ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឱ្យ​ឌី​ជេ​ឡាយ​អិន និង​ភរិយា​លែងលះ​គ្នា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចំណងអាពាហ៍ពិពាហ៍​ច្រើន​ឆ្នាំ​របស់​ពិធីករ ឡាយ​អិន និង​ភរិយា​ត្រូវ​តុលាការ​សម្រេច​ឲ្យ​ផ្តាច់​សង្វាស​ពី​គ្នា​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​ការ​សម្របសម្រួល​ម្តង​ជា​ពីរ​ដង​មិន​ទទួល​បាន​លទ្ធផល ។

រាជធានី​ភ្នំពេញ ៖ ចំណងអាពាហ៍ពិពាហ៍​ច្រើន​ឆ្នាំ​របស់​ពិធីករ ឡាយ​អិន និង​ភរិយា​ត្រូវ​តុលាការ​សម្រេច​ឲ្យ​ផ្តាច់​សង្វាស​ពី​គ្នា​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​ការ​សម្របសម្រួល​ម្តង​ជា​ពីរ​ដង​មិន​ទទួល​បាន​លទ្ធផល ។

ប្តី​-​ប្រពន្ធ​លោក​ឡាយ​អិន ត្រូវ​តុលាការ​សម្រេច​កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៥ ឲ្យ​លែងលះ​គ្នា​ជា​ផ្លូវការ និង​ចែកទ្រព្យ​សម្បត្តិ​ពាក់កណ្តាល​ម្នាក់ ចំណែក​កូន​ត្រូវ​ភរិយា​របស់​លោក​ទទួល​សិទ្ធិ​ចិញ្ចឹម ។

ពិធីករ​លោក​ហែម បូ​រិ​ទ្ធ ហៅ​ឌី​ជេ​ឡាយ​អិន ត្រូវ​ភរិយា​របស់​លោក គឺ​អ្នក​នាង សន សុ​ម៉ា​លី​ន​ដា ដាក់​ពាក្យ​លែងលះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ កញ្ញា ២០១៤ បន្ទាប់​ពី​អ្នក​ទាំង​២​បាន​រួមរស់​ជា​ប្តី​ប្រពន្ធ​អស់​ពេល​ជាង​៤​ឆ្នាំ និង​មានកូន​៣   នាក់ ។ ភាព​ចម្រូងចម្រាស​នៃ​ជីវិត​ជា​ប្តី​ប្រពន្ធ​របស់​ពិធីករ​ឡាយ​អិន កើតឡើង​ដោយ​លោក​ចោទ​ថា មាន​បុរស​ទី​៣ ចូល​ជ្រៀតជ្រែក ។ រឿង​នេះ​លោក​ឡាយ​អិន បាន​ចាត់​ទុក​ខ្លួនឯង​ជា​ក្របី​ចម្លង​ភក់​ឲ្យ​ភរិយា​របស់​លោក​អស់​ពេល​ជា​ច្រើន​ឆ្នាំ ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ឌី​ជេ ឡាយ​អិន បាន​អះអាង​ថា លោក​យល់​ស្រប​តាម​ការ​សម្រេច​របស់​តុលាការ ដោយសារ​តែ​លោក​លែង​អាឡោះអាល័យ​ភរិយា​របស់​លោក​ទៀត​ហើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​លោក​ចង់​ទាមទារ​កូន​ទាំង​៣​នាក់​របស់​លោក​មក​ចិញ្ចឹម  វិញ ។ លោក​ឡាយ​អិន បញ្ជាក់​ថា មូលហេតុ​ដែល​លោក​មិន​អាច​ឲ្យ​កូន​ទៅ​ភរិយា​របស់​លោក​ជា​អ្នកគ្រប់គ្រង​នោះ គឺ​សំអាង​ទៅ​លើ​ភរិយា​របស់​លោក​រត់​ចោលផ្ទះ ហើយ​ពេល​ដែល​ស្ថិត​ជា​ស្វាមី និង​ភរិយា​នោះ លោក​តែ​ម្នាក់​គត់​ដែល​ខិតខំ​រក​ប្រាក់​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន ដោយ​ភរិយា​របស់​លោក​មិន​បាន​ធ្វើ​អ្វី​ទាំងអស់​។ ភរិយា​របស់​លោក​បាន​ចោទប្រកាន់​រូប​លោក​ថា ក៏​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​បីបាច់​ថែរក្សា​កូន​ដូច​គ្នា ប៉ុន្តែ​ចំណុច​នេះ​លោក​មិន​យល់​ស្រប​ឡើយ ដោយសារ​តែ​លោក​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​មើលថែ​កូន​មែន តែ​លោក​មាន​ពេលវេលា​សម្រាប់​រក​ប្រាក់​មក​ចិញ្ចឹម​កូន ហើយ​លោក​អាច​រក​មេដោះ​មើលថែ​កូន​របស់​លោក​បាន ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ឡាយ អិន មុន​នឹង​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ គឺ​មានការ​គាំទ្រ​ពី​ឪពុក​ម្តាយ​ទាំង​សងខាង ហើយ​អ្វី​ដែល​សំខាន់​នោះ មុន​ពេល​រៀប​ការ​លោក​ក៏​បានដឹង​ប្រវត្តិ​របស់​ភរិយា​លោក​ដែរ តែ​លោក​មិន​គិត​ពី​រឿង​អតីតកាល​ឡើយ ។ លោក​សម្រេច​រស់នៅ​ជាមួយ​គ្នា ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ បើ​ទោះបីជា​មាន ឬ​ក្រ​ក៏​ដោយ​ក៏​មិន​សំខាន់ ហើយ​លោក​រំពឹង​ថា ភរិយា​របស់​លោក​នឹង​កែខ្លួន ប៉ុន្តែ​នាង​មិន​បាន​កែខ្លួន​ឡើយ ។

បន្ទាប់​ពី​សាលក្រម​ប្រកាស​ជា​ផ្លូវការ​ហើយ​នោះ លោក​ឡាយ​អិន តាំង​ចិត្តនឹង​ចាប់ផ្តើម​ជីវិត​ថ្មី ចំណែក​កូន​គឺ​លោក​នៅ​តែ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ពួក​គេ​ដដែល ៕