រាជធានីភ្នំពេញ ៖ អ្នកនាងស៊ុន ណារីម៉ូនីកា បានមកលេងស្រុកកំណើតជាថ្មី ហើយលើកនេះទំនងជាចង់ចេញមុខសម្តែងឱ្យបានច្រើន ។ កាលពីពេល ថ្មីៗនេះអ្នកនាងស៊ុន ណារីម៉ូនីកា រៀបរាប់ប្រវត្តិអតីតឱ្យដឹងថា នាងធ្លាប់ពុះពារជាមួយអាជីពសិល្បៈច្រើនដូចជាចេញទៅច្រៀងកាត់សក់ជាមួយនាយកុយ នាយសានម៉ៅជាដើម ។ ដំណាក់កាលនោះចង់ច្រៀងភ្លេងការគឺចំបែបភ្លេងការ សម័យចំបែបសម័យ នាងចេះទាំងអស់ ។ អ្នកនាងម៉ូនីកា មានឈ្មោះបោះសំឡេងអំឡុងពេលនោះ ខណៈទូរទស្សន៍មិនសម្បូរទេ ។ មានពេលមួយនាងម៉ូនីកាចេញទៅស្រុកថៃ ហើយចង់បួស ព្រោះនឹកឃើញថា ជីវិតអភ័ព្វពេក តែគេមិនឱ្យបួសទេដោយថាបួសបែបនេះប្រាកដជាបាប ។ ដោយមានគេស្គាល់នាងជាអ្នកសិល្បៈនៅស្រុកខ្មែរ គេថាកុំទៅបួសអីទៅបញ្ចូលសំឡេងឱ្យគេវិញទៅ ។ ពេលនោះនាងអត់ហ៊ានទទួល ព្រោះចេះតែច្រៀងសម័យ ល្ខោនបាសាក់ យីកេ ថតកុនប៉ុណ្ណោះ បើបញ្ចូលសំឡេងមិនចេះទេ ។ ទោះជាយ៉ាងណាក្តីនាងបានទៅសាកល្បងភ្លាមនិយាយជាតួឯក ហើយអាចធ្វើបាន ។ មិនថាសំឡេងក្មេងស្រី ក្មេងប្រុស មនុស្សចាស់ អ្នកនាងម៉ូនីកាអាចពត់សំឡេងបាន។ លើសពីនេះនាងធ្លាប់ប្រឡងជាប់ផ្នែកបញ្ចូលសំឡេងនៅហុងកុង ខាងសំឡេងតួឯកទៀត ។ អ្នកនាងម៉ូនីកាមានមោទនភាពចំពោះខ្លួនឯង ព្រោះឱ្យតែសិល្បៈអាចធ្វើបាន ព្រោះមាននិស្ស័យ ។
អ្នកនាងស៊ុន ណារីម៉ូនីកា ពេលនៅស្រុកថៃនោះនឹកស្រុកកំណើតពេកក៏ត្រឡប់មកស្រុកវិញ ហើយនាយហើម នាយកុយ និងនាយសានម៉ៅ ហៅឱ្យចូលរួមកាត់សក់ពិធីមង្គលការ ។
សព្វថ្ងៃអ្នកនាងម៉ូនីកា នៅប្រទេសបារាំងអត់ចោលអាជីពសិល្បៈទេ ព្រោះមានមហាជននៅស្រឡាញ់គាំទ្រ ។ លើសពីនេះនាងចិញ្ចឹមមាន់ តែមិនមែនចិញ្ចឹមយកទៅលក់ ឬយកទៅបញ្ជល់ទេ គឺមាន់នោះចិញ្ចឹមទុកទៅយកទៅប្រកួតបង្ហាញរាង ។ មាន់ដែលអ្នកនាងម៉ូនីកាចិញ្ចឹមចូលរួមក្នុងកម្មវិធីប្រឡងបង្អួតរាងមាន់នៅប្រទេសប៊ែលហ្ស៊ិក ជាប់លេខ១ ។ តាំងពីពេលនោះមកទាំងជនជាតិបារាំង និងជនជាតិផ្សេងទៀតនិយមទិញមាន់របស់នាងព្រោះដឹងថាមាន់ដែលនាងចិញ្ចឹមល្បី ។
ចំពោះសិល្បៈភាពយន្តវិញអ្នកដឹកនាំរឿងបានទាក់ទងអ្នកនាងម៉ូនីកាឱ្យសម្តែងដោយសារតែឃើញទម្រង់មុខនាងដូចអតីតតារាសម្តែងសុខ ស្រីមុំ គឺសម្តែងជាតួកូនភ្លោះ ក្នុងរឿង«ព្យ៉ាណូរបេះខ្ទង់» ។
អ្នកនាងម៉ូនីកា ចាប់ផ្តើមល្បីមុនគេនៅក្នុងកម្មវិធី «ពិភពតន្ត្រី» នៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ ព្រមទាំងកម្មវិធីកំប្លែង «យុទ្ធនាការមហាសប្បាយ» ជាមួួនាយក្រឹម និងនាយកុយ ។
ពេលទៅនៅប្រទេសបារាំងអ្នកនាងស៊ុន ណារីម៉ូនីកាកម្សត់ខ្លួនណាស់ ព្រោះធ្លាប់តែនៅស្រុកកំណើតទៅណាមកណាគេស្គាល់ ។ នាងនឹករឭកម្តាយឪពុក បងប្អូន និងនឹកអ្នកសិល្បៈដែលធ្លាប់សម្តែងជាមួយគ្នា ។ មួយថ្ងៃៗអង្គុយតែយំ តែចេះតែស៊ូទ្រាំព្រោះនឹកឃើញថាបើបានទទួលប័ណ្ណរស់នៅពេញសិទ្ធិ គឺចេញចូលស្រុកកំណើតបាន ។ សព្វថ្ងៃនេះនាងអាចទៅមកស្រុកខ្មែរ ស្រុកបារាំង គឺឱ្យតែនឹកស្រុកខ្មែរមកភ្លាមក្នុងមួយឆ្នាំមក៤ដង ។
នៅស្រុកបារាំងអ្នកនាងម៉ូនីកា ធ្លាប់ចោរឆក់កាបូបដោយច្រាននាងខ្ទាតដល់កណ្តាលថ្នល់វិះរថយន្តបុក ។ ហេតុការណ៍នោះធ្វើឱ្យនាងបាក់ដៃ ។ បងប្អូនខ្មែរនៅស្រុកបារាំងដោយស្រឡាញ់រាប់អាននាងបានយកម្ហូបអាហារឱ្យ ព្រោះនាងត្រូវសម្រាកព្យាបាលបីខែ ហើយមានតែម្នាក់ឯង គ្មានសាច់ញាតិ ។ បែបនេះហើយទើបនាងមិនភ្លេចគុណបងប្អូនខ្មែរនៅប្រទេសបារាំងទេ ។
ក្នុងនាមជាអ្នកសិល្បៈជើងចាស់ អ្នកនាងស៊ុន ណារីម៉ូនីកា ចង់ឱ្យអ្នកសិល្បៈជំនាន់ក្រោយខំប្រឹងប្រែងដើម្បីកុំឱ្យចាញ់អ្នកសិល្បៈប្រទសជិតខាង ៕
ចែករំលែកព័តមាននេះ