ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រ​ង្ស៊ី ត្រៀម​ជួប​សន្ទនា​ជាមួយ​សម្តេច​តេ​ជោ ជុំវិញ​សេចក្តីព្រាងច្បាប់​សមាគម និង​ព្រំដែន​ជាមួយ​វៀតណាម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច​ក្នុង​សភា គ្រោង​នឹង​យក​បញ្ហា​ចំនួន​២​គឺ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​បញ្ហា​ព្រំដែន​វៀតណាម ទៅ​ជជែក​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច​ក្នុង​សភា គ្រោង​នឹង​យក​បញ្ហា​ចំនួន​២​គឺ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​បញ្ហា​ព្រំដែន​វៀតណាម ទៅ​ជជែក​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។

លោក សម រ​ង្ស៊ី លើក​ឡើង​បែប​នេះ​ខណៈ​ដែល​មានការ​ព្រួយបារម្ភ​ពី​សង្គម​ស៊ី​វិល លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សកម្មភាព​វៀតណាម ដែល​កំពុង​តែ​បង្ក​បញ្ហា​តាម​ព្រំដែន ដូច​ជា​ការ​ជីក​ស្រះ​នៅ​ខេត្ត​រត​គិរី និង​បញ្ហា​មួយ​ចំនួន​ទៀត ។

លោក សម រ​ង្ស៊ី មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​២២ មិថុនា នៅ​វិមាន​រដ្ឋសភា បន្ទាប់​ពី​ពិភាក្សា​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល ថា តាម​រយៈ​វប្បធម៌​សន្ទនា លោក​នឹង​យក​បញ្ហា​ពីរ​ចំណុច​ខាងលើ​ទៅ​ជជែក​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន តែ​មិន​ទាន់​ដឹង​ថា​ថ្ងៃ​ណា​ទេ ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សង្គម​ស៊ី​វិល​ស្នើ​ឲ្យ​លោក​យក​ចំណុច​ទាំងនោះ​ទៅ​ជជែក និង​មិន​ចង់​មានច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​កើតឡើង ។ ជាង​នេះ ក្រុម​សង្គម​ស៊ី​វិល​ស្នើ​ឲ្យ​លោក​ជជែក​ទល់មុខ​ជាមួយ​សម្តេច​តេ​ជោ​តែ​ម្តង ហើយ​ក្រុម​សង្គម​ស៊ី​វិល​បាន​ជំរុញ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​បញ្ហា​ទាំងនេះ កុំ​អូស​បន្លាយ​យូរ រហូត​ដល់​ច្បាប់​ត្រូវ​បាន​អនុម័ត​ដោយ​សភា​នោះ ។

តាម​រយៈ​ការ​ស្នើ​សុំ​នេះ លោក សម រ​ង្ស៊ី មាន​ប្រសាសន៍​ថា លោក​នឹង​ជជែក​ជាមួយ​គណៈកម្មការ ក៏​ដូច​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ឬ​សមាជិក​សភា ដែល​ជា​ប្រធាន​គណៈកម្មការ​មួយ​ចំនួន​ក្នុង​រដ្ឋសភា ថា​នឹង​ធ្វើ​យ៉ាងដូចម្តេច ។ យ៉ាងណា​ក្តី លោក និង​សង្គម​ស៊ី​វិល មាន​គោល​គំនិត​ដូច​គ្នា គឺ​មិន​ចង់​ឲ្យ​មានច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​ទេ ដោយ​អះអាង​ថា សម្រាប់​កម្ពុជា​មិន​គួរ​មានច្បាប់​នេះ​មក​អនុវត្ត​ឡើយ ។

លោក សម រ​ង្ស៊ី លើក​ឡើង​ទៀត​ថា វប្បធម៌​សន្ទនា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ព្រមព្រៀង​គ្នា​បង្កើត​ឡើង​នេះ មិន​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់​បាន​ភ្លាម​ៗ​ទេ ។ ម្យ៉ាងទៀត ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ដោះស្រាយ​យ៉ាងណា​ក្តី តែ​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​ចិត្ត​ដោះស្រាយ​នោះ ក៏​មិន​អាច​ទៅ​រួច​ដែរ ។

ឆ្លើយ​ពី​ការ​លើក​ឡើង​របស់​សង្គម​ស៊ី​វិល ចង់​ឲ្យ​លោក​ជជែក​ទល់មុខ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នោះ លោក​សម រ​ង្ស៊ី បញ្ជាក់​ថា វប្បធម៌​ស​ន្ទា​ន​មិនមែន​តែ​សម្រាប់​បុគ្គល​ពីរ​នាក់​ទេ គឺ​ត្រូវ​ចាក់​ឫសគល់​គ្រប់​មជ្ឈដ្ឋាន​នៅ​ទូ​ទាំង​ប្រទេស គឺ​មិនមែន​តែ​សម្រាប់ សម រ​ង្ស៊ី និង ហ៊ុន សែន ឬ​រដ្ឋសភា​ឡើយ ។ ចំពោះ​បញ្ហា​ច្បាប់ NGO នេះ យើង​ក៏​មិន​ចង់​ឲ្យ​មាន​ដែរ តែ​យើង​នឹង​រក​វិធី​ដោះស្រាយ​ជាមួយ​គ្នា កុំឱ្យ​ច្បាប់​នេះ​ចេញ​ឆាប់ ។ យើង​មិនដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា មានគំនិត​ចង់​ឲ្យ​មានការ​កែប្រែ​ចំណុច​មួយ​ចំនួន​ឬ​យ៉ាងណា​ទេ ប៉ុន្តែ​បើ​យើង​ប្រើ​វប្បធម៌​សន្ទនា គឺ​យើង​ដឹង​ពី​ចិត្តគំនិត​គេ ។ បើ​គេ​ចង់​ឲ្យ​មានការ​កែប្រែ​ដែរ​នោះ យើង​ក៏​មាន​សង្ឃឹម ផ្ទុយ​ទៅ​វិញ​បើ​គេ​គ្មាន​គំនិត​បែប​នេះ​ទេ​នោះ គឺ​វា​ពិបាក ។

ជាមួយ​គ្នា​នោះ​ដែរ លោក សម រ​ង្ស៊ី បាន​បង្ហាញ​ពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា មិន​គួរ​ធ្វើ​ច្បាប់​ដែល​មានការ​ប្រញាប់ និង​បង្កប់​នូវ​រូបភាព​គាបសង្កត់​សង្គម​ស៊ី​វិល​បែប​នេះ​ទេ​។ ផ្ទុយ​ទៅ​វិញ បើសិន​រាជរដ្ឋាភិបាល​បង្កើត​ច្បាប់ គឺ​ត្រូវ​តែ​ធ្វើ​ឲ្យ​ល្អ ពិសេស​នោះ​ត្រូវ​ផ្តល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ និង​សង្គម​ស៊ី​វិល​កាន់តែ​ច្រើន​ឡើង ព្រោះថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​មិន​ទាន់​បំពេញតម្រូវការ ឬ​មាន​ដំណោះស្រាយ​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ ឬ​សាធារណជន​ទេ គឺ​បើ​កុំ​តែ​មាន​អង្គការ​សង្គម​ស៊ី​វិល​ដែល​បម្រើ​ការងារ​ក្នុង​ប្រទេស ជួយ​បង្ហាញផ្លូវ ឬ​ជួយ​ដោះស្រាយ ទើប​រាជរដ្ឋាភិបាល​ដឹង ។

ក្នុង​កិច្ចប្រជុំ​ដែល​ចំណាយពេល​ជិត​៣​ម៉ោង​នោះ ក្រុម​សង្គម​ស៊ី​វិល​ក៏​ជំរុញ​ឱ្យ​លោក សម រ​ង្ស៊ី ចរចា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​កុំឱ្យ​ច្បាប់​នេះ​ត្រូវ​រដ្ឋសភា​អនុម័ត ។ ជាង​នេះ​ទៀត ក្រុម​សង្គម​ស៊ី​វិល​បាន​ស្នើ​ឡើង​ទៀត​ថា​ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​សម័យ ប្រជុំ​ពេញអង្គ​សភា​នោះ «​តើ​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ហ៊ាន​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ ឬ​ដើរ​ចេញពី​អង្គប្រជុំ​សភា​ដែរ​ឬទេ?​» យ៉ាងណា​ក្តី លោក សម រ​ង្ស៊ី អះអាង​ថា លោក​នឹង​យក​ចំណុច​ដែល​ក្រុម​សង្គម​ស៊ី​វិល​ស្នើ​ទៅ​ពិភាក្សា​ជាមួយ​តំ​ណា​រាស្ត្រ​របស់​ខ្លួន ព្រមទាំង​ពិភាក្សា​ជាមួយ​គណៈកម្មការ​ជំនាញ​ដែល​មាន​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ប្រធាន ។

គួរ​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស់​ស្តី​ពី​អង្គការ​សង្គម​ស៊ី​វិល​នេះ ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​បញ្ជូន​ទៅ​សភា​រួច​ហើយ កាលពី​ពេល​កន្លង​មក ។ សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ មាន​៩​ជំពូក និង​៣៩​មាត្រា ៕