ខេត្តកំពង់ចាម ៖ ករណីភ្លើងប្រចណ្ឌធ្វើឱ្យបុរសម្នាក់ឈ្មោះឡេង ស៊ីថា អាយុ៣៧ឆ្នាំ រស់នៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ យកសាំងដាក់ក្នុងកំប៉ុងប៊ីយ៉ែទៅស្រោចលើបុរសចំណាស់ម្នាក់ឈ្មោះ ប៊ិន យីម អាយុ៥២ឆ្នាំប៉ងដុតសម្លាប់ ដោយសារខឹងចូលចិត្តមកនិយាយលេងសើចជាមួយប្រពន្ធរបស់ខ្លួនជាញឹកញាប់ ។
ហេតុការណ៍នេះកើតនៅវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី១៩ មេសា ២០១៥ បណ្តាលឱ្យឆាបឆេះរលាកខ្លួនប្រាណបុរសចំណាស់ខាងលើមួយចំហៀងខ្លួនខាងស្តាំ ហើយត្រូវបានអ្នកភូមិនាំគ្នាជួយអន្តរាគមន៍ចុះចាប់បុរសបង្កប្រគល់ឱ្យសមត្ថកិច្ច ។
លោកវរសេនីយ៍ត្រី សំ ណាល់ អធិការនគរបាលស្រុកបាធាយប្រាប់ឱ្យដឹងថា ផ្ទះរបស់ជនដៃដល់និងផ្ទះជនរងគ្រោះនៅជាប់គ្នា ហើយកន្លងមក ទើបឈ្មោះស៊ីថាកើតរោគប្រចណ្ឌចេះតែសម្លក់សំឡឹងដាក់បុរសចំណាស់នោះ ។
លោកបន្តថា ស្របពេលដែលនៅយប់ថ្ងៃកើតហេតុកំពុងតែស្ថិតនៅក្នុងបរិវេណផ្ទះរបស់ខ្លួន ស្រាប់តែបុរសបង្កបានដើរចូលទៅដោយក្នុងដៃមានកាន់កំប៉ុងប៊ីយែដាក់ប្រេងសាំងពេញចាក់លើខ្លួនប្រាណ រួចយកដែកកេះដុតជាហេតុបណ្តាលឱ្យឆាបឆេះរលាកមួយចំហៀងខ្លួនផ្នែកខាងស្តាំ ហើយប្រេងនៅសល់ក្នុងកំប៉ុងខ្លះត្រូវប្រពន្ធអ្នករងគ្រោះឃើញបានយកដៃវាសចេញធ្លាក់ទៅលើដី ។
ភ្លាមៗនោះបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាដងទឹកមកជះលើខ្លួនប្រាណ រហូតដល់ភ្លើងរលត់ រួចបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ។ ចំណែកជនបង្កវិញ នៅរសៀលថ្ងៃទី២០ មេសា នេះ កំពុងត្រូវបានសមត្ថកិច្ចសួរនាំផង
ដែរ ។
ចែករំលែកព័តមាននេះ