រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលើកឡើងថា ពេលណា និងកាលៈទេសៈណាក៏ដោយដែលពលករខ្មែរមានទុក្ខព្រួយ និងការលំបាក ពេលនោះមានវត្តមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរាជរដ្ឋាភិបាលចេញមុខខ្នះខ្នែងជួយដោយមិនទុកឱ្យបងប្អូនរងាឡើយ ។
គិតមកដល់ពេលនេះ គឺ ៥០ថ្ងៃ នៃហេតុការណ៍គ្រោះរញ្ជួយដីដ៏កំណាច នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ បានសម្លា.ប់មនុស្សជាង ១០០នាក់ និងធ្វើមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស ។ ក្នុងនោះពលករខ្មែរស្លូតត្រង់ចំនួន ៤រូបក៏បានបាត់បង់ជីវិត និង ២រូបផ្សេងទៀតរងរបួសផងដែរ ។ នេះគឺជាទុក្ខសោករបស់កម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាអាណាព្យាបាល ។
តើរយៈពេល ៥០ថ្ងៃកន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើអ្វីខ្លះជួយបងប្អូនពលករខ្មែរនៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ ? លោក ស៊ុន មេសា បានថ្លែងថា ៖ «ខ្ញុំសូមបញ្ជាក់ថា មានច្រើនណាស់ មិនតិចនោះទេ ប៉ុន្តែខ្ញុំអនុញ្ញាតសង្ខេបខ្លីៗ និងខ្លឹមៗជូនបងប្អូន ។ ជាបឋមខ្ញុំសូមរំលឹកបទបញ្ជារបស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក្នុងនាមជាក្រសួងការងារ និងក្នុងនាមជាប្រធានក្រុមការងារយុវជន ESEA ផង និងជាសេនាធិការជូនសម្តេចប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាឱ្យអនុព័ន្ធការងារអមស្ថានទូតនៅប្រទេសថៃ និងក្រុមការងារយុវជនគណបក្ស ESEA ប្រចាំនៅប្រទេសថៃ បានចុះដល់ទីតាំង និងប្រចាំការទាំងយប់ទាំងថ្ងៃ ដើម្បីផ្តល់ដំណឹង និងផ្តល់ជំនួយចាំបាច់ដល់ពលករខ្មែរដែលរងរបួស និងសាច់ញាតិពលករខ្មែរដែលបានមកស្វែងរកបងប្អូន» ។
លោកបានបន្តថា នៅពេលដែលរកឃើញបងប្អូនដែលរងរបួស និងសាកសពដែលសង្ស័យជាជនជាតិខ្មែរ គឺមានការងារដ៏ប្រទាក់ក្រឡាមួយ និងប្រញ៉ាប់បំផុតបានកើតឡើងទាំងមន្ត្រីពាក់ព័ន្ធនៅកម្ពុជា និងមន្ត្រីរបស់ក្រសួងការងារនៅប្រទេសថៃ ។ ចំពោះនៅថៃក្រុមការងារអនុព័ន្ធការងារ ធ្វើការយ៉ាងជិតស្និទជាមួយភាគីថៃទាំងកិច្ចការងារឯកសារផ្លូវច្បាប់ជាមួយភាគីថៃ ។
ដោយឡែកមន្ត្រីជំនាញនៅកម្ពុជាវិញ បានធ្វើការស្រាវជ្រាវរកសាច់ញាតិ បងប្អូន និងការជួយខ្នះខ្នែងរត់ឯកសារ បំពេញឯកសារ និងការសម្របសម្រួលការធ្វើដំណើរ និងកិច្ចការផ្សេងៗត្រូវបានអគ្គនាយកដ្ឋានការងារ នាយកដ្ឋានមុខរបរ និងថ្នាក់ដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដាក់ចេញភ្លាមភ្លែតសំដៅជួយពលករខ្មែរដែលកំពុងរងគ្រោះ ហើយការងារសំខាន់បំផុតសម្រាប់អ្នកស្លា.ប់ គឺការធ្វើកោសល្យវិច្ច័យ DNA ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ ៖ «ការនិយាយនេះ ខ្ញុំមិនមានចេតនាថា កិច្ចការងារនេះធ្វើតែមន្ត្រីក្រសួងការងារនោះឡើយ គឺការងារនេះពិតណាស់ គឺជាការងារអន្តរក្រសួង គឺក្រសួងការបរទេស ដែលមានស្ថានទូត មន្ត្រីអន្តោប្រវេសន៍ និងអាជ្ញាធរមូលដ្ឋាននៃក្រសួងមហាផ្ទៃ បានដុតដៃដុតជើងចូលរួមជួយគ្នាបានយ៉ាងល្អ» ។
ចំពោះការងារនៅពេលមានអ្នកស្លា.ប់ និងរបួស លោក ស៊ុន មេសា បានសង្កត់ធ្ងន់លើដំណាក់កាលតេស្ត DNA ដើម្បីបញ្ជាក់ភាពត្រឹមត្រូវនៃសាកសពពលរដ្ឋខ្មែរ ឬសាសន៍ផ្សេង និងបញ្ជាក់រកសាច់ញ្ញាតិ ហើយត្រូវបញ្ជូនសពចេញពីថៃមកកម្ពុជាក្នុងការធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានជនរងគ្រោះ ។
ជាការពិត មន្ត្រីក្រសួងការងារ និងអ្នកពាក់ព័ន្ធផ្សេងទៀត រួមទាំងអាជ្ញាធរ មិនហ៊ានសម្រាកឡើយបើទោះបីជាថ្ងៃសម្រាកបុណ្យទានក៏ដោយ ។ ជាក់ស្តែងការបញ្ជូនសពបងប្អូនពលករ ២រូបប្តីប្រពន្ធចុងក្រោយកាលពីថ្ងៃពុធ ព្រហស្បតិ៍ក្នុងសប្តាហ៍នេះ គឺធ្វើឡើងប៉ះចំថ្ងៃបុណ្យទានរបស់ជាតិ ប៉ុន្តែមន្ត្រីនៅបន្តធ្វើការតាំងពីពេលថ្ងៃរហូតដល់យប់រំលងអាធ្រាត្រ ទម្រាំបញ្ជូនសព និងការដង្ហែសពត្រូវបានបញ្ចប់ ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា ។
ចំពោះសព និងបងប្អូនរងគ្រោះវិញ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បើទោះបីជាលោករវល់ការងារដ៏មមាញឹក ក៏លោកឆ្លៀតឱកាសក្នុងការចូលរួមរំលែកទុក្ខដោយផ្ទាល់ដល់គេហដ្ឋានសព និងការនាំយកសាររំលែកទុក្ខដែលចុះហត្ថលេខាផ្ទាល់ដៃរបស់សម្តេចជូនគ្រួសារសព ដោយអមថវិកាចូលបច្ច័យដ៏ថ្លៃថ្លារបស់សម្តេច និងលោកជំទាវបណ្ឌិតដែលបានឧបត្ថម ១ម៉ឺនដុល្លារដល់សពមួយរូប និងថវិកា ១០លានរៀលសម្រាប់អ្នករបួស ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ