ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងការងារ កម្ពុជា និង ថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ ឯកឧត្តម សេង សក្តា…

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការងារនៃព្រះរាជាណាចក្រថៃទ្បង់ដ៍ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ ដែលរៀបចំធ្វើនៅទីស្តីការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ 

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរលើវិស័យការងារ ជាពិសេសពលករទេសន្តរប្រវេសន៍។ កិច្ចសហការនាពេលកន្លងមកបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អ រវាងប្រទេសកម្ពុជា និងថៃ ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃនៅពេលនេះក្នុងគោលបំណងដើម្បីបើកកិច្ចពិភាក្សាការងារ ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីលើកកម្ពស់សិទ្ធិដល់ពលករទេសន្តរប្រវេសន៍ដែលកំពុងធ្វើការនៅប្រទេសថៃ ។

ឯកឧត្តមរដ្ឋលេខាធិការជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃនៅពេលនេះនឹងទទួលបានលទ្ធផលផ្លែផ្កា ក្រោមស្មារតីមិត្តភាពដ៏ស្និទ្ធស្នាល កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដើម្បីជាប្រយោជន៍ដល់វិស័យការងាររវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចគាំពារសិទ្ធិដល់ពលករទេសន្តរប្រវេសន៍ ផងដែរ ។ 

ទន្ទឹមនេះ ឯកឧត្តម Somchai Morakotsariwan អគ្គនាយកនៃនាយកដ្ឋានមុខរបរនៃក្រសួងការងារនៃព្រះរាជាណាចក្រថៃឡង់ដ៍ បានគូសបញ្ជាក់ពីកិច្ចសហការយ៉ាងល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរលើការគ្រប់គ្រងពលករទេសន្តរប្រវេសន៍នាពេលកន្លងមក។ ក្រសួងការងារថៃវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ពីភាគីកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាដែលជាសេនាធិការ ។ 

ឯកឧត្តម Somchai Morakotsariwan ជឿជាក់ថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ នឹងទទួលបានធាតុចូលសំខាន់ៗជាច្រើនក្នុងការកែសម្រួលនីតិវីធីមួយចំនួន ដើម្បីជួយសម្រួលឱ្យកាន់តែប្រសើរឡើងដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលេីកំណត់ហេតុ នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ ដេីម្បីអនុវត្តកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ ៕ អត្ថបទសហការ