រាជធានីភ្នំពេញ ៖ ក្រោយឆ្លងកាត់ការប្រកួតប្រជែងរយៈពេល ៨ម៉ោង កម្មវិធីប្រកួតថ្នាក់ជាតិ ផ្នែកសន្តិសុខសាយប័រ ប្រចាំឆ្នាំ ២០២៥ បានរកឃើញបេក្ខជនឆ្នើមដែលមានសមត្ថភាព និងដែលអាចតំណាងឱ្យប្រទេសកម្ពុជា ចេញទៅប្រកួតថ្នាក់តំបន់ ដែលនឹងរៀបចំឡើងនៅប្រទេសថៃ ។
ពិធីប្រគល់ពានរង្វាន់ កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ ផ្នែកសន្តិសុខសាយប័រ ប្រចាំឆ្នាំ ២០២៥ “Cambodia National Cybersecurity Competition 2025” បានប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល កម្ពុជា (CADT) ក្រោមវត្តមានឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងជំរុញការយល់ដឹង និងពង្រឹងសមត្ថភាព ចំណេះដឹង និងការលើកកម្ពស់មូលធន ឌីជីថល នៅក្នុងវិស័យសន្តិសុខសាយប័រ ក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ។
តាមរយៈលទ្ធផលនៃការប្រកួតប្រជែង បេក្ខជនចំនួន ៥រូប ត្រូវបានប្រកាសជាប់ជាជ័យលាភីក្នុងចំណោមបេក្ខជន-បេក្ខនារី ចំនួន ១០០នាក់ដែលចូលរួមប្រកួតប្រជែង ។ ជាមួយគ្នានេះ កម្មវិធីក៏បានជ្រើសរើសបេក្ខជនបេក្ខនារីឆ្នើមចំនួន ១៥រូបបន្ថែមទៀត ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេស ផ្នែកសន្តិសុខសាយប័រ ពីគ្រូបង្គោល រយៈពេល ៤ខែ ដើម្បីត្រៀមប្រកួតវគ្គបន្ទាប់ទៀត ដែលក្នុងចំណោមបេក្ខជនទាំង ២០រូបនេះ នឹងជម្រុះយកតែ ៤នាក់ ដើម្បីតំណាងប្រទេសកម្ពុជា ចេញទៅចូលរួមប្រកួតប្រជែងវគ្គតំបន់អាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game) ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប័រ ASEAN- Japan Cybersecurity Capacity Building Centre (AJCCBC) នៅប្រទេសថៃអំឡុងខែតុលា ខាងមុខនេះ ។
ឯកឧត្តម ជុន វ៉ាត បានសម្តែងការអបអរសាទរដល់បេក្ខជនជ័យលាភីទាំង ២០រូប ព្រមទាំងបេក្ខជន បេក្ខនារីទាំងអស់ដែលបានប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងពេញទំហឹងសម្រាប់ការការប្រកួតប្រជែងតាំងពីវគ្គជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្ត ។ ឯកឧត្តមបានបញ្ជាក់ថា កម្មវិធីប្រកួតថ្នាក់ជាតិសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការការលើកកម្ពស់មូលធនឌីជីថល នៅក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា និងក្នុងតំបន់ ។
សូមបញ្ជាក់ថា ជ័យលាភីទាំង ៥រូប ដែលបានឈ្នះក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែក សន្តិសុខសាយប័រ ប្រចាំឆ្នាំ ២០២៥ រួមមាន ៖
ជ័យលាភីលេខ ១ លោក ប៉ាន់ វិច្ឆិកា ទទួលបានប្រាក់រង្វាន់ចំនួន ២,០០០,០០០ រៀល
ជ័យលាភីលេខ ២ លោក ស៊ុន គីមស្រួល ទទួលបានប្រាក់រង្វាន់ចំនួន ១,៥០០,០០០ រៀល
ជ័យលាភីលេខ ៣ លោក ហាក់ វិទូ ទទួលបានប្រាក់រង្វាន់ចំនួន ១,០០០,០០០ រៀល
ជ័យលាភីលេខ ៤ លោក ប៊ុនចំណាន ទទួលបានប្រាក់រង្វាន់ចំនួន ៥០០,០០០ រៀល
ជ័យលាភីលេខ ៥ លោក ម៉េង រដ្ឋារី ទទួលបានប្រាក់រង្វាន់ចំនួន ៥០០,០០០ រៀល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ