ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្លីនិក​យីហោ កែវ ចិន្តា បង្កើត​កូន​ស្លា.ប់​ម្តាយ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ស្ត្រី​ម្នាក់​បាន​ស្លា.ប់​ភ្លាមៗ​ក្នុង​បន្ទប់​សម្រាល​នៅ​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ស្ពឺ ខណៈ​ដែល​ស្ត្រី​រង​គ្រោះ​រូប​នោះ​ត្រូវ​បាន​ប្តី​ដឹក​បញ្ជូន​មក​គ្លីនិក​យីហោ កែវ ចិន្តា នៅ​ទល់​មុខ​ផ្សារ​ត្រែង​ត្រយឹង

ខេត្ត​កំពង់​ស្ពឺ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ក្នុង​បន្ទប់​សម្រាល​នៅ​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ស្ពឺ ខណៈ​ដែល​ស្ត្រី​រង​គ្រោះ​រូប​នោះ​ត្រូវ​បាន​ប្តី​ដឹក​បញ្ជូន​មក​គ្លីនិក​យីហោ កែវ ចិន្តា នៅ​ទល់​មុខ​ផ្សារ​ត្រែង​ត្រយឹង បន្ទាប់​សម្រាល​កូន​ហើយ​ធ្លាក់​ឈាម​ឥត​ឈប់ ។

ស្ត្រី​ដែល​ស្លាប់​ចោល​កូន និង​ប្តី​មាន​ឈ្មោះ​ហុង ឡេង អាយុ​២២​ឆ្នាំ មុខ​របរ​ធ្វើ​ស្រែ រស់​នៅ​​ជា​មួយ​ប្តី​ឈ្មោះ​ទេព សាក់ អាយុ​២៧​ឆ្នាំ មុខ​របរ​ធ្វើ​ស្រែ រស់​នៅ​ក្នុង​ភូមិ​រំដួល​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ ។

តាមសម្តី​របស់​ប្តី​ស្ត្រី​រងគ្រោះ​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​០៦ មេសា ២០១៥ ប្រពន្ធ​របស់​គាត់​បាន​ឈឺ​ពោះ​ឆ្លង​ទន្លេ ហើយ​លោក​ក៏​បញ្ជូន​មក​សម្រាល​នៅ​គ្លីនិក​ឯក​ជន​មួយ​ដែល​មាន​យីហោ​ កែវ ចិន្តា ហើយ​រហូត​មក​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់ ក៏​សម្រាល​កូន ប៉ុន្តែ​ស្ថាន​ភាព​របស់​ប្រពន្ធ​លោក​មិន​ប្រក្រតី​ ដោយ​ធ្លាក់​ឈាម​រហូត​ គាត់​ក៏​បញ្ជូន​បន្ត​មក​ព្យា​បាល និង​សង្គ្រោះ​ជីវិត​នៅ​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ស្ពឺ ប៉ុន្តែ​រហូត​មកដល់​ម៉ោង​២​និង​៥០​នាទី​រសៀល ថ្ងៃទី​០៧ មេសា ២០១៥ ប្រពន្ធ​របស់​លោក​ក៏​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​បង់​ជីវិត ។

បើ​តាម​សម្តី​របស់​អ្នក​គ្រូ​ពេទ្យ​ប្រចាំ​ការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​បាន​និយាយ​ឱ្យ​ដឹង​ថា ស្ត្រី​ខាង​លើ គឺ​បាន​ស្លាប់​ពិត​ប្រាកដ​មែន ប៉ុន្តែ​​គឺ​បញ្ជូន​មក​ពីគ្លីនិក​យីហោ កែវ ចិន្តា នៅ​ម្តុំ​ផ្សារ​ត្រែង​ត្រយឹង ដោយ​អាការ​ធ្លាក់​ឈាម​ខ្លាំង​ពេក ទើប​បញ្ជូន​មក ប៉ុន្តែ​ជួយ​សង្គ្រោះ​មិន​បាន ក៏​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ ។

បច្ចុ​ប្បន្ន​សព​ស្ត្រី​រងគ្រោះ​កំពុង​តម្កល់​នៅ​ក្នុង​សាល​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​រង់​ចាំ​សាច់​ញាតិ​មក​ទទួល​យក ដើម្បី​ទៅ​ធ្វើ​បុណ្យ ។ ពាក់​ព័ន្ធ​នឹង​ករណីគ្លីនិក​ កែវ ចិន្តា សម្រាល​កូន​ហើយ​ម្តាយ​ស្លាប់​នេះ អ្នក​យក​ព័ត៌​មាន​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​ម្ចាស់​គ្លីនិក​បាន​ទេ ៕