ខេត្តបាត់ដំបង ៖ សមត្ថកិច្ចស្រុកសំឡូតបានឲ្យដឹងថា បុរសម្នាក់ទំនងជាតូចចិត្តនឹងប្រពន្ធមិនឲ្យរួមដំណេក ទើប សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយផឹកថ្នាំពុលសញ្ញាក្បាលខ្មោច កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២០ មិថុនា ២០១៥ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅភូមិអូរទទឹម ឃុំតាសាញ ស្រុកសំឡូត គ្រាដែលប្រពន្ធគេចទៅដេកផ្ទះអ្នកជិតខាង ។
អធិការរងស្រុកសំឡូត លោកម៉ែន រីម បានឲ្យដឹងថា ជនរងគ្រោះឈ្មោះរ៉ែម រ៉ា អាយុ៣៥ឆ្នាំ បានផឹកថ្នាំពុលដែលមានសញ្ញាក្បាលខ្មោច ដែលកសិករនៅតំបន់នោះប្រើសម្រាប់បាចបំពុលសត្វចាប ដែលស៊ីបំផ្លាញស្រូវ ពេលនៅក្នុងផ្ទះម្នាក់ឯង រីឯប្រពន្ធគេចទៅដេកនៅផ្ទះអ្នកជិតខាង បន្ទាប់ពីផ្ទុះជម្លោះជាមួយគ្នាមួយប្រាវកាលពីក្បាលព្រលប់ ។
សាច់ញាតិជនរងគ្រោះដែលនៅក្បែរនោះ បានដឹងភ្លាមៗបន្ទាប់ពីបុរសនេះផឹកថ្នាំពុលប្រកាច់បែកពពុះមាត់ធ្លាក់ពីលើគ្រែ តែហួសពេលនឹងជួយសង្គ្រោះទៅហើយ ។
ប្រភពមិនច្បាស់ការពីអ្នកជិតខាង និងសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា ការសម្លាប់ខ្លួននេះទំនងជាបណ្តាលមកពីប្រពន្ធមិនឱ្យរួមដំណេក ព្រោះជាញឹកញាប់គេឃើញប្ដីប្រពន្ធ១គូនេះតែងឈ្លោះប្រកែកគ្នា ដែលភាគច្រើនគឺរឿងរួមដំណេក ដែលពេលខ្លះគេលឺប្រពន្ធនិយាយបដិសេធត្រង់ៗមិនឲ្យប្ដីដេកជិត ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ