ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជិះ​ឆ្លងកាត់​ចម្ងាយ ១៦០០០គីឡូម៉ែត្រ ​ពី​រាជធានី​ភ្នំពេញ ម៉ូតូ​ផលិត​នៅ​កម្ពុជា ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ទីក្រុង​មី​ឡាន ប្រទេស​អ៊ី​តា​លី​​

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​ ៤ ខែវិច្ឆិកា ឆ្នាំ ​២០២៦​ ម៉ូតូ​មួយ​គ្រឿង​ដែល​រចនា និង​ផលិត​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​ដាក់​តាំង​បង្ហាញ ក្នុង​ស​ប្តា​ហ៍​នេះ នៅ​ការ​តាំងពិព័រណ៍ EIC​MA ក្នុង​ទីក្រុង​មី​ឡាន ប្រទេស​អ៉ី​តា​លី ដែល​ជា​ពិព័រណ៍​ម៉ូតូ​ដ៏​ធំ​បំផុត​មួយ​លំដាប់​អន្ដរជាតិ ​។ ម៉ូតូ Calypso Xplorer មិន​ត្រូវ​បាន​ដឹក​ជញ្ជូន តាម​នាវា​នោះ​ឡើយ ពោល​ម៉ូតូ​ស៊េរី​ថ្មី​នេះ ត្រូវ​បាន​ជិះ​ផ្ទាល់​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ទីក្រុង​មី​ឡាន ​។ ក្រុមហ៊ុន Calypso Motors បានឱ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី ​១ សម្រាប់​ម៉ូតូ​ដែល​ផលិត​នៅ​កម្ពុជា ដែល​ធ្វើ​ដំណើរ​រាប់​ម៉ឺន​គីឡូម៉ែត្រ និង​បង្ហាញខ្លួននៅ​ក្នុង​ព្រឹត្ដិការណ៍​អន្ដរជាតិ ​។

ទូត​សុ​ឆន្ទៈ​តំណាង​ឱ្យ​ក្រុមហ៊ុន Calypso គឺ​លោក Frost ZK បាន​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ​១៨ ខែកក្កដា ឆ្នាំ​ ២០២៦ ។ ក្នុង​រយៈពេល​ជាង ៣​ខែ​កន្លង​មកនេះ លោក​បាន​ជិះ​ម៉ូតូ Calypso Xplorer ក្នុង​ចម្ងាយ​ជាង ១៦០០០ គីឡូម៉ែត្រ និង​ឆ្លងកាត់​ប្រទេស​ចំនួន ១៥ ដោយ​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​អាស៊ី អាស៊ី​កណ្តាល និង​អឺរ៉ុប មុន​ពេល​ទៅ​ដល់ទី​ក្រុង​មី​ឡាន ប្រទេស​អ៉ីតា​លី ។ ម៉ូតូ​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ កំពុង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ស្តង់​របស់​ក្រុមហ៊ុន Calypso Motors ក្នុង​ពិព័រណ៍ EICMA ដែល​នឹង​ប្រព្រឹត្ត​ទៅ​ដល់ ថ្ងៃ​ទី​ ៨ ខែវិច្ឆិកា ឆ្នាំ​ ២០២៦ ។ សម្រាប់​ក្រុមហ៊ុន​ផលិត​ទោចក្រយានយន្ដ​ខ្មែរ​មួយ​នេះ ការ​ធ្វើ​ដំណើរ​នេះ មាន​អត្ថន័យ​ដ៏​ធំធេង លើស​ពី​ការ​ធ្វើ​ដំណើរ​របស់​ម៉ូតូ​មួយ​គ្រឿង​ទៅ​ទៀត ។

លោក Ivan Ting នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Calypso Motors បាន​មាន​ប្រសាសន៍​ថា​ ៖ “​ជាមួយនឹង​វិស្វករ​កម្ពុជា​ជំនាន់​ថ្មី យើង​កំពុង​បង្ហាញ​ឱ្យ​ពិភពលោក ឱ្យ​បានឃើញ​ពី​សមត្ថភាព​របស់​ពួក​គេ ​។ កម្ពុជា​លែង​ជា​ប្រទេស ដែល​គ្រាន់តែ​ទិញ​ម៉ូតូ​ពី​បរទេស​ទៀត​ហើយ ​។ យើងក៏​មាន​សមត្ថភាព​ផលិត​ម៉ូតូ ដែល​មានគុណ​ភាពល្អ​បាន​ដែរ ហើយ​យើង​ចង់​បង្ហាញ​ឱ្យ​ពិភពលោក​បានឃើញ​ថា យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា មាន​សមត្ថភាព​ធ្វើ​អ្វី​បាន​ខ្លះ​ ។​

បើក​ទទួល​ការ​កក់​ទុក​មុន នៅ​ក្នុង​ប្រទេស​កម្ពុជា

នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន Calypso  Motors បាន​ចាប់ផ្តើម​ទទួល​ការ​ចុះ​ឈ្មោះ​កក់​ទុក​មុន​រួច​ហើយ ដោយសារ​តែ​ម៉ូតូ​ផលិត​លើក​ដំបូង​នេះ មាន​ចំនួន​កំណត់ ។ ពិធី​សម្ពោធ​ជា​ផ្លូវការនឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​សុក្រ ទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៦ នៅ​មជ្ឈមណ្ឌល​តាំង​បង្ហាញ​ម៉ូតូ​ថ្មី ដែល​ក្រុមហ៊ុន Calypso Motors សហការ​បើក​ជាមួយ VM Motorshop ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ផ្សារ​ដេប៉ូ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ កម្មវិធី​នេះ នឹង​រៀបចំ​ឡើង​នៅ​ពេល​ល្ងាច ក្រោម​ប្រធានបទ «Fresh from Milan» (​មក​ថ្មី​ៗ​ពី​ទីក្រុង​មី​ឡាន​) ដោយ​មានការ​ចូលរួម​ពី​តំណាង​ចែកចាយ​ទាំង ៨ របស់​ក្រុមហ៊ុន Calypso Motors បណ្ដា​ដៃគូ​សហការ និង​អ្នក​សារព័ត៌មាន ។

អតិថិជន អាច​ធ្វើការ​កក់​ទុក​មុន​សម្រាប់​ម៉ូតូ Calypso Xplorer ដោយ​គ្រាន់តែ​បង់ប្រាក់​កក់​ចំនួន ១០០ ដុល្លារ​អា​មេ​រិ​ក ប៉ុណ្ណោះ ។ ក្នុងអំឡុងពេល​នៃ​ការ​កក់​ទុក​មុន ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ​២០២៦ ម៉ូតូ​នេះ​មាន​តម្លៃ​ពិសេស​ត្រឹមតែ ២,៩៨០ ដុល្លារ​អា​មេ​រិ​ក ប៉ុណ្ណោះ ។ បន្ទាប់​ពី​ផុត​រយៈពេល​កក់​ទុក​មុន​នេះ តម្លៃ​លក់​ផ្លូវការ​របស់​ម៉ូតូ Calypso Xplorer នឹង​លក់​ក្នុង​តម្លៃ​ដើម ៣,២៨០ ដុល្លារ​អា​មេ​រិ​ក ។ សម្រាប់​ការ​ប្រគល់​ម៉ូតូ នឹង​ប្រព្រឹត្ដ​ទៅ នៅ​ក្នុង​ខែធ្នូ ដែល​មាន​ចំនួន​កំណត់​ត្រឹមតែ ៦០ គ្រឿង​ប៉ុណ្ណោះ ដោយ​ផ្តល់​អាទិភាព​ជូន​អតិថិជន ដែល​បាន​កក់​មុន តាម​លំដាប់​មុន​ក្រោយ ​។

ម៉ូតូ Calypso Xplorer ស៊េរី​ថ្មី​ទាំងស្រុង

ម៉ូតូ Calypso Xplorer គឺជា​ម៉ូតូ​ប្រភេទ Adventure Scooter លេខ​អូ​តូ ដែល​មាន​កម្លាំង​ម៉ាស៊ីន 180cc ជាមួយនឹង​ការ​រចនា​រូបរាង​ថ្មី​ទាំងស្រុង ដើម្បី​ជំនួស​ម៉ូ​ដែល Xplorer 150 ជំនាន់​មុន​របស់​ក្រុមហ៊ុន ​។ ម៉ូតូ​នេះ បំពាក់​ដោយ​ម៉ាស៊ីន  ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទឹក​ស្អុំ​បញ្ចុះ​កម្ដៅ និង​ប្រព័ន្ធ​បាញ់ប្រេងឥន្ធនៈ Bosch មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ព្រមទាំង​ប្រព័ន្ធ​ហ្វ្រាំង ABS ប្រព័ន្ធ​គ្រប់គ្រង​ការ​រអិល​កង់ (Traction Control) និង​អេ​ក្រង់​ឆ្លាត​វៃ Touchscreen ។ លើស​ពី​នេះ ម៉ូតូ Calypso Xplorer ក៏​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ឆ្លាត​វៃ Startec Intelligent Safety (SI) ដែល​អាច​ផ្ញើ​សារ​ជូនដំណឹង នៅ​ពេល​មាន​គ្រោះថ្នាក់ និង​អនុញ្ញាត​ឱ្យ​ម្ចាស់​ម៉ូតូ អាច​បញ្ជា​ពន្លត់​ម៉ាស៊ីន ពី​ចម្ងាយ​តាម​រយៈ​ទូរស័ព្ទ​ដៃ ក្នុង​ករណី​ម៉ូតូ​ត្រូវ​បាន​លួច នៅ​ពេល​ម៉ូតូ​ចត​ដោយ​សុវត្ថិភាព ផង​ដែរ​។ ម៉ូតូ​នេះ​ម៉ូ​ដែល​នេះ មាន​ជម្រើស​ពណ៌​ចំនួន ២ គឺ ពណ៌​ខ្មៅ និង​ពណ៌​ស​ ។

អំពី​ក្រុមហ៊ុន Calypso Motors

ក្រុមហ៊ុន Calypso Motors ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០២២ និង​ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ដំបូង​គេ នៅ​ប្រទេស​កម្ពុជា ​។ ក្រុមហ៊ុន​ផលិត​ទោចក្រយានយន្ដ​ខ្មែរ​មួយ​នេះ មាន​ជំនាញ​ក្នុង​ការ​រចនា និង​ដំឡើង​ម៉ូតូ នៅ​រាជធានី​ភ្នំពេញ ដោយ​ផ្តោត​សំខាន់​លើ​សុវត្ថិភាព​របស់​បើកបរ និង​ការ​បំពាក់​បច្ចេកវិទ្យា​ឆ្លាត​វៃ ដែល​ត្រូវ​បាន​រចនា​ឡើង​ឱ្យ​សម​ស្រប​នឹង​ស្ថានភាព​ផ្លូវថ្នល់នៅ​ប្រទេស​កម្ពុជា​ ៕ អត្ថបទសហការ