ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ជាអ្នកដើរលេងសៀកផ្សាយលក់ថ្នាំបុរាណនៅឯជាយដែន រួចឆ្លៀតពេលមិនទាន់លេងសៀកក៏យកចំពាមកៅស៊ូដើរបាញ់សត្វនៅតាមអូរព្រំដែនចៃដន្យបានដើរជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជើងម្ខាង។
ហេតុការណ៍នេះត្រូវនគរបាលស្រុកថ្មពួកឲ្យដឹងថា កើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៣ មីនា ២០១៥ ស្ថិតក្នុងភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកអនុសេនីយ៍ឯកឈួត ថា អធិការរងនគរបាលស្រុកថ្មពួក បានឲ្យដឹងថា យុវជនរងគ្រោះ ឈ្មោះលី រដ្ឋ អាយុ២០ឆ្នាំ នៅភូមិកសិណខាងត្បូង សង្កាត់គោកចក ក្រុង និងខេត្តសៀមរាប ជាអ្នកដើរលេងសៀក និងផ្សព្វផ្សាយលក់ថ្នាំបុរាណ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ យុវជនរូបនេះ និងក្រុមសៀកជាច្រើននាក់ បានមកលេងសៀកនៅវត្តបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពូក ខេត្តបន្ទាយមានជ័យ។ ពេលនោះយុវជនរងគ្រោះបានយកចំពាមកៅស៊ូដើរបាញ់សត្វនៅតាមអូរព្រំដែន ស្រាប់តែជាន់មីនដែលកប់ចោលក្នុងសម័យសង្គ្រាមបណ្តាលឲ្យផ្ទុះដាច់ជើងខាងស្តាំ និងជើងខាងឆ្វេងរបួសធ្ងន់ផងដែរ ត្រូវបានក្រុមអ្នកលេងសៀក និងកងកម្លាំងសមត្ថកិច្ចហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកថ្មពួកដឹកទៅសង្គ្រោះភា្លមនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុននៅស្រុកមង្គលបូរី៕
ចែករំលែកព័តមាននេះ