រាជធានីភ្នំពេញ ៖ ពេលនេះ អ្វីៗ ច្បាស់ការណ៍ហើយ គឺអតីតតារាចម្រៀងអ្នកនាងស្រីតូច ចំណាន នឹងចូលរោងជ័យជាមួយអ្នកឧកញ៉ាគិត ម៉េង នៅថ្ងៃទី២០ មីនា ឆ្នាំ២០១៥ ។ មង្គលការនេះត្រូវគេចាត់ទុកថាជាមង្គលការធំបំផុតមិនធ្លាប់មាននៅកម្ពុជា ខណៈភ្ញៀវចូលរួមមិនក្រោម៥ពាន់នាក់ រួមទាំងចំណាយលើការតុបតែងយ៉ាងសម្បើមនោះ ។
ដំណឹងមង្គលការរបស់អ្នកនាងស្រីតូច ចំណាន និងអ្នកឧកញ៉ាគិតម៉េង ធ្លាប់បានល្បីខ្ចរខ្ចាយម្តងរួចមកហើយកាលពីអំឡុងចុងឆ្នាំ២០១៤ ។ ចំពោះមង្គលការដែលនឹងរៀបចំឡើងនោះសំបុត្ររាប់ពាន់ត្រូវបានចែកចាយទៅកាន់មន្ត្រីជាន់ខ្ពស់ មន្ត្រីការទូត អ្នកជំនួញមានមុខមាត់ រូបទាំងបុគ្គលិកក្រុមហ៊ុន កំពូលៗជាច្រើននៅកម្ពុជា ក្នុងនោះអ្នកសិល្បៈមួយចំនួនក៏ត្រូវកូន កំលោះ-ក្រមុំមានកូនប្រុសស្រី៤នាក់នោះផ្តល់កិត្តិយ អញ្ជើញឲ្យចូលរួមផងដែរ ។
បើគេក្រឡេកទៅមើលភូមិគ្រឹះស្កឹមស្កៃរបស់អ្នកនាងស្រីតូច ចំណាន នៅម្តុំទួលទំពូងវិញ ជាងជួសជុលកែលម្អភូមិគ្រឹះបាននិងកំពុងញាប់ដៃញាប់ជើង កែលម្អចាប់តាំងពីខាងក្រៅរហូតដល់ខាងក្នុង បូករួមទាំងការលាបថ្នាំ ធ្វើសួនច្បារ និងក្រាលកម្រាលជាប្រភេទនៃឈើប្រណីតក្នុងបន្ទប់មួយចំនួន។ ជាងជួសជុលម្នាក់ឱ្យដឹងថា ការជួសជុលកែលម្អទាំងអស់នឹងត្រូវបញ្ចប់យ៉ាងហោចណាស់មួយសប្តាហ៍ មុនពេលពិធីមង្គលការសេដ្ឋីស្រុកខ្មែររូបនេះចូលមកដល់ ។
ក្រៅពីជាងជំនាញផ្នែករៀបចំជួសជុលកែលម្អភូមិគ្រឹះនេះ អ្នកជំនាញតុបតែផ្កាស្រស់ក៏ចាប់ផ្តើមពិនិត្យគេហដ្ឋាន បណ្តើរៗហើយដើម្បីពិនិត្យមើលគម្រោងឲ្យបានល្អិតល្អន់។ អ្នកជំនាញផ្នែកផ្កាស្រស់Princess Wedding & Flower ម្នាក់បង្ហើបឱ្យដឹងថា ប្លង់គំរូត្រូវបានរៀបចំរួចជាស្រេច ហើយនឹងចាប់ផ្តើមដំណើរការរៀបចំតុបតែងចាប់ពីថ្ងៃទី១២ ខែមីនាតទៅ ។ ក្រៅពីគ្របដណ្តប់ដោយផ្កាស្រស់ ថ្លៃៗនៅភូមិគ្រឹះ ហាងផ្កាមួយនេះក៏នឹងរៀបចំនៅទីតាំងបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសរាប់ពាន់នាក់នៅ៦អគារជាប់គ្នាគឺអគារ G,H,I,J,K,L នៃកោះពេជ្រ។ រីឯសម្អាងការត្រូវបានផ្តល់ទៅឲ្យសម្អាងការរបស់អតីតពិធីការិនីល្បីឈ្មោះទូរទស្សន៍ជាតិកម្ពុជាអ្នកស្រីសាន់ណារ៉ា ឡងឌី ។
ពិធីមង្គលការនេះយកអ្នកជំនាញ ល្បីៗផ្តើមរៀបគម្រោងអស់រយៈពេលជាច្រើនខែមកហើយ ។ តាមសំបុត្រអញ្ជើញភ្ញៀវដែលបោះពុម្ពយ៉ាងប្រណីតបញ្ជាក់ថា មង្គលការនេះនឹងធ្វើឡើងក្នុងរយៈពេល២ថ្ងៃគឺល្ងាចថ្ងៃទី១ នាថ្ងៃទី១៩ ខែមីនាមានពិធីក្រុងពលី ពិធីសូត្រមន្ត និងពិធីសែនព្រេនជីដូនជីតា និងកួចចំណងដៃតូច។
ព្រឹកថ្ងៃទី២គឺមានពិធីទទួលទានអាហារពេលព្រឹក ពិធីនិយាយជើងការស្តីដណ្តឹង ពិធីទទួលទានស្លាកំណត់ ពិធីភ្ជាប់ព្រលឹង ពិធីសំពះពេលា សំពះផ្ទឹម ពិធីបង្វិលពពិលជាដើម ។ ល្ងាចថ្ងៃទី២គឺជាពិធីជប់លៀងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ៦អគារដោយមានសន្តិសុខជាច្រើនការពារ ។
ពិធីមង្គលការនេះនឹងក្លាយជាពិធីមង្គលការធំមិនធ្លាប់មាន និងជាទីចាប់អារម្មណ៍ពីមហាជនទូទៅ ។
អ្នកសិល្បៈដែលស្និទ្ធនឹងអ្នកនាងស្រីតូច ចំណាន បញ្ជាក់ថា អ្នកឧកញ៉ាគិត ម៉េង សម្រេចចិត្តលើកស្ទួយអ្នកនាងស្រីតូច ចំណាន គឺក្រៅពី « សេចក្តីស្នេហា» ព្រោះតែហេតុផលនាង និងលោកមានរាសីយោងគ្នា ។ លើសពីនេះ មានចិនសែមួយរូបស្នើកុំឲ្យអ្នកឧកញ៉ាគិត ម៉េង បោះបង់អ្នកនាងស្រីតូច ចំណាន។ ម្យ៉ាងអ្នកឧកញ៉ាគិត ម៉េង ចង់ឲ្យកូនទាំង៤នាក់ដែលជាតំណក់ឈាម ក្លាយជាអ្នកស្នងមរតកដោយស្របច្បាប់ផង ទើបអាពាហ៍ពិពាហ៍រៀបចំឡើងនៅថ្ងៃទី២០ មីនា ៕
ចែករំលែកព័តមាននេះ