ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ជញ្ជ្រាំង​ស្រូវ​​​ឆេះរាល​ដល់​ភូមិ​ផ្អើល​ទាំង​ថ្ងៃ​បាន​ឡានទឹក​ពន្លត់​ទាន់

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖​ មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាលថ្ងៃត្រង់​ដោយសារ​អគ្គិភ័យ​ឆេះ​ជញ្ជ្រាំង​ស្រូវ​ ហើយ​រាល​មក​ឆេះ​ដល់​តាម​ជើង​ភូមិ​ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ​ ដោយ​សារបាន​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​

ខេត្តពោធិ៍សាត់​ ៖​ មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាលថ្ងៃត្រង់​ដោយសារ​អគ្គិភ័យ​ឆេះ​ជញ្ជ្រាំង​ស្រូវ​ ហើយ​រាល​មក​ឆេះ​ដល់​តាម​ជើង​ភូមិ​ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ​ ដោយ​សារបាន​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២០​ មេសា​ ២០១៥ ​នៅ​ភូមិ​បឹង​យា​ ឃុំ​វាល​ ស្រុក​កណ្ដៀង​។ ​លោក​វរសេនីយ៍ទោ​លីវ សេង​ហ៊ី​ម​ អធិការ​នគរបាល​ស្រុក​កណ្ដៀង​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​​១​ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២០​ មេសា ​ប្រ​ជាពលរដ្ឋ​ភូមិ​បឹង​យា​បាន​រាយការណ៍​មក​ថា​ មាន​ករណី​ភ្លើង​ឆេះ​ជញ្ជ្រាំង​ស្រូវ​នៅ​ឯ​ទីវាល​ ហើយ​កំពុង​រាល​ឆេះ​យ៉ាង​លឿន​តាម​ការ​បក់​ផាត់​របស់​កម្លាំង​ខ្យល់​សំដៅ​មក​កាន់​ភូមិ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ​ផ្អើល​ឆោឡោ​ទាំង​ថ្ងៃ​ ទោះបី​នាំ​គ្នា​ដងទឹក​ពន្លត់​ និង​យក​ដំបង​វាយ​ជញ្ជ្រាំង​ស្រូវ​ដែល​កំពុង​ឆេះ​នោះ​យ៉ាងណា​ក៏ដោយ​ក៏​មិន​អាច​ឈ្នះ​ដែរ​ដោយសារ​ទំហំ​មុខ​ភ្លើង​វែង​។​

បន្ទាប់​ពី​ទទួល​បាន​ព័​ត៌​ត​មាន​នេះ​ភ្លាម​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​ភ្លើង​កំពុង​តែ​រាល​មក​ឆេះ​ពំនូកចំបើង​យ៉ាង​សន្ធោសន្ធៅ​ ក៏បាន​ទូរស័ព្ទ​ទៅ​រថយន្ត​ពន្លត់អគ្គិភ័យ​ដើម្បី​មក​ជួយ​អន្តរាគមន៍​ជា​បន្ទាន់​។​ ខ​ណៈពេល​ដែល​ភ្លើង​កំពុង​រាល​ទៅ​ឆេះ​ដល់​ពំនូកចំបើង​ទី​២ ​និង​ឆេះ​គុ​ម្ភ​ឫស្សី​ក្នុង​របង​បរិវេណ​ម៉ុង​ខ្មោច​វត្ត​លោក​យួន ​និង​សល់​តែ​ប្រមាណ​១០​ម៉ែត្រ​ទៀត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​មក​ដល់​ល្មម​ហើយ​បាន​ធ្វើការ​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា​។

លោក​វរសេនីយ៍ឯក​ព្រំ សា​រុន​ ស្នងការ​រង​ទទួល​បន្ទុក​អគ្គិភ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ គ្រោះ​អគ្គិភ័យ​នេះ​យើង​បាន​ប្រើ​ទឹក​អស់​ចំនួន​០៣​រថយន្ត​ក្នុង​ការ​បាញ់​ពន្លត់​។​ បើសិនជា​រថយន្ត​ពន្លត់អគ្គិភ័យ​មក​យឺត​ពេល​តែ​១០​នាទី​ទៀត​អគ្គិភ័យ​ប្រាកដជា​រាល​ឆេះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​នោះ​ជា​មិន​ខាន​។ ​អគ្គិ​ភ័យ​នេះ​បង្ក​ឡើង​ដោយសារ​មាន​អ្នក​ដុត​ជញ្ជ្រាំង​ស្រូវ​ចោល​នៅ​ឯ​ទីវាល ​ហើយ​ត្រូវ​ខ្យល់​បក់​ក៏រាល​មក​ឆេះ​ដល់​ភូមិ​ប្រជាពលរដ្ឋ​រស់នៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព