រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យចេញផ្សាយ និងធ្វើចរាចរណ៍ប្រើប្រាស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រប្រភេទ១០០០០រៀលគំរូថ្មី ។
ធនាគារជាតិនៃកម្ពុជា សូមប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈសម្គាល់នៃធនប័ត្រគំរូថ្មីនេះ មានដូចខាងក្រោម ៖
ក-លក្ខណៈទូទៅ ៖
-ទំហំធនប័ត្រ ៖ បណ្តោយ១៥៥មិល្លីម៉ែត្រ និងទទឹង៧២មិល្លីម៉ែត្រ
-ពណ៌ចម្បង គឺពណ៌ទឹកសមុទ្រ ពណ៌ទឹកក្រូច និងពណ៌ត្នោត ។
ខ-ផ្ទៃខាងមុខ ៖
-ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មើលពីមុខបញ្ឆិតចំហៀងខាងឆ្វេង និងមានរូបក្បាច់ចម្លាក់ប្រាសាទបន្ទាយស្រីនៅពីក្រោយនិងពីក្រោម ខាងឆ្វេងមានលេខ «១០០០០» នៅពីលើគេបន្ទាប់មកគឺជាហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបចម្លាក់ហោជាងប្រាសាទក្នុងព្រះបរមរាជវាំង និងនៅពីក្រោមមានលេខ- មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ រូបចម្លាក់នាគក្បាល៧ នៅប្រាសាទធម្មនន្ទ និងអក្សរ «មួយម៉ឺនរៀល» ព្រមទាំងអក្សរ «អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់» នៅគែមខាងក្រោមនោះ ។
-ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» ជ្រុងក្រោមមានលេខ-មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម និងមានលេខ «១០០០០» ព្រមជាមួយលេខ «10000» នៅពីក្រោមនោះ និងនៅគែមក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលនឹងចេញជាលេខ «10000» ពេលមើលឆ្លុះទៅរកប្រភពពន្លឺអ្វីមួយ ។
-ផ្នែកខាងឆ្វេង មានលេខ «10000» ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងមាននិមិត្តសញ្ញាពិសេសសម្រាប់ជនពិការភ្នែកនៅពីក្រោមនោះ និងនៅកៀនខាងឆ្វេងមានបន្ទះហូឡូក្រាម ទំហំ១០មិល្លីម៉ែត្រ ប្រកបដោយបច្ចេកវិទ្យាទំនើប និងស្តង់ដាកម្រិតខ្ពស់ កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម ។
គ-ផ្ទៃខាងខ្នង ៖
-ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវ
រូបភាពប្រាសាទនាគព័ន្ធក្នុងខេត្តសៀមរាប និងមានអក្សរ «មួយម៉ឺនរៀល» នៅពីក្រោមនោះ ។
-ផ្នែកខាងស្តាំ មានរូបចម្លាក់ថ្មពលហៈ (ជាព្រះពោធិសត្វ) នៅក្នុងប្រាសាទនាគព័ន្ធ និងមានលេខ «១០០០០» នៅពីក្រោមនោះ ព្រមទាំងលេខ «10000» ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរនៅជ្រុងខាងលើ ។
-ផ្នែកខាងឆ្វេង ខាងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» និងអក្សរ «NATIONAL BANK OF CAMBODIA» នៅបន្ទាប់គ្នា ខាងក្រោមមានលេខ «១០០០០» ព្រមជាមួយលេខ «2015» នៅពីលើនោះ និងនៅគែមក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលចេញជាលេខ «10000» ពេលមើលឆ្លុះទៅរកប្រភពពន្លឺអ្វីមួយ ។
ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រប្រភេទ ១០០០០រៀលគំរូថ្មី ត្រូវបានដាក់ឱ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយរួចមកហើយ ។ សាធារណជនគ្រប់រូបត្រូវពិនិត្យ-សម្គាល់ធនប័ត្រថ្មីនេះឱ្យបានច្បាស់លាស់ដើម្បីចៀសវាងការភ័ន្តច្រឡំ ៕
ចែករំលែកព័តមាននេះ