ដោយមានការយកចិត្តទុកដាក់ និងតាមដានយ៉ាងសកម្មក្នុងការព្យាបាលជំងឺរបេងរបស់ក្រសួងសុខាភិបាលធ្វើឱ្យជំងឺរបេងនៅប្រទេសកម្ពុជាសះស្បើយមានកម្រិតខ្ពស់ រហូតដល់ទៅ៩០% ។ ការព្យាបាលជំងឺរបេងទាមទារឲ្យអ្នកជំងឺព្យាយាម និងយកចិត្តទុកដាក់ក្នុងការព្យាបាល ជាពិសេសចំពោះអ្នកជំងឺដែលស៊ាំនឹងថ្នាំ ។ ការព្យាបាលជំងឺរបេងពុំមានការបង់ប្រាក់ឡើយ ហើយអ្នកជំងឺមួយចំនួនក៏អាចទទួលបានថវិកាសម្រាប់ថ្លៃម្ហូបអាហារថែមទៀតផង ។
ជួបជាមួយលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាន ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជានាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បានប្រាប់កោះសន្តិភាពឲ្យដឹងថា ជាការពិតណាស់កាលពីឆ្នាំ១៩៩៤ រហូតដល់២០១១ក្រសួងសុខាភិបាល បានផ្តល់សេវាព្យាបាលជំងឺរបេងដោយពុំគិតប្រាក់និងបានឧបត្ថម្ភនូវអង្ករ ប្រេងសណ្តែក អំបិល ត្រីខកំប៉ុង និងម្ហូបអាហារថែមទៀតដល់អ្នកជំងឺរបេង តែកម្មវិធីនេះត្រូវបានបញ្ចប់គម្រោងនៅឆ្នាំ២០១១ ។ លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា សម្រាប់បច្ចុប្បន្ន ការព្យាបាលជំងឺរបេង និងការផ្តល់ថ្នាំព្យាបាលក៏ពុំមានការគិតប្រាក់អ្វីនោះដែរ ជាពិសេសក៏មានផ្តល់ប្រាក់សម្រាប់ធ្វើដំណើរជូនដល់អ្នកជំងឺរបេងមួយចំនួនផងដែរដូចជា កុមារដែលមានជំងឺរបេងនិងអ្នកដែលមកកំដរអ្នកជំងឺរបេងជាដើម ។
ដោយឡែកចំពោះអ្នកជំងឺរបេងដែលសុំានឹងថ្នាំវិញ មួយឆ្នាំៗមានប្រហែលជា១៥០នាក់ ហើយក្រសួងសុខាភិបាល ក៏បានផ្តល់ការឧបត្ថម្ភយ៉ាងពិសេសព្រោះដោយសារការព្យាបាលជំងឺរបេងដែលស៊ាំនឹងថ្នាំនេះមានរយៈពេលវែងអាចមានរហូតដល់២ឆ្នាំឯណោះ ខណៈឯការព្យាបាលជំងឺរបេងធម្មតាប្រើរយៈពេលតែ៦ខែប៉ុណ្ណោះ ។ ដោយសារតែកាព្យាបាលមានរយៈពេលវែងបែបនេះហើយ ទើបក្រសួងបានលើកទឹកចិត្តដោយផ្តល់ប្រាក់សម្រាប់ម្ហូបអាហារ និងប្រាក់ធ្វើដំណើរដល់អ្នកជំងឺរបេងដែលស៊ាំនឹងថ្នាំនេះ ។
មានអ្នកជំងឺមួយចំនួនតូចបន្ទាប់ពីទទួលបានសេវាព្យាបាលជំងឺរបេងហើយនោះ ពួកគាត់តែងបញ្ឈប់ការព្យាបាលជំងឺរបេងនៅពាក់កណ្តាលទីដោយចិត្តឯង ព្រោះតែពួកគេបានលើកហេតុផលថា ការទទួលទានថ្នាំរបេងបានផ្ដល់ផលរំខានចំពោះពួកគាត់ខ្លាំងណាស់ ។ ចំពោះបញ្ហាទាំងនេះលោកវេជ្ជបណ្ឌិតក៏បានប្រាប់ថា ជាការពិតណាស់មានអ្នកជំងឺមួយចំនួនតូច បន្ទាប់ពីទទួលទានថ្នាំព្យាបាលជំងឺរបេងបាន២ទៅ៣សប្ដាហ៍ដំបូង អាចមានផលរំខានដោយសារថ្នាំ ដែលអាចធ្វើឲ្យមានអាការៈមួយចំនួនដូចជា ៖
-មិនឃ្លានអាហារ
-វិលមុខឬក៏ហឹុងត្រចៀក
-រកកល់ក្អូតចង្អោរ
-ឈឺពោះ
-អាចឈឺសន្លាក់បន្តិចបន្តួច
-ទឹកនោមពណ៌ក្រហមឬលឿង
-ជួនកាលអាចមានពងបែក និងស្រវាំងភ្នែកជាដើម ។
ជាទូទៅផលរំខានរបស់ឥទ្ធិពលថ្នាំរបេងនេះ មិនអាចកើតមានជាញឹកញាប់នោះទេ គឺមានមួយចំនួនតូចប៉ុណ្ណោះ ។ បើសិនជាផលរំខាននៃថ្នាំនេះមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេអ្នកជំងឺនៅតែអាចទទួលទានថ្នាំនេះបន្តទៀតបាន ។ ដោយឡែកសម្រាប់អ្នកដែលមានផលរំខាននៃថ្នាំនេះធ្ងន់ធ្ងរ ត្រូវតែបញ្ជូនទៅកាន់មណ្ឌលសុខភាព ហើយក្នុងករណីចាំបាច់គ្រូពេទ្យអាចបញ្ឈប់ការទទួលទានថ្នាំមួយរយៈសិន ដើម្បីពិសោធទៅលើថ្នាំថាតើថ្នាំប្រភេទណាដែលអាចធ្វើឲ្យមានការរំខានដល់អ្នកជំងឺ បន្ទាប់មកគ្រូពេទ្យអាចប្ដូរថ្នាំដល់អ្នកជំងឺ ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ផលរំខានខ្លះមិនអាចថាបណ្តាលមកពីថ្នាំទាំងស្រុងនោះទេ ជួនកាលអ្នកជំងឺអាចមានជំងឺផ្សេងទៀត ចូលមកបៀតបៀនដូច្នេះមានតែមកជួបជាមួយបុគ្គលិករបស់សុខាភិបាលទេ ទើបអាចដឹងច្បាស់ពីផលរំខាននេះ ។ បច្ចុប្បន្នមានកន្លែងព្យាបាលជំងឺរបេងរហូតដល់១៣១៤កន្លែងឯណោះ ជាពិសេសនៅតាមកន្លែងនីមួយៗមានសម្ភារទំនើបសម្រាប់ធ្វើរោគវិនិច្ឆ័យ និងផ្តល់ថ្នាំគ្រប់គ្រាន់ដល់អ្នកជំងឺរបេង ។ ដូច្នេះដើម្បីកាត់បន្ថយការស្លាប់ និងការកើតមានជំងឺរបេង គួរលោកអ្នកដែលមានការសង្ស័យថាកើតមានជំងឺរបេងទៅមណ្ឌលសុខភាពដើម្បីពិនិត្យនិងព្យាបាលឱ្យបានទាន់ពេល ៕
ចែករំលែកព័តមាននេះ