
រយៈពេល ៣ ខែ ដើមឆ្នាំ ២០២៥ នេះ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ កើនឡើង ២០.១%
រាជធានីភ្នំពេញ ៖ គិតត្រឹមរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៥ នេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង…
រាជធានីភ្នំពេញ ៖ គិតត្រឹមរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៥ នេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង…
រាជធានីភ្នំពេញ ៖ គិតត្រឹមរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៥ នេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូបរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ ដែលបានកើនឡើង ២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា គិតត្រឹមរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៥ នេះ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជា មានទឹកប្រាក់ប្រមាណ ៣,៥ ពាន់លានដុល្លារ ដែលបានកើនឡើង ២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ ។ ឯកឧត្តមបានបន្តថា ទីផ្សារអាស៊ាន មានកំណើន ២៤ភាគរយ ខណៈដែលទីផ្សារសហភាពអឺរ៉ុបមានចំនួន ២០.៨ភាគរយ ដោយឡែកទីផ្សារជប៉ុនក៏មានមានកំណើន ១៩,៩ភាគរយ ។ សូម្បីតែទីផ្សារសហរដ្ឋអាមេរិក ក៏នៅតែមានការកើនឡើងជិត ២៥,៧ភាគរយផងដែរ ។
ឯកឧត្តម ស៊ុន មេសា បានបញ្ជាក់ថា ៖ «ក្នុងរយៈពេលបីខែតាមឆ្នាំ ២០២៥ នេះ សេដ្ឋកិច្ចកម្ពុជាបានបន្តអនុវត្តយ៉ាងល្អដោយការនាំចេញផ្នែកផលិតផលធ្វើដំណើរវាយនភ័ណ្ឌវិស័យកាត់ដេររបស់យើង គឺកើនឡើងប្រមាណជាង 20ភាគរយ ដែលគិតជាទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ ស្ថិតនៅក្នុងបរិបទដែលពិភពលោកកំពុងតែមានភាពស្មុគស្មាញ និងមិនច្បាស់លាស់លើទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ប៉ុន្ដែសេដ្ឋកិច្ចកម្ពុជាវិញបានល្អប៉ុណ្ណេះ គួរតែជាទីមោទនៈសម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា» ។
ចំណែកលោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC) បានថ្លែងថា វិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា មិនមានបញ្ហាអ្វីធំដុំគួរឱ្យកត់សម្គាល់នោះទេ ហើយកំណើនការងារដែលកើតចេញពីវិស័យវាយនភ័ណ្ឌកាត់ដេរ ក៏មានការកើនឡើងជាបន្តបន្ទាប់តាមរយៈលំហូរវិនិយោគពីបរទេស ដោយសារនិយោជកបរទេសមានភាពជឿជាក់មកលើរាជរដ្ឋាភិបាលដែលរក្សាបាននូវសន្ដិភាពពេញលេញ ។
លោកបញ្ជាក់ថា ៖ «ក្នុងនាមសហជីព ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញតួលេខកំណើននៃនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរជាក់លាក់បែបនេះ ព្រោះជាការបង្ហាញឱ្យឃើញថា វិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា មិនមានផលប៉ះពាល់អ្វីធំដុំគួរឱ្យកត់សម្គាល់នោះទេ» ។
លោកបានគាំទ្រចំពោះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជុំវិញកំណើននៃការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា ដោយសារនេះជាស្ថានភាពជាក់ស្ដែងដែលឆ្លុះបញ្ចាំងឱ្យឃើញពីសុខភាពសេដ្ឋកិច្ចល្អរបស់កម្ពុជា ។ លោកបានអំពាវនាវឱ្យកម្មករនិយោជិតបន្តស្មារតីដើមបំពេញកិច្ចការងាររបស់ខ្លួនទៅមុខទៀត ដោយចៀសវាងការជឿតាមការញុះញង់ពីបុគ្គលមួយចំនួននៅក្រៅប្រទេស និងអង្គការចាត់តាំងក្រៅរដ្ឋាភិបាលមួយចំនួនដែលតែងតែសន្និដ្ឋានខុសពីការពិតដោយគ្មានភ័ស្ដុតាងជាក់លាក់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ