ខេត្តត្បូងឃ្មុំ ៖ រហូតមកទល់ព្រឹកថ្ងៃទី១៨ មេសា ២០១៥ នេះ ជនសង្ស័យឈ្មោះដុក លី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិដារ ឃុំដារ ស្រុកមេមត់ នៅមិនទាន់ត្រូវសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួនបាននៅឡើយ ក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ ដោយបានប្រើកាំបិតខ្វេវកាប់ប្រហារទៅលើគូបដិបក្សក្នុងវង់រាំធុងបាស់មួយកន្លែងក្នុងភូមិដារត្បូង ឃុំដារ កាលពីរសៀលថ្ងៃទី១៥ មេសា ២០១៤ ត្រូវនឹងថ្ងៃចូលឆ្នាំទី២ បណ្តាលឱ្យជនរងគ្រោះរងរបួសចំក្បាលហូរឈាមស្រោចពេញខ្លួន ។
លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ អធិការនគរបាលស្រុកមេមត់ឱ្យដឹងថា ជនរងគ្រោះឈ្មោះយ៉ែម រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដារត្បូង ឃុំដារ កំពុងតែរាំលេងជាមួយនិងមិត្តភក្តិជាច្រើននាក់ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១៥ មេសា ក៏ត្រូវជនសង្ស័យខាងលើមកកាប់ប្រហារពីខាងក្រោយចំនួន៣កាំបិត ក្នុងនោះត្រូវខ្នង២កាំបិត និងក្បាល១កាំបិតដេកដួលទៅលើ
ដីរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលពេញវង់រាំ ។
ប្រភពបន្តថា ចំណែកជនបង្កបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកកាំបិតខ្វេវ១នៅកន្លែងកើតហេតុ បន្ទាប់មកកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំដារបានចុះទៅដល់ទីនោះ ។ ដោយបានសួរនាំសាក្សីជាច្រើននាក់ និងការបំភ្លឺពីជនរងគ្រោះទើបដឹងថា មូលហេតុដែលកើតឡើងនេះ គឺដោយសារតែភាគីទាំងសងខាងមានទំនាស់ជាមួយនឹងគ្នាកាលពីមុនមក លុះពេលដែលមានគំនុំសងសឹកគ្នា ស្របពេលដែលឃើញជនរងគ្រោះកំពុងតែរាំលេងសប្បាយចូលឆ្នាំនោះ ភ្លេចខ្លួននោះគូជម្លោះបានដាក់កាំបិតតាមខ្លួនដោយមិនមានដងនោះទេ ទាញមកកាប់ប្រហារលើជនរងគ្រោះតែម្តង ។
នៅក្នុងហេតុការណ៍ហិង្សានោះ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ និងនាំទៅសង្គ្រោះនៅប្រទេសវៀតណាម ។
ចែករំលែកព័តមាននេះ