះ​ច​រា​រណ៍​នៅ​ចំណុច​ប្រស​ព្វ​ទាំង​២​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​លើកកម្ពស់​សោភ័ណ​ភាព និង​បរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ។

សួនច្បាររង្វង់​មូល​ត្រើយ​ខាងកើត គឺ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ដ៏​ល្អ​ផូ​រផង់តាម​រយៈ​រូបសំណាកព្រះព្រហ្ម ដែល​បាន​ឆ្លាក់​យ៉ាង​ល្អ​ប្រណីត​ស្រប​ទៅ​នឹង​រចនាបថ​ខ្មែរ​។

គួរ​រំលឹក​ថា តាម​ផែនការ​ស្ពាន​ជ្រោយចង្វារ​ថ្មី​នេះ​គ្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ខែកញ្ញា ២០១៥​នេះ​ តែ​សួនច្បារ​រង្វង់​មូល​ជ្រោយចង្វា​រទាំង​២​នេះ​ស្ថាបនា​មិន​ទាន់​រួចរាល់ ដូច្នេះ​សាលា​រាជធានី​ភ្នំពេញ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ពន្យា​​រ​ពេល​ដល់​ខែតុលា​២០១៥​ខាង​មុខ ដែល​ពិធី​សម្ពោធ​គ្រោង​ធ្វើ​ឡើង​ក្រោមអធិបតីភាព​​​សម្តេច​តេ​ជោ​ ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​​ព្រឹទ្ធ​ប​ណ្ឌឹ​ត​ប៊ុ​ន រ៉ា​នី ​ហ៊ុន​ សែន ​ផង​ដែរ ៕​