ដោយផ្អែកលើភាពជោគជ័យ ក្នុងរយៈពេល ពីរឆ្នាំ កន្លងទៅ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម មានមោទនភាពក្នុងការបន្តរៀបចំកម្មវិធី “រត់ ដើម្បីសុខភាពសហគមន៍ ឆ្នាំទី៣” ដោយសហការជាមួយវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ដើម្បី បន្ត លើកកម្ពស់ការរស់នៅប្រកបដោយសុខុមាលភាព ក្នុងសហគមន៍ ខណៈពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ប៊ីវីអឹម ចំពោះ សុខភាព សហគមន៍ និងការអភិវឌ្ឍសង្គម ប្រកបដោយចីរភាព ។
«រត់ ដើម្បីសុខភាពសហគមន៍ ឆ្នាំទី៣» តំណាងឱ្យព្រឹត្តិការណ៍សំខាន់មួយទៀត នៅក្នុងដំណើរ នៃទំនួលខុសត្រូវសង្គម(CSR) របស់ ប៊ីវីអឹម ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបង្កើតផលវិជ្ជមាន និងយូរអង្វែង លើសពីអាជីវកម្មស្នូលរបស់ខ្លួន។ តាមរយៈព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ប៊ីវីអឹម បន្តពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយស្ថាប័នអប់រំ និងសហគមន៍ក្នុងស្រុក ដោយរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ ប្រកបដោយសុខុមាលភាព និងនិរន្តរភាពសម្រាប់ពលរដ្ឋជំនាន់ក្រោយ ។
ដូចឆ្នាំមុនៗដែរ សិស្សានុសិស្សដែលចូលរួម ក្រៅពីមានឱកាសក្នុងការបង្ហាញពីការតាំងចិត្ត និងភាពក្លាហានរបស់ពួកគេ ដើម្បីប្រកួតប្រជែងយកពានរង្វាន់ សិស្សជ័យលាភីក៏ត្រូវបានផ្តល់ឱកាសពិសេស ដើម្បីចូលរួមក្នុងការរត់ម៉ារ៉ាតុងចក្រភពអង្គរ នៅសៀមរាប ជាមួយក្រុមការងារ ប៊ីវីអឹម ។
សិស្សានុសិស្ស ក៏មានឱកាសក្នុងការទស្សនកិច្ចសិក្សាមកកាន់ការិយាល័យកណ្តាល ប៊ីវីអឹម ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម និងមណ្ឌលសន្និបាតប្រេង ប៊ីវីអឹម ដែលអនុញ្ញាតឱ្យពួកគេទទួលបានការយល់ដឹងដោយផ្ទាល់ អំពីប្រតិបត្តិការរបស់ក្រុមហ៊ុន ស្តង់ដាសុវត្ថិភាព និងការប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលមានគុណភាពទូទាំងប្រទេសកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ ប៊ីវីអឹម ជឿជាក់ថា នឹងពង្រឹងការយល់ដឹងរបស់សិស្ស ជម្រុញការប្តេជ្ញាចិត្តនាពេលអនាគតរបស់ពួកគេ និងបង្កើតការចងចាំយូរអង្វែងលើសពីសកម្មភាពក្នុងសាលារៀន ។
លោកស្រី មាស គន្ធា អគ្គនាយិការងប្រតិបត្តិ ប៊ីវីអឹម បានមានប្រសាសន៍ថា “នាងខ្ញុំ ពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានឃើញប្អូនៗម្ចាស់ជ័យលាភី សរុបទាំង១២រូប បានទៅចូលរួមរត់ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ១០គីឡូម៉ែត្រ នៅខេត្តសៀមរាប ដោយភាពជឿជាក់ និងស្វាហាប់ និងទទួលបានជោគជ័យ ក្នុងថិរវេលារត់ដ៏ល្អ កាលពីឆ្នាំ២០២៤ និង២០២៥។ លើសពីនេះ ប្អូនៗ ថែមទាំងបានស្វែងយល់ពីប្រវត្តិសាស្ត្រដ៏អស្ចារ្យ នៃប្រាសាទអង្គរវត្តតាមរយៈមគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងអំឡុងពេលទស្សនៈកិច្ចនៅប្រាសាទអង្គរវត្តទៀតផង” ។ “សម្រាប់ឆ្នាំ២០២៦នេះ ប៊ីវីអឹម នៅតែបន្តបេសកកម្មនេះ ព្រោះពួកយើងជឿជាក់យ៉ាងមុតមាំថា «កីឡា គឺជាឱសថដ៏ស័ក្តិសិទ្ធិសម្រាប់សុខភាព»។ ពួកយើងចង់បណ្តុះស្មារតីស្រឡាញ់កីឡាចេញពីគ្រឹះស្ថានអប់រំ។ ពីព្រោះ កាលណាប្អូនៗមានសុខភាពល្អ ស្មារតីរឹងមាំ នោះសាលារៀនរបស់ពួកយើងក៏មានបរិយាកាសល្អ ហើយនៅពេលសាលារៀនមានសុខភាពល្អ សហគមន៍ទាំងមូលរបស់ពួកយើងក៏នឹងទទួលបាននូវភាពរីកចម្រើន និងវិបុលភាពដូចគ្នា” ។ ចាប់តាំងពីការចាប់ផ្តើមមក “រត់ដើម្បីសុខភាពសហគមន៍” មិនត្រឹមតែជាកម្មវិធីរត់ធម្មតានោះទេ ប៉ុន្តែកម្មវិធីនេះ បានវិវត្តទៅជាវេទិកាដ៏មានអត្ថន័យមួយដែលសិស្ស គ្រូបង្រៀន និងសហគមន៍ក្នុងតំបន់មកជួបជុំគ្នាដើម្បីអបអរសាទរសុខភាព សាមគ្គីភាព និងមានគុណតម្លៃជាវិជ្ជមាន។ ការបន្តភាពជាដៃគូជាមួយវិទ្យាល័យជាស៊ីមព្រែកអញ្ចាញ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នានៃការជម្រុញដល់ធនធានជំនាន់ក្រោយតាមរយៈការអប់រំ និងសុខុមាលភាព ។
លោកស្រី មាស គន្ធា បានបន្តថា “ពួកយើងជឿជាក់ថាការវិនិយោគលើសុខភាពយុវជន គឺជាការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាយើងដូចគ្នាដែរ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្តគំនិតផ្តួចផ្តើម “រត់ដើម្បីសុខភាពសហគមន៍” សម្រាប់បីឆ្នាំជាប់ៗគ្នា ពីព្រោះយើងជឿជាក់ថា កម្មវិធីនេះលើកទឹកចិត្តសិស្សឱ្យរក្សាភាពសកម្ម កសាងទំនុកចិត្តលើខ្លួនឯង និងអភិវឌ្ឍទម្លាប់ប្រកបដោយសុខភាពល្អ ដែលអាចផ្តល់អត្ថប្រយោជន៍ពេញមួយជីវិតរបស់ពួកគេ។ ហើយ ប៊ីវីអឹម នៅតែបន្តប្តេជ្ញាធ្វើការជាមួយដៃគូ ដើម្បីបង្កើតឱកាសដ៏មានអត្ថន័យ ដែលរួមចំណែកដល់សុខុមាលភាពរយៈពេលវែង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគមន៍កម្ពុជា»។
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ជាក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកឈានមុខមួយក្នុងការផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០០៨ ។ ប៊ីវីអឹម ធ្វើការចែកចាយប្រេងឥន្ធនៈទៅ ២៥ ខេត្តក្រុងដោយផ្តល់នូវប្រេងឥន្ធនៈដែលមានគុណភាព បរិមាណត្រឹមត្រូវ ជាមួយនឹង សេវាកម្មដឹកជញ្ជូនប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាពខ្ពស់។ ប៊ីវីអឹម កំពុងពង្រីកសាខាស្ថានីយលក់រាយប្រេងឥន្ធនៈដើម្បីឆ្លើយតបនឹងតម្រូវការ និងការគាំទ្ររបស់អតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ក៏កំពុងស្វែងរកដៃគូសហការ ឬសហគ្រិនដែលមានបំណងចង់វិនិយោគក្នុងអាជីវកម្មស្ថានីយលក់រាយប្រេងឥន្ធនៈ ដោយបើកស្ថានីយប្រេងស្តង់ដា ក្រោមស្លាកសញ្ញា ប៊ីវីអឹម ។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ និងកេរ្តិ៍ឈ្មោះទទួលស្គាល់នៅក្នុងវិស័យនាំចូល ចែកចាយ និងបើកស្ថានីយលក់រាយប្រេងឥន្ធនៈប៊ីវីអឹម នឹងផ្តល់ការគាំទ្រដល់សហគ្រិន និងម្ចាស់អាជីវកម្ម ក្នុងគ្រប់ជំហាននៃដំណាក់កាលឆ្ពោះទៅបង្កើត និងក្លាយជាម្ចាស់ស្ថានីយប្រេងឥន្ធនៈស្តង់ដាដែលទទួលស្គាល់ដោយអាជ្ញាធរពាក់ព័ន្ធ។
ប្រសិនបើលោកអ្នកមានចម្ងល់អំពីផលិតផល ឬមានបំណងចង់បោះជំហានចូលក្នុងអាជីវកម្មស្ថានីយលក់រាយប្រេងឥន្ធនៈ លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារ ប៊ីវីអឹម ឥឡូវនេះ តាមលេខផ្នែកសេវាជំនួយអតិថិជន 095 555 801 ជារៀងរាល់ថ្ងៃ ពីម៉ោង ៧.៣០ព្រឹក ដល់ម៉ោង ៥ល្ងាច ៕








ចែករំលែកព័តមាននេះ