រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនSamsung នាព្រឹកថ្ងៃទី២៦ធ្នូនេះបានរៀបចំពិធីប្រគល់សៀវភៅរឿងនិទានកុមារចំនួន៥.០០០ក្បាលស្មើរនឹង១.០០០ឈុតដល់សួងអប់រំយុវជននិងកីឡាដើម្បីយកទៅដាក់តាមបណ្ណាល័យជាតិនិងសាលាមួយចំនួនក្នុងគោលបំណងដើម្បីបង្កើនភាពងាយស្រួលដល់ការអានក៏ដូចជាបន្ថែមជម្រើសសៀវភៅអានកាន់តែច្រើនសម្រាប់ប្អូនៗកុមារ។ ពិធីនេះធ្វើឡើងនៅក្រសួងអប់រំយុវជននិងកីឡាដោយមានការអញ្ចើញចូលរួមជាកិត្តិយសពីលោក សាមឹឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា លោក ជា សុជាតិ តំណាងឲ្យក្រុមហ៊ុន Samsung និងលោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយ ក្រុមហ៊ុន Samsung។
លោក សាមឹឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា បានមានមតិសំណេះសំណាលថា ខ្ញុំសូមកោតសរសើរ និងអរគុណដល់ក្រុមហ៊ុន Samsung ដែលបានឧបត្ថម្ភសៀវភៅរឿងនិទាននេះក្នុងគោលបំណងលើកស្ទួយគុណភាពធនធានមនុស្សលើតាមរយៈការផ្តល់សៀវភៅអានសម្រាប់កុមារ ដើម្បីឲ្យពួកគេចាប់ផ្តើមទម្លាប់ល្អក្នុងការអាន។
លោកអនុរដ្ឋលេខាធិការបន្ថែមទៀតថា ខ្ញុំសង្ឃឹមថាក្រុមហ៊ុន Samsung នឹងបន្តផ្តល់ការឧបត្ថម្ភ ក៏ដូចជាចូលរួមរាល់សកម្មភាពសង្គម ជាពិសេស វិស័យអប់រំដើម្បីជំរុញធនធានមនុស្សនៅកម្ពុជាឲ្យទទួលបាននូវចំណេះដឹងដ៏មានតម្លៃនិងជំនាញយ៉ាងច្បាស់ដែលជាទុនសម្រាប់ការងារថ្ងៃអនាគតនិងជាប្រយោជន៍នានា។
លោក ជា សុជាតិ តំណាងឲ្យក្រុមហ៊ុន Samsung បានមានប្រសាសន៍ថា ដោយយល់ច្បាស់ថាសៀវភៅគឺជាឃ្លាំងចំណេះរីឯការអានគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃចំណេះដឹងដូច្នេះហើយបានជាយើងផ្តួចផ្តើមគំនិតធ្វើការប្រគល់ជូនសៀវភៅរឿងនិទានដើម្បីបណ្តុះទម្លាប់នៃការអានរបស់ប្អូនកុមារ។លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុន Samsungបានបន្ថែមថា ការចូលរួមសកម្មភាពសង្គម គឺជាផ្នែកមួយសំខាន់របស់ក្រុមហ៊ុន ក្នុងគោលដៅអភិវឌ្ឍសង្គមនិងសហគមន៍កម្ពុជាឲ្យកាន់តែប្រសើរឡើង ដែលនេះជាមោទនភាពមួយរបស់ក្រុមហ៊ុន Samsung ។
គួររំលឹកដែរថាក្រៅពីការប្រគល់ជូនសៀវភៅរឿងនិទានដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Samsung ក៏បានចូលរួមពង្រឹងផ្នែកធនធានមនុស្សនៅកម្ពុជា ដោយបានបង្កើតវគ្គបណ្តុះបណ្តាល Samsung Tech Institute ជាវគ្គបណ្តុះបណ្តាលបច្ចេកវិជ្ជាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Samsung និងវិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជាផងដែរ ។
ចែករំលែកព័តមាននេះ