រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យដែលជាមុខសញ្ញាកាច់.កម៉ូតូយ៉ាងសកម្ម និងបានសម្រេចជាច្រើនមកហើយនោះ ស្រាប់តែជួបចំថ្ងៃស៊យតែម្តង ដោយត្រូវជាប់ខ្នោះ ខណៈពេលចេញធ្វើសកម្មភាពលួចនោះ បានប្រទះឃើញម៉ូតូ១គ្រឿងដែលម្ចាស់ជាគ្រូពេទ្យធ្មេញចតទុកនៅមុខផ្ទះដោយភ្លេចដកសោរចេញ ប៉ុន្តែគាចាក់សោរកង់មុខការពារត្រឹមត្រូវដែរ។
សេចក្តីរាយការណ៍បន្តថា ខណៈនោះជនសង្ស័យអត់ដឹងថាម៉ូតូជាប់សោកង់មុខទេ ក៏ចូលទៅលួចកាច់សោរបញ្ឆេះដើម្បីជិះគេចខ្លួន តែជិះទៅមិនរួច ហើយត្រូវម្ចាស់ឃើញទាន់ទៀតក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងជួយដេញតាមចាប់ខ្លួនបានតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅមុខផ្ទះពេទ្យធ្មេញ ស្ថិតនៅតាមផ្លូវបេតុងលេខ១៩៦ ក្រុមទី១ ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ អ៊ុំ ចាន់ធឿន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត និងស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-3045 ដែលជាកម្មសិទ្ធិរបស់បុរសរងគ្រោះឈ្មោះ កង មាស អាយុ៣៣ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ។
បើតាមគ្រូពេទ្យធ្មេញរូបនេះនិយាយថា នៅមុនពេលកើតហេតុ គាត់បានទុកម៉ូតូនៅមុខផ្ទះ ហើយបានចាក់សោរកង់មុខត្រឹមត្រូវដើម្បីការពារខ្លាចចោរលួច ប៉ុន្តែបែរជាភ្លេចដកកូនសោចេញ ។ បន្ទាប់មកគាត់ក៏ចូលទៅធ្វើធ្មេញ និងព្យាបាលធ្មេញជូនអតិថិជនរបស់គាត់នៅក្នុងផ្ទះ។
ក្រោយមកស្រាប់តែជនសង្ស័យបានចូលទៅធ្វើសកម្មភាពលួចម៉ូតូរបស់គាត់ ហើយឡើងជិះកាច់សោរបញ្ឆេះបម្រុងជិះគេចខ្លួន ប៉ុន្តែជិះចេញមិនរួច ព្រោះម៉ូតូជាប់សោរកង់មុខ ពេលនោះគាត់បានឃើញទាន់ក៏ស្រែកឆោរឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង បានជួយដេញតាមចាប់ខ្លួនបានភ្លាមៗ រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍កសកាបទី១ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់តែម្តង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ