រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន Grab ដែលជាកម្មវិធីស្មាតហ្វូនទំនើបឈានមុខគេនៅអាស៊ីអាគ្នេយ៍បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ ក្រុមហ៊ុន Charge+ ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយលើការសាកថ្មរថយន្តអគ្គិសនីឈានមុខគេ ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីជាមធ្យោបាយធ្វើដំណើរប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា ។ តាមរយៈភាពជាដៃគូនេះ អ្នកបើកបររថយន្តអគ្គិសនីដែលជាដៃគូរបស់ Grab នឹងទទួលបានការបញ្ចុះតម្លៃផ្តាច់មុខ ជាពិសេសលើការសាកថ្មរថយន្តអគ្គិសនីនៅក្នុងស្ថានីយ៍សាកថ្មរថយន្តរបស់ក្រុមហ៊ុន Charge+ ដែលជាផ្នែកមួយនៃការកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងធ្វើឱ្យមានការទាក់ទាញខ្លាំងលើភាពជាម្វាស់កម្មសិទ្ធិក្នុងការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ ។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺបានគូសបញ្ជាក់ពីជាជំហានមួយដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ដោយស្របតាមគោលនយោបាយជាតិក្នុងការលើកកម្ពស់ការដឹកជញ្ជូនស្អាត និងកាត់បន្ថយការបំភាយកាបូន ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងគ្នានេះផងដែរ ក្រុមហ៊ុន Charge+ នឹងរួមបញ្ចូលប្រព័ន្ធ ecosystem របស់ ដៃគូបើកបរ Grab ទៅក្នុងបណ្តាញសាកថ្មរបស់ខ្លួន ដោយធានានូវការទទួលបានដំណោះស្រាយនៃការសាកថ្មដែលអាចទទួលយកបាន និងមានប្រសិទ្ធភាព ។
ដឹកនាំមធ្យោបាយធ្វើដំណើរប្រកបដោយនិរន្តរភាពសម្រាប់អ្នកបើកបរសេវាកម្មដឹកអ្នកដំណើរតាមApp
លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រង Grab Cambodia មានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយ Charge+ ដើម្បីផ្តល់អត្ថប្រយោជន៍នេះសម្រាប់ដៃគូអ្នកបើកបររបស់យើងក្នុងការផ្លាស់ប្តូររបស់ពួកគេមកកាន់ការប្រើប្រាស់រថយន្តអគ្គិសនី»។ លោកបានបន្ថែមថា «តាមរយៈការផ្តល់ជូនការបញ្ចុះតម្លៃលើការសាកថ្មរថយន្តអគ្គិសនីនេះ យើងអាចកាត់បន្ថយបន្ទុកចំណាយរបស់ដៃគូបើកបររថយន្តអគ្គិសនីរបស់យើង ក៏ដូចជារួមចំណែកសម្រេចបាននូវគោលដៅប្រកបដោយនិរន្តភាពយ៉ាងទូលំទូលាយរបស់ប្រទេសកម្ពុជាផងដែរ» ។ ភាពជាដៃគូនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីការខិតខំប្រឹងរបស់យើងក្នុងការកសាងអនាគតបៃតងសំរាប់ប្រទេសកម្ពុជា ។
ក្រុមហ៊ុន Charge+ បានធ្វើប្រតិបត្តិការ និងពង្រីកបណ្តាញស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីរបស់ខ្លួនយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា សិង្ហបុរី និងតំបន់អាស៊ីអាគ្នេយ៍ ។ ជាមួយដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតបានអនុញ្ញាតឱ្យមានមុខងារទូទាត់ប្រាក់នៅក្នុងកម្មវិធីផ្ទាល់ ដោយលុបបំបាត់តម្រូវក្នុងការក្នុងការស្កេន QR ទូទាត់ប្រាក់ក្រៅប្រព័ន្ធឬ ទូទាត់ជាសាច់ប្រាក់ផ្ទាល់ក្នុងទីតាំងស្ថានីយ៍សាកថ្ម ។ ការតភ្ជាប់ប្រព័ន្ធជាមួយក្រុមហ៊ុន Grab នឹងចូលរួមបង្កើនបទពិសោធន៍ និងធ្វើអោយមានភាពប្រសើរឡើងសម្រាប់អ្នកបើកបររថយន្តអគ្គិសនីដែលជាដៃគូ និងសម្រេចបានការផ្លាស់ប្តូរទៅការប្រើប្រាស់រថយន្តអគ្គិសនីដ៏ងាយស្រួល និងមានប្រសិទ្ធភាព ។
គាំទ្រលើទិសដៅក្មុងការសំរេចបានការដឹកជញ្ជូនបៃតងរបស់ប្រទេសកម្ពុជា
លោក Peter Ng Meng Cheng ប្រធានក្រុមហ៊ុន Charge+ Cambodia មានប្រសាសន៍ថា «ភាពជាដៃគូជាមួយ ក្រុមហ៊ុន Grab គឺជាជំហានដ៏សំខាន់មួយសំរាប់អ្នកបើកបរដែលជាដៃគូ ក្នុងការឆ្ពោះទៅរកការចាប់យករថយន្តអគ្គិសនីជាជម្រើសក្នុងការបម្រើដល់ការផ្តល់សេវាកម្មធ្វើដំណើរ» ។ លោកបានបន្តទៀតថា «តាមរយៈការផ្តល់នូវការបញ្ចុះតម្លៃលើការសាកថ្មរថយន្តអគ្គិសនីនេះ គឺយើងមានគោលបំណងសំខាន់ក្នុងការពន្លឿនការរីកលូតលាស់នៃប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនី និងដើម្បីធានាថាអ្នកបើកបររថយន្តអគ្គិសនីអាចទទួលបាននូវប្រើប្រាស់សេវាកម្មសាកថ្ម ដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាព។ គំនិតផ្តួចផ្តើមនេះស្របទៅនឹងគោលនយោបាយ និងការជំរុញរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចបានកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីចំនួន ៧៧០,០០០ គ្រឿងនៅក្នុងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០៣០» ។
បន្ថែមពីលើការបញ្ចុះតម្លៃសំរាប់ការសាកថ្មនេះផងដែរ កិច្ចសហការរវាងក្រុមហ៊ុន Grab និងក្រុមហ៊ុន Charge+ ក៏ជាការផ្តួចផ្តើមគំនិតបន្ថែមទៀតដើម្បីគាំទ្រដល់ការងាកមកប្រើប្រាស់រថយន្តអគ្គិសនីដែលក្នុងនោះ រួមបញ្វូលទាំងជម្រើសហិរញ្ញប្បទានដ៏មានសក្តានុពល និងយុទ្ធនាការបង្កើនការយល់ដឹងបន្ថែមដល់អ្នកបើកបរដែលជាដៃគូអោយបានយល់ដឹងបន្ថែមទៀតអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនី ។
ការពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាកថ្មក្នុងប្រទេសកម្ពុជា
ស្របជាមួយការកើនឡើងនៃកំណើនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាតម្រូវការនូវ បណ្តាញស្ថានីយ៍សាកថ្មច្រើនកន្លែង និងងាយស្រួលរក កាន់តែខ្ពស់ ។ ភាពជាដៃគូ រវាងក្រុមហ៊ុន Grab និងក្រុមហ៊ុន Charge+ មានគោលបំណងក្នុងការចូលខ្លួនមកដោះស្រាយបញ្ហាប្រឈមនេះតាមរយះការពង្រីកទីតាំងស្ថានីយ៍សាកថ្មនៅតាមទីតាំងសំខាន់ៗក្នុងទីក្រុង រួមទាំងការដាក់និងកំណត់ស្ថានីយសម្រាប់ដៃគូបើកបរGrab ដើម្បីធានាបាននូវការទទួលបានទីតាំងសាកទំនេរនិងមានភាពងាយស្រួលបន្ថែមទៀត ។
កិច្ចសហការនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរចំពោះនិរន្តរភាព ការច្នៃប្រឌិត និងការពង្រឹងសេដ្ឋកិច្ច ។ តាមរយៈការជ្រោមជ្រែងបន្ថែមទៅលើការផ្លាស់ប្តូរការប្រើប្រាស់ទៅកាន់រថយន្តអគ្គីសនីនេះ ក្រុមហ៊ុន Grab និងក្រុមហ៊ុន Charge+ បាននិងកំពុងជំរុញប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតនៃការដឹកជញ្ជូនស្អាត និងប្រកបដោយប្រសិទ្ធភាព ។
អំពីក្រុមហ៊ុន Grab
Grab គឺជាកម្មវិធីស្មាតហ្វូនទំនើបឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលដំណើរការក្នុងវិស័យការដឹកជញ្ជូន ការធ្វើដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល ។ ដោយបម្រើការជាង 700 ទីក្រុង នៅប្រាំបីប្រទេសក្នុងអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ។ Grab អនុញ្ញាតឱ្យមនុស្សរាប់លាននាក់ អាចបញ្ជាទិញអាហារ ឬគ្រឿងទេស ផ្ញើកញ្ចប់ឥវ៉ាន់ កក់រថយន្ត ឬតាក់ស៊ី ទូទាត់ការទិញទំនិញ តាមអ៊ីនធឺណិត ឬចូលប្រើសេវាកម្មដូចជាការខ្ចីប្រាក់ និងធានារ៉ាប់រង ជារៀងរាល់ថ្ងៃតាមរយៈកម្មវិធីតែមួយ ។ Grab ត្រូវបានបង្កើត ឡើងក្នុងឆ្នាំ 2012 ដោយមានបេសកកម្ម ដើម្បីជំរុញអាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខដោយ បង្កើនលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា ហើយប្រឹងប្រែងបម្រើគោលការណ៍ទាំងបី: ផ្តល់នូវស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងបង្កើតឥទ្ធិ ពលវិជ្ជមានក្នុងសង្គម និងបរិស្ថាននៅអាស៊ីអាគ្នេយ៍ ។
សម្រាប់ព័ត៌មានបន្ថែមអំពី Grab Cambodia សូមចូលទៅកាន់គេហទំព័រ www.grab.com/kh or www.facebook.com/GrabKH ។
អំពីក្រុមហ៊ុន Charge+
ក្រុមហ៊ុន Charge+ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ដំណោះស្រាយលើការសាកថ្មរថយន្តអគ្គិសនីឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបាននិងកំពុងធ្វើប្រតិបត្តិការ និងពង្រីកបណ្តាញស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីរបស់ខ្លួនយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា សិង្ហបុរី និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ផងដែរ ។ ជាមួយនឹងការផ្តោតយ៉ាងខ្លាំងលើការច្នៃប្រឌិត និងនិរន្តរភាព។ ក្រុមហ៊ុន Charge+ ត្រូវបានប្តេជ្ញាក្នុងការពន្លឿនការចាប់យក និងប្រើប្រាស់រថយន្តអគ្គិសនី តាមរយៈការផ្តល់ជូបនូវហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាកថ្មដ៏រលូន និងជាមួយភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.chargeplus.com/kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ