រាជធានីភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិព័រណ៍អប់រំនៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី ៨ ឆ្នាំ ២០២៥-The 8th BICC – Education Fairs 2025 ស្តីពី “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស-The Scholarship Opportunities and Preparation for Overseas Study Life” និងវេទិកាស្រាវជ្រាវ លើកទី ២ ឆ្នាំ ២០២៥ The 2nd BICC – Research Forum 2025 ស្តីពី “តួនាទីរបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការលើកកម្ពស់ការសិក្សាពេញមួយជីវិត-Roles of Higher Education Institutions in Promoting Lifelong Learning” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយកប៊ែលធីគ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន ព្រមទាំងមានការធ្វើបទបង្ហាញពីសាកលវិទ្យាល័យ ដៃគូចំនួន ៣០ មកពី ១៤ប្រទេសជុំវិញពិភពលោក (កម្ពុជា អូស្ត្រាលី កាណាដា ចិន ជប៉ុន កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ប៉ូឡូញ សិង្ហបុរី ស្វីស ថៃ អង់គ្លេស និងសហរដ្ឋអាម៉េរិក) ជូនសិស្ស-និស្សិតប៊ែលធី និងអ្នកអាណាព្យាបាល សរុបជាង ៥,០០០នាក់ ។
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានមានប្រសាសន៍ថា BICC គឺជាសន្និសីទ អន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោល បំ ណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យដៃគូនៅឯក្រៅប្រទេស ដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បី រួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជាឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលផ្តោតលើ ៧ចំណុចសំខាន់ៗ ៖
១- ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក
២- បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
៣- ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្សនិស្សិតប៊ែលធី
៤- បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម
៥- ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
៦- ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស
៧- ចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ ។
ឯកឧត្តមសាកលវិទ្យាធិការ បានបន្ថែមថា ដើម្បីចូលរួមលើកកម្ពស់គុណភាពនៃការសិក្សាស្រាវជ្រាវ ឱ្យកាន់តែមានប្រសិទ្ធភាព និងស្តង់ដារដែលមានការទទួលស្គាល់ជាអន្តរជាតិ សាកលវិទ្យាល័យក៏បានរៀបចំ “វេទិកាស្រាវជ្រាវ លើកទី ២” ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញ និងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ និងស្នាដៃសិក្សាស្រាវជ្រាវពីវាគ្មិនជាតិ-អន្តរជាតិជាច្រើនរូបផងដែរ ។ នៅក្នុងពិធីបិទសន្និសីទនេះ ក៏មានការចែករំលែកបទពិសោធន៍អំពីជីវិតសិក្សានៅក្រៅប្រទេសរបស់អតីតសិស្សនិទ្ទេស A ជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង គឺកញ្ញា ទេព មល្លិកា ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបាងកក នៃព្រះរាជាណាចក្រថៃ លើជំនាញយុទ្ធសាស្ត្រទំនាក់ទំនង និងផ្នត់គំនិតផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ជាពិសេសភាពលេចធ្លោនៃកិត្តិនាមនៅលើឆាកអន្តរជាតិរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់ ដែលនឹងបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅសម្រេចទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណគ្រឹះស្ថានសិក្សាទាំង៣០ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សារបស់សាកលវិទ្យាល័យខ្លួនជូនដល់សិស្ស-និស្សិតកម្ពុជា ។
ឯកឧត្តមបណ្ឌិត បានបន្ថែមថា សន្និសីទ BICC នឹងរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនមូលធនមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជាក្នុងសម័យឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់វិស័យអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្ត ដល់សាកលវិទ្យាល័យដៃគូទាំងអស់ បន្តចូលរួមសន្និសីទ BICC លើកទី៩ និងវេទិកាស្រាវជ្រាវ លើកទី៣ ឆ្នាំ២០២៦ ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ-អន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ