រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក កាលពីព្រឹកថ្ងៃទី១០ មេសា នៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានការរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ ស្តីពីលទ្ធផលនៃការស្រាវជ្រាវលើករណីមន្ត្រីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង លើកគ្នាដេញបាញ់ និងចាប់ជាន់កអ្នកបើករថយន្តដឹកស្រូវ ប្រៀបដូចជាចាប់ឧក្រិដ្ឋជន ព្រមទាំងវាយដំ ។
សន្និសីទសារព័ត៌មាននេះធ្វើឡើងដោយគណៈកម្មការចំពោះកិច្ចដែលមានសមាសភាពលោកឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរង និងជានាយស្នងការយុត្តិធម៌ ប្រធានគណៈកម្មការចំពោះកិច្ច លោកវរសេនីយ៍ឯក គង់ សត្ថារិន នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក គង់ ឈឿន នាយរងការិយាល័យបុគ្គលិក លោកវរសេនីយ៍ឯក គី មករា ជំនួយការមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកវរសេនីយ៍ទោ ឆាយ សូគា នាយរងការិយាល័យបទល្មើសជួញដូរមនុស្ស លោកវរសេនីយ៍ត្រី ភុល សាមុត នាយផ្នែកការិយាល័យបទល្មើសព្រហ្មទណ្ឌ លោកវរសេនីយ៍ត្រី ចាន់ វិតូ នាយផ្នែកការិយាល័យបទល្មើសព្រហ្មទណ្ឌ លោកវរសេនីយ៍ត្រី ភឿន ភទ្ទមុនី នាយផ្នែកបទល្មើសព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ស អេង នាយរងការិយាល័យអធិការកិច្ច ។
លោកឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី បានថ្លែងឱ្យដឹងថា ក្រោយពីរឿងហេតុកើតឡើង នៅយប់ថ្ងៃទី១៩ មីនា ២០១៥ នៅចំណុចភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយសារវាមានការពាក់ព័ន្ធជាមួយកម្លាំងកងរាជអាវុធហត្ថ ដែលបានរួមប្រតិបត្តិការនាយប់នោះ ហើយសារព័ត៌មានក៏បានចុះផ្សាយពីហេតុការណ៍នោះដោយមានទាំងរូបភាពផង ពេលនោះលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យរូបលោករៀបចំគណៈកម្មការចំពោះកិច្ចមួយជាបន្ទាន់ ដើម្បីចុះធ្វើការស្រាវជ្រាវលើករណីនេះ និងដើម្បីស្វែងរកការពិត ព្រោះនៅក្នុងកិច្ចប្រតិបត្តិការនោះ គឺមានកម្លាំងកងរាជអាវុធហត្ថក្នុងនោះផង ។ ក្រោយពីបង្កើតគណៈកម្មការចំពោះកិច្ចបានចាប់ផ្តើមស្រាវជ្រាវករណីនេះចាប់ពីថ្ងៃទី២៣ មីនា រហូតដល់ថ្ងៃទី៣ មេសា ទើបចប់ និងបានរាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី៩ មេសា ហើយព្រឹកថ្ងៃទី១០ មេសា ដោយមានបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ មេបញ្ជាការឱ្យធ្វើសន្និសីទកាសែតជាបន្ទាន់ ព្រោះសំណុំរឿងនេះមានការចាប់អារម្មណ៍ពីសំណាក់មជ្ឈដ្ឋានក្នុងប្រទេស និងក្រៅប្រទេស ។
លោកថ្លែងថា លទ្ធផលនៃការស្រាវជ្រាវទី១និយាយពីអង្គហេតុ គឺនៅថ្ងៃទី១៩ មីនា ២០១៥ វេលាម៉ោង៩យប់ មានរថយន្តយីឌុបដឹកស្រូវ១គ្រឿងចេញពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានគោលដៅទៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង យកទៅលក់នៅព្រំដែនវៀតណាម ។
អ្នកបើកបររថយន្តយីឌុបនេះឈ្មោះ ណេន ស៊ីដា ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ធឿន ណេប ហៅម៉ៅ អាយុ២០ឆ្នាំ ជាព្រូរថយន្ត ។ លោក ស៊ិន សុផានី្ន បន្តថា រថយន្តយីឌុបដឹកស្រូវ បានឆ្លងកាត់ស្រុកចំការលើ មកដល់ចំណុចជញ្ជីងត្រើងក៏បានឈប់ ហើយចូលបង់លុយទៅទីនោះ ប៉ុន្តែមិនបានចូលថ្លឹងរថយន្តទេ រួចបើកបន្តតាមផ្លូវជាតិលេខ៧បត់ថ្នល់កែង ឆ្ពោះមកផ្លូវជាតិលេខ១១ ជួបនឹងក្រុមជញ្ជីងចល័ត ចំណុចគីឡូម៉ែត្រលេខ៨៩ ក្នុងចំណុចភូមិស្លា ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ពេលនោះសមត្ថកិច្ចជញ្ជីងក៏ឃាត់ឱ្យឈប់ តែរថយន្តនោះមិនបានឈប់ទេ ក៏បើកបន្តទៅទៀត ហើយក៏មានរថយន្តកាមរី២គ្រឿងរបស់ក្រុមជញ្ជីងដេញតាមពីក្រោយ ។ ពេលដែលដេញ គឺក្រុមជញ្ជីងបានទូរស័ព្ទទៅមេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរាំងឪ ដើម្បីសុំឱ្យកម្លាំងសហការ ព្រោះរថយន្តនោះមិនព្រមឈប់ចូលកន្លែងជញ្ជីងចល័ត ។ ពេលទូរស័ព្ទគឺមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលនៅជាមួយក្រុមជញ្ជីងចល័តប្រាប់ថា រថយន្តដឹកស្រូវនោះពេលបើកមកដល់មុខវត្តស្រែស្ពៃ ក៏ជួបគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះរបស់ប៉ូលិស ហើយក៏មិនឈប់ទៀតនិងបើកកៀបារាស់ដួល និងបើករថយន្តដល់ចំណុចភូមិស្វាយសុធម ឃុំអំពិលតាពក ស្រុកអូររាំងឪ បានបុករថយន្តកាមរី១គ្រឿងដែលចតស្តាំដៃបញ្ច្រាសទិសគ្នា បណ្តាលឱ្យខ្ទាតរថយន្តកាមរីនោះប៉ះលើមនុស្ស២នាក់ឱ្យរងរបួស គឺឈ្មោះ ស្រុន ភារិទ្ធ ម្ចាស់រថយន្តរបួសស្រាល និងឈ្មោះ អុិត ចន្ថា មុខរបររត់រ៉ឺម៉កម៉ូតូ របួសធ្ងន់ រួចបើករថយន្តទៅមុខទៀត ។
មន្ត្រីដដែលបន្តថា ពេលនោះរថយន្តយីឌុបដឹកស្រូវបើករត់ ទើបមេបញ្ជាការស្រុកអូររាំងឪ លោកវរសេនីយ៍ត្រី វ៉ន ពឿន យកអាវុធអាកា១ដើមចេញពីរថយន្តស៊ីរ៉ែន របស់កងរាជអាវុធហត្ថឡើងជិះរថយន្តស៊ីរ៉ែនរបស់ប៉ូលិសស្រុកអូររាំងឪ ដេញតាមរថយន្តនោះ ។ រថយន្តប៉ូលិសបើកតាមពីក្រោយ ហើយរថយន្តកងរាជអាវុធហត្ថបើកពីក្រោយទៀត ដូច្នេះសរុបទៅមានរថយន្ត៤គ្រឿងដែលដេញតាម ។ ក្នុងពេលដេញ រថយន្តប៉ូលិសស្រុកអូររាំងឪ និងអាវុធហត្ថបានបើកស៊ីរ៉ែនវ៉ារថយន្តដឹកស្រូវឃាត់ឱ្យឈប់ តែរថយន្តនោះអត់ឈប់ទេ បានបើករេពេញផ្លូវ ទើបមេបញ្ជាការស្រុកអូររាំងឪដែលជិះក្នុងរថយន្តស៊ីរ៉ែនប៉ូលិសយកកាំភ្លើងអាកាបាញ់ឡើងលើចំនួន៣លើក ១លើកៗ៣គ្រាប់ នៅក្នុងភូមិសាស្ត្រស្រុកអូររាំងឪនោះ ដើម្បីឃាត់ឱ្យរថយន្តដឹកស្រូវឈប់ តែរថយន្តនោះមិនឈប់ទេ ។ ដោយសារផុតពីភូមិសាស្ត្រស្រុកអូររាំងឪ មេបញ្ជាការអាវុធហត្ថស្រុកបានទូរស័ព្ទទៅលោកឧត្តមសេនីយ៍មេបញ្ជាការរងម្នាក់ថា រថយន្តនោះមិនឈប់ទេ ថែមទាំងមានចេតនាបំបុករថយន្តសមត្ថកិច្ចទៀត ។
ពេលសុំគោលការណ៍បាញ់ប្រធានស្នាក់ការឯកភាពឱ្យបាញ់ឡើងលើ ដើម្បីឃាត់អីុចឹងមានអាវុធហត្ថដែលនៅខាងក្រោយក៏លើកកាំភ្លើងចេញក្រៅបម្រុងបាញ់ តែត្រូវរថយន្តដឹកស្រូវជល់គូទពីក្រោយខ្ទាត ផ្ទុះអាវុធ៤-៥គ្រាប់។ ពេលនោះរថយន្តដឹកស្រូវមិនព្រមឈប់ទៀត តែមានរថយន្តធំ១គ្រឿងមកពីមុខរថយន្តសីុរ៉ែនរបស់សមត្ថកិច្ច ធ្វើឱ្យរថយន្តដឹកស្រូវទៅមុខលែងរួច បង្ខំចិត្តឈប់នៅចំណុចភូមិធ្នង់ ឃុំជីខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ពេលឈប់ភ្លាមកម្លាំងនៅលើរថយន្តស៊ីរ៉ែនបានចុះទៅទាញព្រូរថយន្តឱ្យចុះ ហើយកងរាជអាវុធហត្ថដែលកាន់កាំភ្លើងបានបាញ់មួយគ្រាប់ឡើងលើទៀត ។ ពេលព្រូឡានចុះមកមានការប្រវាយប្រតប់គ្នា ពេលនោះតែម្ដង ហើយរថយន្តសីុរ៉ែនមកដល់បន្តបន្ទាប់មានរថយន្តប៉ូលិសស្រុកអូរាំងឪ រថយន្តកងរាជអាវុធហត្ថស្រុកអូររាំងឪ រថយន្តបាឡែនដែលតាមពីក្រោយ ក៏បានវាយដំប្រើអំពើហិង្សាទៅលើម្ចាស់រថយន្តនិងព្រូធ្វើឱ្យមានរបួសស្នាមពេញខ្លួន ដូចដែលសារព័ត៌មានបានចុះផ្សាយកន្លងមក ហើយបានចាប់ចងដៃចងជើងដូចជ្រូកជាន់ក្បាល ។ ក្រោយមកពេលចាប់បានហើយក៏ខាងអាវុធហត្ថស្រុកអូររាំងឪ លើកជនទាំង២នាក់ដឹកយកទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ហើយកងកម្លាំងក៏បានដកទៅគោលដៅរៀងខ្លួនវិញ ។
លោកឧត្តមសេនីយ៍ ស៊ិន សុផាន្នី មេបញ្ជាការរង និងជានាយស្នងការដ្ឋានបានរៀបរាប់អង្គហេតុជាហូរហែដោយមិនលម្អៀងទៅខាងភាគីណាឡើយ ។ លោកបន្តថា គណៈកម្មការចំពោះកិច្ចស្រាវជ្រាវរកការពិត ឱ្យដឹងអ្នកណាខុសអ្នកណាត្រូវ ហើយបានរាយការណ៍ទៅមេបញ្ជាការសម្រេច ។
គណៈកម្មការបានជួបភាគីទាំងសងខាងសួរយកចម្លើយដោយមិនមានការគាបសង្កត់ខាងណាទេ ហើយគណៈកម្មការនេះមានតួនាទីសាកសួរប្រមូលព័ត៌មានតែប៉ុណ្ណោះ ។ ក្រោយពីប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយហើយ បានរាយការណ៍ជូនមេបញ្ជាការ ទើបនៅថ្ងៃទី៩ មេសា លោកនាយឧត្តមសេនីយ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថជាជនដៃដល់ចំនួន៦នាក់ដែលប្រើអំពើហិង្សាទៅលើអ្នកបើកបររថយន្ត និងព្រូ បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ក្នុងនោះ ៖
១-លោកវរសេនីយ៍ត្រី វ៉ន ពឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូររាំងឪ (ជាន់ក្បាលអ្នកបើកបរ) ។
២-លោកអនុសេនីយ៍ត្រី ស្រ៊ុន បូរ៉ា នាយកងរាជអាវុធហត្ថស្រុកអូររាំងឪ ។
៣-លោកពលបាលទោ កង ចិត្រា នាយកងរាជអាវុធហត្ថស្រុកអូរាំងឪ ។
៤-លោកអនុសេនីយ៍ឯក យិន ទ្បាង ប្រធានស្នាក់ការសន្តិសុខ៨០៨ខេត្តព្រៃវែង ។
៥-លោកពលបាលទោ វួន សុភី នាយកងរាជអាវុធហត្ថ ស្នាក់ការ៨០៨ខេត្តព្រៃវែង ។
៦-លោកពលបាលទោ ផូ វិរាម នាយកងរាជអាវុធហត្ថ ស្នាក់ការ៨០៨ខេត្តព្រៃវែង ។
ក្នុងនោះមានមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងត្បូងឃ្មុំ ត្រូវបានដាក់វិន័យកងកម្លាំង និងឱ្យសរសេរជាលាយល័ក្ខណ៍អក្សរជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
លោក ស៊ិន សុផាន្នី បញ្ជាក់ជាចុងក្រោយថា មន្ត្រីកងរាជអាវុធហត្ថទាំង៦នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
តាមប្រភពព័ត៌មានពីខេត្តព្រៃវែង បានឱ្យដឹងថា មន្ត្រីប៉េអឹម៦នាក់ដែលត្រូវនាំខ្លួនទៅតុលាការនោះនាវេលាល្ងាចថ្ងៃទី១០ មេសា ត្រូវបានតុលាការចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តហើយ ។
អ្នកកាសែតត្រូវបានតុលាការខេត្តហាមផ្តាច់មិនឱ្យចូលយកព័ត៌មាននេះទេ៕
ចែករំលែកព័តមាននេះ