បើសិនគ្រាន់តែជាបញ្ហាខ្យល់គរ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ព្រោះអ្នកជំងឺអាចដឹងខ្លួនវិញបន្ទាប់ពីបាត់បង់ស្មារតីត្រឹមតែ២ឬ៣នាទីក្រោយមកក៏ដឹងខ្លួនឡើងវិញ ហើយការទទួលទានទឹកច្រើនក៏ជាវិធីការពារកុំឱ្យមានបញ្ហាខ្យល់គរបាន ។ ការទាក់ទងនឹងរបៀបការពារកុំឱ្យខ្យល់គរនេះលោកវេជ្ជបណ្ឌិត ឈី ប្រកប អនុប្រធានផ្នែកជំងឺទូទៅនៃមន្ទីរពេទ្យព្រះកុសុមៈ បានប្តល់យោបល់ដូចតទៅ ៖
-មិនត្រូវឈរហាលថ្ងៃយូរពេក ព្រោះបើកាលណាឈរយូរ ចរន្តឈាមមិនអាចហូរចូលមកកាន់សរសៃឈាមខួរក្បាលបានល្អ ។ ប៉ុន្តែក្នុងករណីដែលតម្រូវឱ្យលោកអ្នកត្រូវតែឈរនៅហាលថ្ងៃយូរ គួរយកបង់មករុំជើងឱ្យតឹង ដើម្បីឱ្យឈាមច្រាលឡើងទៅខួរក្បាលកុំឱ្យឈាមនៅនឹងជើងច្រើនពេក ។
-ត្រូវទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ដោយក្នុងមួយថ្ងៃទទួលទានឱ្យបានយ៉ាងតិចពីរលីត្រ ។
-មិនត្រូវមានការភ័យខ្លាចពេក គួរចេះសម្រួលអារម្មណ៍ អប់រំផ្លូវចិត្តឱ្យបានល្អនិងត្រូវចៀសវាងពីកន្លែងដែលធ្វើឱ្យលោកអ្នកមានការភ័យខ្លាច ឬស្លុតអារម្មណ៍ ជាពិសេសត្រូវនៅឱ្យឆ្ងាយពីកន្លែងគ្រោះថ្នាក់ផ្សេងៗដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើម ។
-ចំពោះអ្នកដែលឧស្សាហ៍មានសម្ពោធឈាមធ្លាក់ចុះ ធ្វើឱ្យកើតមានខ្យល់គរញឹកញាប់ គ្រូពេទ្យបានណែនាំឱ្យអ្នកជំងឺទទួលទានប្រៃជាងមុនបន្តិច តែសម្រាប់អ្នកដែលមានជំងឺបេះដូង និងជំងឺលើសឈាមមិនអនុញ្ញាឱ្យទទួលទានប្រៃពេកទេ ។
-នៅពេលដែលមានអាការរកកល់ខ្យល់គរដូចជា មានអារម្មណ៍ងងឹតមុខ អស់កម្លាំង ឈឺក្បាល បែកញើស លោកអ្នកគួរតែរកកន្លែងអង្គុយឱ្យបានស្រួលចៀសវាងគ្រោះថ្នាក់ដោយសារតែការដួលជាយថាហេតុ ។
-យកល្អលោកអ្នកដែលឧស្សាហ៍កើតមានបញ្ហាខ្យល់គរញឹកញាប់ គួរតែប្រញាប់មកពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានដឹងអំពីមូលហេតុនៃជំងឺ ងាយស្រួលព្យាបាល ព្រោះខ្យល់គរខ្លះអាចមានពាក់ព័ន្ធទៅនឹងជំងឺបេះដូង ។
-សម្រាប់ប្រជាជនខ្មែរ កាលណាឃើញបុគ្គលណាម្នាក់ដួលបាត់បង់ស្មារតី គួរជួយសង្គ្រោះ គ្នាលើកដាក់កន្លែងដែលមានអាកាសធាតុល្អមិនត្រូវទៅរោមមើលច្រើនទេ ព្រោះអាចធ្វើឱ្យបរិយាកាសអាប់អួឬហប់ ជាហេតុធ្វើឱ្យអ្នកជំងឺកាន់តែមានសភាពធ្ងន់ ។
-បើសិនជាការសន្លប់នៅតែបន្ត គួរតែដឹកអ្នកជំងឺទៅមន្ទីរពេទ្យ ព្រោះអាចមានពាក់ព័ន្ធជាមួយនឹងជំងឺបេះដូង ៕
ចែករំលែកព័តមាននេះ