ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តាច់ភ្លើង​​ក្រុង​កំពង់ឆ្នាំង​ ដើម្បីជួយកម្មករ​ដំឡើង​ស្លាកពាណិជ្ជកម្មម្នាក់ឆក់ចរន្តអគ្គិ​សនី​​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​កម្ម​ករ​​ធ្វើ​ស្លាក​ផ្សាយ​ពាណិជ្ជ​កម្ម​​ម្នាក់​បាន​រង​របួស​​យ៉ាងធ្ងន់ធ្ងរ ​ដោយ​សារ​ឆក់​​ចរន្ត​អគ្គិសនី​ដែល​មាន​កម្លាំង​​ម៉ឺន​វ៉ុល ខណៈ​​​​កំពុងធ្វើការ​ផ្លាស់​ប្តូរ​​ស្លាក​ផ្សាយ​ពាណិជ្ជកម្ម​មួយ​កន្លែង​កាត់​ពី​លើ​ថ្នល់ជាតិ​លេខ​​៥ ដែល​ហេតុ​ការ​ណ៍​​នេះ​​កើតឡើង​​កាល​ពី​​​ម៉ោង

ខេត្តកំពង់ឆ្នាំង ៖ ​កម្ម​ករ​​ធ្វើ​ស្លាក​ផ្សាយ​ពាណិជ្ជ​កម្ម​​ម្នាក់​បាន​រង​របួស​​យ៉ាងធ្ងន់ធ្ងរ ​ដោយ​សារ​ឆក់​​ចរន្ត​អគ្គិសនី​ដែល​មាន​កម្លាំង​​ម៉ឺន​វ៉ុល ខណៈ​​​​កំពុងធ្វើការ​ផ្លាស់​ប្តូរ​​ស្លាក​ផ្សាយ​ពាណិជ្ជកម្ម​មួយ​កន្លែង​កាត់​ពី​លើ​ថ្នល់ជាតិ​លេខ​​៥ ដែល​ហេតុ​ការ​ណ៍​​នេះ​​កើតឡើង​​កាល​ពី​​​ម៉ោង ៧ ​និង​៥០​នាទី​ព្រឹក​​ថ្ងៃ​ទី​៣១ មីនា ២០១៥ នេះ ស្ថិត​នៅ​មុខ​អតីត​សង្កា​ត់​​លេខ​២ ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ។​

ប្រភព​បាន​ឱ្យ​ដឹងថា ​ជន​រង​គ្រោះ​បាន​​ធ្លាក់​គង​ជាប់​​ជាមួយ​ចម្រឹង​​ដែក​សម្រាប់​ដាក់​ស្លាក​ផ្សាយពាណិជ្ជកម្ម​អស់​រយៈពេល​ជាង​​១ម៉ោង​​ទើប​អាច​ជួយ​​សង្គ្រោះ​បាន ដោយ​​យក​រថយន្ត​ស្ទូច​​ទៅ​ជួយ​ស្ទូច​យក​ចេញ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ​ចរន្ត​អគ្គិស​នី​​ត្រូវ​បាន​កាត់​ផ្តាច់ មួយ​​ក្រុង​កំពង់ឆ្នាំងតែម្តង ។

​បើ​តាម​ការ​រៀបរាប់​​របស់​​ឈ្មោះ​អុល សំ​អឿ​ន អាយុ​៣៤ឆ្នាំ​ ​ជា​មេ​ការ​​បាន​​ប្រាប់ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ម៉​ម ចេតនា អាយុ​៣០​ឆ្នាំ​មាន​​ទីលំនៅ​ខេត្តព្រៃវែង និង​បាន​​មក​ស្នាក់​នៅ​ និង​ធ្វើការ​ជាមួយគាត់​​នៅ​ឯរាជធានី​ភ្នំពេញ​ដែរ ។  ហើយនៅ​មុន​ពេល​កើតហេតុ រូប​គាត់​​ និង​កម្មករ​ទាំងអស់​​មានគ្នា៣​នាក់នាំ​គ្នា​មក​ដាក់​ស្លាក​ផ្សាយពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ទូរ​សព្ទ័មួយ​កន្លែង ខណៈពេល​កំពុងធ្វើការ​ទាំង​៣​នាក់ ជនរង​គ្រោះ​​ដែល​នៅ​កៀន​​គេ​ជិត​បង្គោល​ខ្សែភ្លើង បាន​លើក​ដែក​តូច​​មួយ​ប៉ុន​ម្រាមដៃទៅ​គង​ប៉ះ​ខ្សែ​ភ្លើង​ស្រាត ដែល​មាន​កម្លាំង​ខ្លាំង បណ្តាល​ឱ្យ​ផ្ទុះ​ជា​​អណ្តាតភ្លើង​ឆក់​ជន​រង​គ្រោះ​ធ្លាក់ដែក​នោះ​ពី​ដៃ សំណាងល្អ​​ជន​រង​គ្រោះ​មិន​បាន​ធ្លាក់​​មក​ដី តែ​បាន​ទើរ​ជាប់​​នឹង​ចម្រឹង​បង្គោល​​ស្លាក​ពា​ណិជ្ជ​កម្ម ។

ភ្លាម​នោះ គាត់​បាន​ស្រែកឱ្យ​គេ​ជួយ ហើយ​ក៏ឃើញមានមន្ត្រី​នគរបាល​បាន​ទូរ​សព្ទ័​ទៅ​ក្រុមហ៊ុនអគ្គិសនីឱ្យ​ផ្តាច់​ចរន្ត​ភ្លើង ទើប​គាត់​ដែល​​នៅ​លើ​បង្គោល​​ដែល​ជិត​ជន​រង​គ្រោះ​ដែរ​នោះ​ បាន​ចូល​មក​ជួយ និងក្រោយមក​បាន​​ហៅរថយន្ត​ស្ទូច​របស់​អគ្គិ​ស​នី​ជួយ​ស្ទូច​​ជន​រង​គ្រោះ​មកដាក់នៅ​​ដី និង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់  ។

បុរស​​ជា​មេការ​រូប​នោះ​បន្ត​ថា ​ពេល​គង​ដែក​​នឹង​ខ្សែ​ភ្លើង​បណ្តាលឱ្យ​ផ្ទុះឆក់​នោះ​ បើ​​កុំ​តែ​ជន​រង​គ្រោះ​ធ្លាក់​ចុះ​របូត​ដែក​ពី​ដៃ​ ម្ល៉េះ​ឆក់​ស្លាប់ និង​អាច​បន្ត​ឆក់​ដល់​ពួក​គាត់​២​​នាក់​ទៀត​ជា​ពុំខាន ។ ​នៅ​ក្នុង​មន្ទីរពេទ្យ គេ​ឃើញ​ជន​រង​គ្រោះ​រលា​ក​ពេញ​ខ្លួន មាន​បែកក្បាល និង​មាន​ចេញ​ឈាម​ហូរតាម​ភ្នែក​ផង​ដែរ ​ដែល​អាច​ពិការ​ដែល​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​របស់​ក្រុម​គ្រូពេទ្យ ។

មេការ​ក្រុមហ៊ុនអគ្គិសនី​ម្នាក់​បាន​និយាយ​ថា ចរន្ត​អគ្គិស​នី​​ខ្សែ​ស្រាត​មាន​​កម្លាំងភ្លើង​២២០០០​វ៉ុល ពេល​ចូល​ក្នុង​ត្រង់​ហ្វូ ទើបបាន​កាត់​បន្ថយ​១០០​ដង ស្មើនឹង​២២០​វ៉ុល សម្រាប់​ចែកចាយ​អោយ​ប្រើប្រាស់ ។​ ចំណែក​ជន​រង​គ្រោះ​បាន​រួច​ផុត​ពី​ការ​ឆក់​ដល់​ស្លាប់ គឺដោយ​សារ​​តែ​ក្រុមហ៊ុន​បានបំពាក់​ប្រ​ព័​ន្ធ​ផ្តាច់​ភ្លើង​អគ្គិស​នី​ស្វ័យ​ប្រវត្តិ ទើប​ពេល​ជន​រង​គ្រោះ​គង​​ដែក​លើ​ខ្សែភ្លើង​ដែល​​ស្រាត​នោះ
បណ្តាល​​ឱ្យ​ផ្ទុះ​ឆក់ គឺ​ចរន្ត​អគ្គិស​នី​បាន​ផ្តាច់​ដោយ​ស្វ័យប្រ​វត្ត​តែ​ម្តង សូ​ម្បី​តែ​មាន​គង​មែក​ឈើ​​ក៏​វាលោត​ដែរ ហើយ​បើ​គ្មាន​បែប​នេះ​ទេ​ម្លេះ​​នឹង​ឆក់​​ស្លាប់​ទាំង​៣​នាក់​នេះ​ជា​ពុំខាន ៕