ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក បានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងលឿនរហ័សចំពោះអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីជួយពលករខ្មែរដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ។
តាមការណែនាំរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងប្រចាំការនៅតាមមណ្ឌលសំចតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃដើម្បីផ្តល់ព័ត៌មានស្តីពីឱកាសការងារដ៏សម្បូរបែប ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែងនៅមណ្ឌលសំចត ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីក្រសួងការងារបាននិងកំពុងបន្តផ្តល់ព័ត៌មានពីឱកាសការងារដ៏សម្បូរបែប ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដល់ប្រជាពលរដ្ឋជាទូទៅ និងជាពិសេសបងប្អូនពលករខ្មែរ ។
លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថាមន្ត្រីនៅមណ្ឌលសំចតបានផ្តល់ព័ត៌មានពាក់ព័ន្ធឱកាសការងារប្រមាណជាង ២៣ម៉ឺនកន្លែងនៅទូទាំងប្រទេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាអត្ថប្រយោជន៍ ប.ស.ស. ។
លោកបានគូសបញ្ជាក់ថា៖ «ក្នុងដំណាក់កាលនេះ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីក្រសួងការងារ ក៏ដូចជាឯកឧត្តម អភិបាលខេត្ត គឺយើងបានត្រៀមខ្លួនរួចជាស្រេច យើងមានរោង មានទឹក និងអាហារសម្រន់ និងក្រុមការងារមកពីទីភ្នាក់ងារជាតិមុខរបរ និងការងារ វិទ្យាស្ថានពហុបច្ចេកទេស និងបេឡាជាតិសន្តិសុខសង្គម ដែលជាសេនាធិការឱ្យក្រសួងការងារ» ។
ជាមួយគ្នានេះ លោក មាស សំណាង ប្រធានមជ្ឈមណ្ឌលការងារ ខេត្តបន្ទាយមានជ័យ លើកឡើងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ព័ត៌មានទាក់ទងនឹងឱកាសការងារដ៏ច្រើនសម្បូរបែបរបស់កម្ពុជាទៅកាន់បងប្អូនប្រជាពលករដែលបានវិលមកកម្ពុជានិងមានបំណងវិលមកស្រុកកំណើតវិញ ។
លោនបានអះអាងថា៖ «យើងបានបញ្ជូនមជ្ឈមណ្ឌលចល័តជារថយន្តសម្រាប់ខាងបន្ទាយមានជ័យ មាន៥គ្រឿង ក្នុងនោះ២គ្រឿងទុកក្នុងក្រុងសិរីសោភ័ណ និង ៣គ្រឿងទៀតទុកនៅប៉ោយប៉ែត យើងមានជាការផ្តល់ជូនព័ត៌មានទូទៅ មានជាការចុះឈ្មោះស្វែងរកការងារធ្វើ ការចែកខិត្តប័ណ្ឌ និងការប្រឹក្សាយោបល់ផ្សេងៗ» ។
បន្ថែមពីនេះ លោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តបន្ទាយមានជ័យបានត្រៀមខ្លួនរួចរាល់ក្នុងការចុះឈ្មោះជូនបងប្អូនពលករខ្មែរដែលចង់រៀនជំនាញបច្ចេកទេសបន្ថែមទាំងក្នុងខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេសកម្ពុជា ។
លោកស្រីបញ្ជាក់ថា៖ «សម្រាប់ពលករខ្មែរដែលត្រឡប់មកវិញ យើងមានផ្តល់ជាការសម្ភាសក្នុងមណ្ឌលសំចត និងបានចុះឈ្មោះក្នុងប្រព័ន្ធនៃក្រសួងការងារ ហើយយើងបានប្រាប់ពីជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់គាត់មាននៅក្នុងខេត្តបន្ទាយមានជ័យ» ។
ជាមួយគ្នានេះ លោក សាន ណារិន អនុប្រធានសាខាបេឡាជាតិសន្តិសុខសង្គម ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្រុមការងារបេឡាជាតិសន្តិសុខសង្គមបានផ្តល់ព័ត៌មានពាក់ព័ន្ធនឹងរបបទាំង៣ ដូចជាគ្រោះថ្នាក់ការងារ របបសោធននិវត្តន៍ និងរបរថែទាំសុខភាព និងការថែទាំងសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ។
លោកបានលើកឡើងថា៖ «បេឡាជាតិសន្តិសុខសង្គមត្រៀមខ្លួនរួចរាល់ក្នុងការទទួលពលករ ដែលអញ្ជើញមកពីព្រះរាជាណាចក្រថៃ ដើម្បីពន្យល់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គមទាំងបី ទី១ គឺគ្រោះថ្នាក់ការងារ ទី២ ផ្នែកថែទាំងសុខភាព ទី៣ ផ្នែកប្រាក់សោធន មួយទៀតពាក់ព័ន្ធនឹងកម្មករនិយោជិត ដែលត្រឡប់មកព្រះរាជាណាចក្រកម្ពុជា តែគាត់មានដើមទុនខ្លះៗ គាត់អាចទៅធ្វើបណ្ណ ប.ស.ស. បាន ជាបុគ្គលស្វ័យនិយោជន៍» ។
គួរបញ្ជាក់ផងដែរថា មណ្ឌលសំចតប៉ោយប៉ែត ជាមណ្ឌលមួយក្នុងចំណោមមណ្ឌលផ្សេងទៀត ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំឡើងដើម្បី ផ្តល់ព័ត៌មាននៃឱកាសការងារជាង ២៣ម៉ឺនកន្លែងទូទាំងប្រទេសកម្ពុជា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ និងអត្ថប្រយោជន៍ ប.ស.ស. នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ