រាជធានីភ្នំពេញ ៖ វ័យជំទង់ជារឿយៗត្រូវបានចាត់ទុកថា ជាពេលវេលានៃការលូតលាស់ និងការរុករកដោយមិនខ្វល់ខ្វាយ ប៉ុន្តែក្មេងជំទង់សព្វថ្ងៃនេះប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើន រាប់ចាប់ពីកង្វល់សុខភាពផ្លូវចិត្ត ដូចជាការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត រហូតដល់សម្ពាធនៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងការសិក្សា បញ្ហាទាំងនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ផ្លូវចិត្ត និងសង្គមរបស់ក្មេងជំទង់ ។ ជាលទ្ធផល ក្មេងជំទង់អាចពិបាកក្នុងការរក្សាតុល្យភាពអារម្មណ៍ ។ ទោះបីជាឪពុកម្តាយមិនអាចការពារក្មេងជំទង់ពីកត្តាហានិភ័យក៏ដោយ តែអ្នកអាចផ្តល់ការគាំទ្រ ការណែនាំ និងការយល់ចិត្តចំពោះពួកគេ ។ ខាងក្រោមនេះ គឺជាបញ្ហាទូទៅចំនួន ១២ ដែលយុវវ័យច្រើនប្រឈមមុខ ៖
១. ជំងឺធ្លាក់ទឹកចិត្ត ៖ ជំងឺធ្លាក់ទឹកចិត្តក្នុងវ័យជំទង់កំពុងក្លាយជារឿងធម្មតាកាន់តែខ្លាំង ។ ក្មេងស្រីទំនងជាជួបប្រទះនឹងជំងឺធ្លាក់ទឹកចិត្តជាងក្មេងប្រុស ហើយនេះអាចឆ្លុះបញ្ចាំងពីតួនាទី និងទំនាក់ទំនងសង្គមក្នុងជីវិតរបស់ពួកគេ ។
២. ការថប់បារម្ភ ៖ ការថប់បារម្ភរបស់ក្មេងជំទង់ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដែលអាចបណ្តាលមកពីការថប់បារម្ភក្នុងសាលារៀន សង្គមយុវវ័យ បញ្ហាគ្រួសារ និងពិភពលោក ជាហេតុធ្វើឱ្យទំនាក់ទំនងរបស់ពួកគេចុះខ្សោយ ។
៣. សម្ពាធមិត្តភក្ដិ ៖ ឥទ្ធិពលអវិជ្ជមានខ្លាំងបំផុតមួយលើមនុស្សវ័យជំទង់ គឺសម្ពាធមិនល្អពីមិត្តភ័ក្តិ និងមនុស្សជុំវិញខ្លួន ។
៤. ការគំរាមកំហែង ការបំពាន ៖ ក្មេងជំទង់ជាច្រើនបានជួបប្រទះការគំរាមកំហែង និងការបំពានពីមិត្តភក្តិ និងតាមអ៉ីនធឺណិត ដែលជាហេតុធ្វើឱ្យពួកគេខ្មាស់អៀន ភ័យខ្លាច និងខូចអារម្មណ៍យូរអង្វែង ។
៥. ការសើចចំអកលើរាងកាយ ៖ ក្មេងដែលមានរូបរាងខុសធម្មតា ធាត់ ឬស្គមខ្លាំងពេកងាយនឹងទទួលរងការសើចចំអកលើរូបរាង ដែលធ្វើឱ្យពួកគេមានការខ្មាស់អៀនចំពោះរាងកាយ និងការបញ្ចេញមតិដែលបង្កការឈឺចាប់ចំពោះពួកគេ ។
៦. ប្រព័ន្ធផ្សព្វផ្សាយសង្គម ៖ ការផ្តោតអារម្មណ៍ច្រើនពេកលើការកែរូបភាពខ្លួនឯងឱ្យអ្នកដទៃមើល ឬការចំណាយពេលច្រើនពេកលើការច្រណែននឹងអ្នកដទៃលើបណ្តាញសង្គមអាចបង្កើតជាទុក្ខទោសសម្រាប់ក្មេងជំទង់ ។
៧. បញ្ហាប្រឈមក្នុងការសិក្សា ៖ សម្ពាធក្នុងការសិក្សា គឺតែងតែមានសម្រាប់ក្មេងជំទង់ ជាពិសេសចំពោះឪពុកម្តាយដែលដាក់កម្រិត ឬរំពឹងខ្ពស់ពេកចំពោះកូនថាកូននឹងធ្វើបានល្អនៅក្នុងសាលារៀន ។
៨. ការគោរពខ្លួនឯងទាប ៖ មិនគួរឱ្យភ្ញាក់ផ្អើលទេ វ័យជំទង់ គឺជារយៈពេលដែលការគោរពខ្លួនឯងមានកម្រិតទាបជាសកល ។ ការគោរពខ្លួនឯងទាបអាចជះឥទ្ធិពលអវិជ្ជមានដល់ខ្លួនឯង សង្គម និងការចូលរួមរបស់ក្មេងជំទង់ ។ នៅពេលក្មេងជំទង់មានអារម្មណ៍មិនល្អចំពោះខ្លួនឯង ពួកគេអាចខ្វះទំនុកចិត្តក្នុងការបង្កើតទំនាក់ទំនង និងធ្វើការងារនានា ។
៩. ភាពតានតឹង ៖ ក្មេងជំទង់នាពេលបច្ចុប្បន្ននេះមិនគ្រាន់តែព្រួយបារម្ភអំពីការសិក្សា ឬបង្កើតក្រុមមិត្តភក្តិប៉ុណ្ណោះទេ កង្វល់របស់ពួកគេរួមមានការបា.ញ់ប្រហារក្នុងសង្គម ការប្រែប្រួលអាកាសធាតុ ការឡើងកំដៅផែនដី ការកើនឡើងអត្រាអត្តឃា.ត បញ្ហាអន្តោប្រវេសន៍ និងសុវត្ថិភាពផ្ទាល់ខ្លួន ។
១០. អាកប្បកិរិយាផ្លូវភេទដែលមានហានិភ័យ ៖ ការចង់ដឹងចង់ឃើញ និងការស្វែងរកផ្លូវភេទចាប់ផ្តើមនៅវ័យជំទង់ដំបូង ហើយក្មេងជំទង់ខ្លះប្រឈមនឹងការរួមភេទដែលប្រថុយប្រថាន និងមិនបានការពារ ។
១១. ការប្រើប្រាស់សារធាតុហាមឃាត់ ៖ វ័យជំទង់ គឺជាឆ្នាំសំខាន់សម្រាប់ការរុញព្រំដែន និងដកពិសោធន៍រឿងរ៉ាវគ្រប់ប្រភេទ ដែលជាហេតុធ្វើឱ្យពួកគេប្រឈមនឹងការប្រើសារធាតុហាមឃាត់ ស្រា ឬគ្រឿងញៀ.នជាដើម ។
១២. ល្បែងស៊ីសង ៖ ក្មេងជំទង់មួយចំនួនកំពុងចូលរួមក្នុងការលេងល្បែង និងចាក់ភ្នាល់តាមអ៉ីនធើណេតក្នុងព្រឹត្តិការណ៍កីឡា ឬហ្គេម រហូតដល់ញៀនខានលែងបាន ៕ ប្រភព ៖ choosingtherapy
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ នឹងបើកដំណើរការសាខាទី ១៤ របស់ខ្លួនស្ថិននៅបណ្តោយផ្លូវលេខ ៥៩៨ ក្នុងខណ្ឌឫស្សីកែវ នៅដើមខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 089 792 168 / 015 337 123 ៕
ចែករំលែកព័តមាននេះ