ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិវាទ​នៅ​រោងចក្រ ឡឺ​ក្រោ​ន ស៊ូ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ដោយ​គ្រប់​ភាគី​សប្បាយចិត្ត និងស្រុះស្រួល​គ្នា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​សៅរ៍ ទី​ ១២ ខែកក្កដា ឆ្នាំ ​២០២៥​…

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​សៅរ៍ ទី​ ១២ ខែកក្កដា ឆ្នាំ ​២០២៥​ មកនេះ មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បាន​សម្រេច​ដោយ​ជោគជ័យ​ក្នុង​ការ​សម្របសម្រួល​វិវាទ​នៅ​រោងចក្រ ឡឺ ក្រោ​ន ស៊ូ មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវជាតិ​លេខ ​៦ ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​ដោយ​គ្រប់​ភាគី​សប្បាយចិត្ត និង​រីករាយ​ជាមួយ​ដំណោះស្រាយ​ដោយ​កម្មករ​ទទួល​បាន​ផ្អែក​ទៅ​តាម​ច្បាប់​ ។

លោក ស៊ុន មេ​សា បាន​គូសបញ្ជាក់​ថា ៖ “​កម្មករ​បាន​ទទួល​ប្រាក់​សំណង​រួចរាល់​ហើយ​តាំងពី​ថ្ងៃ​សៅរ៍​មក​ម្លេះ ដោយ​បងប្អូន​កម្មករ​ទទួលយក​សំណង​យ៉ាង​រីករាយ និង​សប្បាយចិត្ត​ក្រោម​ដំណោះស្រាយ​របស់​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​”​ ។ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​បន្ថែម​ថា តាំងពី​កើត​វិវាទ​ភ្លាម​នៅ​ថ្ងៃ​ទី​ ៨ ខែកក្កដា ឆ្នាំ​ ២០២៥ មន្ត្រី​ជំនាញ​របស់​ក្រសួង ក៏​ដូច​ជា​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកំពង់ចាម បាន​ចុះ​ដោះស្រាយ​ភ្លាម​ដែល​នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ក្រសួង​ដើម្បី​ធានា​ពី​អត្ថប្រយោជន៍​របស់​កម្មករ និង​និរន្តរភាព​របស់​រោងចក្រ​សហគ្រាស ​។

បើ​តាម​អ្នកនាំពាក្យ​ដដែល​រូប​នេះ ក្រោម​ការ​សម្របសម្រួល និង​ដោះស្រាយ​ប្រកបដោយ​វិជ្ជាជីវៈ តម្លាភាព និង​ច្បាស់លាស់​ពី​មន្ត្រី​ជំនាញ​អធិការកិច្ច និង​វិវាទ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បងប្អូន​កម្មករ​ទទួលយក​ដោយ​ពេញចិត្ត និង​សប្បាយ​រីករាយ ​។ ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករនិយោជិត​ដែល​ចង់បាន​ឱកាស​ការងារ​ថ្មី សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែល​ប្រចាំការ​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ចាម ស្ថិត​នៅ​ផ្លូវ​លេខ​៧​ចាស់ ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​-​ខេត្តកំពង់ចាម ឬ​ទំនាក់ទំនង​តាម​រយៈ​ទូរ​សព្ទ​លេខ ០៤២ ២១០ ២៧៧/ ០១៦ ៦៥៦ ៦៥៥ ឬ​ទាក់ទង​១២៩៧ ខណៈ​ដែល​កម្ពុជា​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ២៥ ម៉ឺន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ ៕ អត្ថបទសហការ