ជាធម្មតា បន្ទាប់ពីវ័យខ្ទង់២០ឆ្នាំទៅ ការរំលាយអាហាររបស់បុគ្គលម្នាក់ៗធ្លាក់ចុះ២ភាគរយរៀងរាល់១០ឆ្នាំម្តង ។ ទោះជាដូច្នេះក្តី នេះមិនមែនមានន័យថា លោកអ្នកដែលមានវ័យចាស់ត្រូវតែប្រឈមនឹងការឡើងទម្ងន់នោះឡើយ ។ ខាងក្រោមនេះជាវិធីសាស្ត្រធម្មជាតិងាយៗមួយចំនួនជួយជំរុញដល់ការរំលាយអាហារ ៖
១- ទទួលទានកាហ្វេឬតែបៃតង ៖
ការទទួលទានកាហ្វេ១ពែងក្នុងពេលព្រឹកជួយជំរុញការដុតបំផ្លាញកាឡូរីបានរហូតដល់២ម៉ោង ។ យ៉ាងណាក៏ដោយ អ្នកមានបញ្ហាក្រពះគួរប្រុងប្រយ័ត្នក្នុងការទទួលទានកាហ្វេ ។ ឯតែបៃតងវិញគឺជាភេសជ្ជៈដែលជួយជំរុញដល់ការរំលាយអាហារដ៏មានថាមពលមួយផងដែរ ។ ជាងនេះទៅទៀត ការទទួលទានជារឿយៗនឹងជួយបញ្ចុះទម្ងន់ ។
២-ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ៖
ការទទួលទានដំណេកតិចជាង៧ម៉ោងក្នុងមួយយប់ ធ្វើឱ្យរអាក់រអួលដល់អ័រម៉ូនគ្រប់គ្រងការរំលាយអាហារ ។ ប្រសិនបុគ្គលម្នាក់ដេកមិនបានគ្រប់គ្រាន់ ដំណើរការបំបែកកាបូអុីដ្រាតរបស់គេគឺមានប្រសិទ្ធភាពតិចតួច ហើយដែលបញ្ហានេះបង្កើនហានិភ័យកើតជំងឺទឹកនោមផ្អែម និងធាត់លើសទម្ងន់ ។
៣-ទទួលទានអាហារពេលព្រឹក ៖
អាហារពេលព្រឹកដ៏ត្រឹមត្រូវមួយ(ផ្ទុកនូវប្រូតេអីុន ខ្លាញ់ល្អ…)អាចជួយជំរុញការរំលាយអាហារដល់១០ភាគរយ ។ ការសិក្សាមួយចុះផ្សាយក្នុងព្រឹត្តិបត្រ Inter national Journal of Obesity កាលឆ្នាំ២០១០បានបង្ហាញថា អាហារពេលព្រឹកដែលសម្បូរដោយសារធាតុខ្លាញ់ល្អជួយឱ្យរាងកាយដុតបំផ្លាញកាបូអុីដ្រាតបានកាន់តែច្រើន ។
៤-ទទួលទានទឹកត្រជាក់ ៖
ទឹក ជាពិសេសទឹកត្រជាក់ដូចទឹកកកគឺជួយបង្កើនល្បឿនរំលាយអាហារ ។ នេះពីព្រោះរាងកាយត្រូវប្រើប្រាស់ថាមពលដើម្បីកំដៅទឹកនោះឱ្យក្តៅបន្តិច ។
៥-ហាត់ប្រាណបង្កើនសាច់ដុំ ៖
បុគ្គលដែលសម្បូរសាច់ដុំ សកម្មភាពដុតបំផ្លាញកាឡូរីគឺមានពេញមួយថ្ងៃ ។ ចូរព្យាយាមហាត់ប្រាណមានដូចជា ដើរ រត់ ហែលទឹក ជិះកង់ លើកទម្ងន់…ឱ្យបានទៀងទាត់រាល់ថ្ងៃ ។
៦-ទទួលទានអាហារ៣ពេលដែលពេញដោយប្រូតេអីុន ៖
ការសិក្សាស្រាវជ្រាវមួយកាលឆ្នាំ២០១២រកឃើញថា បុគ្គលដែលទទួលទានអាហារសម្បូរដោយប្រូតេអីុន អត្រារំលាយអាហារគឺមានកម្រិតខ្ពស់ ។ សូមបញ្ជាក់ថា ប្រភពសម្បូរដោយប្រូតេអីុនសុទ្ធមានដូចជា ត្រី ស៊ុត សាច់មាន់ និងគ្រាប់អាល់ម៉ុនជាដើម ៕
ចែករំលែកព័តមាននេះ