ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ និង​អគ្គរដ្ឋទូត​សាធារណៈរដ្ឋ​កូរ៉េ ​ប្រចាំ​កម្ពុជា ​ប្រារ​ព្ឋ​ខួប ២០​ឆាំ្ន ​របស់​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា និងពិព័រណ៍ការងារ​លើក​ទី​ ៤

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជា្ជ​ជីវៈ និង ឯកឧត្តម PARK…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជា្ជ​ជីវៈ និង ឯកឧត្តម PARK Jong-Wook ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​ ១២ ខែឧសភា​នេះ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប ​២០​ឆាំ្ន​នៃ​ការ​បង្កើត​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ​(NPIC) និង​ពិព័រណ៍​ការងារ​លើក​ទី ​៤​ឆ្នាំ ២០២៥ ដែល​ធ្វើ​ឡើង​នៅ​ទីតាំង​វិទ្យាស្ថាន​ផ្ទាល់​ក្នុង​រាជធានី​ភ្នំពេញ ។

ថ្លែង​ទៅ​កាន់​អង្គពិធី​ដែល​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្នាក់ដឹកនាំ​គ្រឹះស្ថានសិក្សា​ក្រោម​ឱវាទ មិត្ត​ដៃគូ​បរទេស និង​អាជ្ញាធរ​ដែនដី ឯក​ឧ្ត​តម​រដ្ឋមន្ត្រី បាន​ថ្លែង​ថា ក្នុង​រយៈពេល ​២០​ឆ្នាំ​មកនេះ NPIC បាន​ក្លាយជា​គ្រឹះស្ថាន​បណ្តុះបណ្តាល​ជំនាញ​ដ៏​លេចធ្លោ​មួយ​ដោយ​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស និង​លើ​អន្តរជាតិ​តាម​រយៈ​ការ​រក្សា​បាន​នូវ​គុណភាព​បណ្តុះបណ្តាល បច្ចេកវិទ្យា​ទំនើប​ៗ បរិយាកាស​សិក្សា និង​ការងារ​ដែល​ជា​កត្តា​ផ្តល់​ជូន​សិស្ស​និស្សិត និង​សិក្ខាកាម ឱ្យ​មាន​ទាំង​ចំណេះ ជំនាញ និង​សីលធម៌​វិជ្ជាជីវៈ​ដែល​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន ដៃគូ​នានា និង​អ្នក​ពាក់ព័ន្ធ​ទុកចិត្ត និង​ជឿជាក់​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា​ ៖ “​កត្តា​ទាំង​អស់នេះ​ហើយ​បាន​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​ទទួលស្គាល់​ថា វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា គឺជា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​មួយ​ដែល​មាន​សក្តានុពល និង​សកម្ម ក្នុង​ការ​ចូលរួម​ចំណែក​កសាង​មូលធន​មនុស្ស​សម្រាប់​គាំទ្រ​ដល់​សេដ្ឋកិច្ច​កម្ពុជា​” ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​រំលឹក​ថា វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ជា​សម​ទ្ធិ​ផល​ដំបូង នៃ​កិច្ច​សហប្រតិបត្តិការ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ហើយ​វិទ្យាស្ថាន​ដ៏​ល្បីល្បាញ​នេះ បាន​ចាប់​បើក​ដំណើរការ​ដំបូង​នៅ​ឆ្នាំ​ ២០០៥ ​ដែល​មាន​សិស្ស​ចំនួន​ត្រឹម​ ២០០​នាក់ ជាមួយ​និង​ ៨​មុខ​ជំនាញ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​វិទ្យាស្ថាន មាន​សិស្ស​និស្សិត​ចំនួន​ជាង ​៧.៨​ពាន់​នាក់​ដែល​កំពុង​សិក្សា​លើ​មុខ​ជំនាញ ​២៤ ខណៈ​ដែល​សិស្ស​និស្សិត​បាន​បញ្ចប់​ការ​សិក្សា​គ្រប់​កម្រិត​ប្រមាណ​ជាង​ ១,៣​ម៉ឺន​នាក់​គិត​ត្រឹម​ឆ្នាំ ​២០២៤​ ។

បន្ថែម​ពី​ន​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា ខណៈ​ដែល​រាជរដ្ឋាភិបាល​កំពុង​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ ១,៥​លាន​នាក់​យ៉ាង​សកម្ម​នោះ វិទ្យាស្ថាន ក៏​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​បំផុត​ផង​ដែរ ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​ដល់​ក្រុម​យុវជន​គោលដៅ និង​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​មាន​ជំនាញ​ច្បាស់លាស់​ដែល​បាន​និង​កំពុង​ផ្តល់​ឱកាស​ឱ្យ​សិក្ខាកាម​មានការ​ងារ​នៅ​តាម​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស និង​ការ​ក្លាយជា​ម្ចាស់​អាជីវកម្ម​ផង​ដែរ​ ។

យ៉ាងណា​ក៏​ដោយ​ជាមួយនឹង​មោទនភាព​នៃ​ខួប ​២០​ឆ្នាំ​នេះ ឯកឧត្តម ហេង សួរ ក្នុង​នាម​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សង្កត់ធ្ងន់​ពី​ការ​ចូលរួម​ចំណែក​របស់​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ​(NPIC) ក្នុង​ការ​កសាង​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ដែល​រាជរដ្ឋាភិបាល ជា​ពិសេស សម្ដេច​មហា​បវរ​អធិបតី​ហ៊ុន ម៉ា​ណែ​ត បាន​យកចិត្តទុកដាក់​ខ្ពស់ និង​ដូច​មាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​នានា​របស់​រាជរដ្ឋាភិបាល និង​ផែនការ​សកម្មភាព​របស់​ក្រសួង​ដែល​រួម​មាន​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្នាំ ២០១៧-២០២៥ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​២០២៤-២០២៨ និង​គោលនយោបាយ​និង​ផែនការ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ផង​ដែរ ៕ អត្ថបទសហការ